ភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការរក្សាសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ក្នុងបរិបទកូវីដ-១៩» ដល់លោកគ្រូ-អ្នកគ្រូ មកបណ្ដារាជធានី-ខេត្ត ដើម្បីទប់ស្កាត់ហានីភ័យនានា លើបណ្ដាញអ៊ីនធឺណិត ស្របពេលអ៊ីនធឺណិតកំពុងក្លាយជាតម្រូវការចាំបាច់សម្រាប់ ការបំពេញ ការងារ និងការសិក្សា ក្នុងអំឡុងពេលរាំងខ្ទប់ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៩ ឧសភា ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ចំនួន៣វគ្គ ដោយបានធ្វើបទបង្ហាញលើប្រធានបទនានា ដូចជា៖ អ្វីទៅជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ,ការកំណត់ព័ត៌មានក្លែងក្លាយ ការរក្សាសុវត្ថិភាព និងឯកជនភាពលើ បណ្ដាញសង្គម ,ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយទំនួលខុសត្រូវ និងវិធីធ្វើការងារពីផ្ទះប្រកបដោយសុវត្ថិភាព តាមប្រព័ន្ធអនឡាញ ក្នុងនោះ ក៏មានការជជែកពិភាក្សាលើបញ្ហាប្រឈមនានា ដែលកើតមានជាក់ស្ដែងចំពោះសិក្ខាកាម ។

ក្នុងឱកាស នៃការបិទវគ្គបណ្ដុះបណ្ដាល លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានថ្លែងអំណរគុណ ដល់សិក្ខាកាមទាំងអស់ ដែលបានចំណាយពេលចូលរួមវគ្គបណ្ដុះបណ្ដាល ទាំង៣វគ្គ និងព្យាយាមអភិវឌ្ឍខ្លួនស្របតាម បរិបទនៃការអប់រំតាមបែបឌីជីល ព្រមទាំង ស្នើដល់សិក្ខាកាមដែលភាគច្រើនជាគ្រូបង្រៀន បន្តចែករំលែកបទពិសោធន៍ ដែលទទួលបានដល់សិស្សានុសិស្ស ដើម្បីជាប្រយោជន៍កាន់តែប្រសើរ៕
