ព័ត៌មានជាតិ

ក្រសួងសាធារណការ ស្នើសមត្ថកិច្ចចាត់វិធានការ តាមច្បាប់ ចំពោះជនខិលខូចផលិត ផ្លាកលេខ និងប័ណ្ណបើកបរ ក្លែងក្លាយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូច ផលិតប ណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្ត ប័ណ្ណបើកបរយានយន្តក្លែងក្លាយ និងការផ្សព្វផ្សាយលក់ផ្លាកលេខយានយន្ត តាមបណ្ដាញសង្គមនានា។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ក្រសួងសាធារណការ ធ្វើការបដិសេធទាំងស្រុង ចំពោះការចុះផ្សាយនៅលើគេហទំព័រទាំងឡាយ មានខ្លឹមសារថា «អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួល រៀបចំធ្វើបណ្ណបើកបរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួងផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ និងបានអះអាងថា ជាអនុសាខារបស់ក្រសួងសាធារណការ អាចផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។

ក្រសួង បន្ដថា ព័ត៌មានដែលបានចុះផ្សាយក្នុងគេហទំព័រទាំងឡាយខាងលើនេះ ជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្ត ច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ ក៏ដូចជា រាជរដ្ឋាភិបាល ផងដែរ។

ក្រសួង បញ្ជាក់ថា «សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចខាងលើ ដែលបាន ផលិតបណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្ត និងប័ណ្ណបើកបរយានយន្តក្លែងក្លាយ និងការផ្សព្វផ្សាយលក់ផ្លាកលេខ យានយន្តតាមបណ្ដាញសង្គមក្នុងគេហទំព័រនានា ជាពិសេស ចាត់វិធានការចំពោះអំពើបោកប្រាស់ និងការក្លែងឯកសារ សាធារណៈទាំងនេះ ដែលបង្កជាការភ័ន្តច្រឡំដល់ សាធារណជន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន»។

ជាមួយគ្នានេះ ក្រសួងសាធារណការ ក៏បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់ សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើ បោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមក ប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានាដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

ក្រសួង បន្ថែមថា ដើម្បីការពារការភ័ន្តច្រឡំដល់មហាជន ជាពិសេសដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌ មានមិនពិតរបស់ ជនទុច្ចរិត និងក្រុមបុគ្គលខូចដែលបង្កឱ្យមានភាពអសន្តិសុខ និងចលាចលដល់សង្គម ក្រសួងស្នើសុំក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាបនិងចាប់ជនខិលខូចដែលបានប្រព្រឹត្តខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។

បច្ចុប្បន្ននេះ ក្រសួង ក៏កំពុងជំរុញ និងធ្វើឱ្យប្រសើរឡើងលើការធ្វើកំណែទម្រង់សេវាសាធារណៈឱ្យកាន់តែ មានប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top