ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ទទូចសុំអ្នកជំងឺកូវីដ ដែលជាសះស្បើយ បន្តធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃជាកំហិត

ភ្នំពេញ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ ជាក់ស្ដែងនៅថ្ងៃនេះអ្នកជំងឺចំនួន២០នាក់ បានជាសះស្បើយ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសំណូមពរ ដោយទទូចសូមឱ្យបងប្អូន ដែលជាសះស្បើយ នៅថ្ងៃនេះបន្តធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួន ឯងរយៈពេល ១៤ ថ្ងៃជាកំហិត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា «ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺ របស់យើង!!!
ថ្ងៃនេះ( ២២-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន20នាក់ក្នុងចំណោមអ្នកឈឺ 348នាក់»។
លោកបន្តថា «ខ្ញុំសូមសំណូមពរដោយទទូចសូមឱ្យបងប្អូនយើងដែលជាសះស្បើយនៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល 14 ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យសូម ប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរ ឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុត»។

តាមរយៈស្ថិតិថ្មី រដ្ឋបាលខេត្ត បានជ្រើសរើស យកទីតាំងវិទ្យាល័យបណ្ឌិត ឡុង សៀម ស្ថិតនៅក្នុងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ធ្វើជាមណ្ឌលព្យាបាល សម្រាប់អ្នកកើតជម្ងឺ covid-19ថ្មី ដែលអាចកើតឡើង ជាយថាហេតុ៕

To Top