ព័ត៌មានជាតិ

លោក សុខ ឥសាន៖ សម រង្ស៊ី ពេលពលរដ្ឋខ្វះខាត ក្នុងវិបត្តិកូវីដគ្មានអើពើ តែពេលរដ្ឋាភិបាល ដោះស្រាយរួច ទើបឆោរឡោររកស្បៀងជួយ (Video)

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានថ្លែងការរិះគន់ចំៗទៅលើលោក សម រង្ស៊ីដែលលោកបានដាក់រហស្សនាមឲ្យថា ជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះថា នៅពេលប្រជាពលរដ្ឋខ្មែរកំពុងពិបាក ដោយការខ្វះខាតក្នុងពេលកំពុងផ្ទុះ ជំងឺកូវីដខ្លាំងកាលពីមួយខែ មុនអត់មានចេញមកអើពើជួយទេ ប៉ុន្តែដល់ពេលប្រមុខរាជរដ្ឋាភិបាល បានខិតខំរិះរកវិធីដោះស្រាយ បានដោយផ្គត់ផ្គង់ចំណីអាហារទាន់ពេលវេលា ទើបឯងស្វះស្វែងមកជួយរកស្បៀងឲ្យ ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោក សុខ ឥសាន បានថ្លែងថា “នៅពេលដែលប្រជាជនខ្វះខាត់ជីវភាព ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ អត់អើពើទេមានតែរារាំង តែនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយរួចហើយ ទើបធ្វើឯងឆោរឡោររកស្បៀង” ។

ជាមួយគ្នានេះ លោកថាឲ្យលោក សម រង្ស៊ីបន្តថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ បានតាំងខ្លួនជាចៅហ្វាយ របស់ប្រទេសមួយចំនួនដោយចេញ មកបង្គាប់បញ្ជាឲ្យធ្វើតាមខ្លួន។

ពាក់ព័ន្ធនឹងការបិទភ្នំពេញ និងតាខ្មៅនាពេលកន្លងមកដែលលោក សម រង្ស៊ីវាយប្រហារនោះ ត្រូវបានលោក សុខ ឥសាន ថ្លែងទៀតថា គឺទណ្ឌិតមេឧទ្ទាមក្រៅច្បាប់រិះគន់តែកម្ពុជា តែមិនហ៊ានមាត់លើរដ្ឋាភិបាល បារាំងដែលបិទបើកៗ ប្រទេសបារាំង២ដងជា៣ដង ពោលគឺអត់លឺមាត់ទាល់តែសោះ ។

លោកថា ការបង្រួមតំបន់បិទខ្ចប់នៅរាជធានីភ្នំពេញ ធ្វើឡើងស្របទៅតាមសភាពការណ៍ជាក់ស្តែង ដែលកូវីដ១៩ថយចុះ ។ ការមានប្រសាសន៍របស់លោក សុខ ឥសាន នេះបន្ទាប់ពីវិទ្យុអាស៊ីសេរីផ្សាយថា “លោក សម រង្ស៊ី ផ្ញើលិខិតមួយច្បាប់ជូន សមាជិកសភាសហរដ្ឋអាមេរិកដោយ ស្នើសុំឲ្យជួយអន្តរាគមន៍ដល់ ប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ក្នុងវិបត្តិជំងឺកូវីដ១៩។ លោក សម រង្ស៊ី លើកឡើងថា ក្នុងនាមជាជនជាតិខ្មែរ ដែលត្រូវបានប្រជាពលរដ្ឋ បោះឆ្នោតឲ្យធ្វើជាតំណាងរបស់ពួកគាត់ រយៈពេល ២៥ឆ្នាំមកនេះ លោកអំពាវនាវដល់សមាជិកសភា សហរដ្ឋអាមេរិកឲ្យជួយគិតគូរដល់កង្វល់ ទាំងឡាយជុំវិញស្ថានភាពអាសន្ន ដែលពលរដ្ឋ ២លាន៣ សែននាក់ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល កំពុងទទួលរងគ្រោះ”។

សូមបញ្ជាក់ថា ដោយសារការផ្ទុះខ្លាំងនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣នោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ការបិទខ្ទប់ពីការឆ្លងខេត្តមួយ ទៅខេត្តមួយទាំងស្រុងជាពិសេសភ្នំពេញ និងតាខ្មៅកាលពីថ្ងៃទី១៥ មេសា ហើយស្ថានភាពធូរស្រាលវិញ ក៏បានបើកឲ្យដំណើរការឡើងវិញ លើកលែងតែតំបន់មួយចំនួន ផ្ទុះខ្លាំងក៏នៅតែបន្តរឹតត្បិត ៕

To Top