ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំពី ប្រព័ន្ធពង្រឹងសមត្ថភាព សិស្សថ្នាក់ទី១២ សម្រាប់ត្រៀមប្រឡង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំអំពីប្រព័ន្ធពង្រឹងសមត្ថភាពសិស្ស ថ្នាក់ទី១២ សម្រាប់ត្រៀមប្រឡង នាពេលខាងមុខ មានមុខវិជ្ជាដូចជា ៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា តើប្អូនៗចង់ធ្វើតេស្តសាកល្បងសមត្ថភាពរបស់ខ្លួនត្រៀមប្រឡងដែរឬទេ?

ក្រសួង បញ្ជាក់ថា «ប្រព័ន្ធពង្រឹងសមត្ថភាពសិស្ស ថ្នាក់ទី១២ បង្កើតឡើងដើម្បីសិស្សអាចពង្រឹង និងតេស្ដសមត្ថភាព ដោយខ្លួនឯង នៅលើប្រព័ន្ធអ៊ីនធឺណិត ដោយអាចប្រើប្រាស់បានទាំងទូរសព្ទ ស្មាតហ្វូន  កុំព្យូទ័រ និង កុំព្យូទ័របន្ទះ ទៅ លើមុខវិជ្ជា មួយចំនួន ដូចជា ៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា»។

ក្រសួង បន្ដថាដើម្បីប្រើប្រាស់ ប្រព័ន្ធពង្រឹងសមត្ថភាពសិស្ស ថ្នាក់ទី១២ បាន ត្រូវចូលទៅកាន់ ៖ https://exam.moeys.gov.kh ឬចង់ដឹងព័ត៌មានបន្ថែម ទំនាក់ទំនង តាមតេលេក្រាមលេខ ០៦៦ ៩០១ ៨០០៕

To Top