ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជើងគោក ទទួលជួបទូត​ អាមេរិក និងអនុព័ន្ធយោធា តែងតាំងថ្មី (Video)

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំប្រទេសកម្ពុជា ព្រមជាមួយនឹងវត្តមាន របស់លោកវរសេនីយ៍ឯក Thang Ly ដែលត្រូវណែនាំខ្លួន ក្នុងឱកាសដែលលោក ត្រូវចូលកាន់តំណែង​ ជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី។

នៅក្នុងជំនួបនេះ លោក ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យបានល្អ និងអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរ​ នៅក្នុងវិស័យសុខាភិបាល​ ដែលបានអនុវត្តកន្លងមក ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

លោកក៏បានសម្តែងនូវការកោតសរសើរ​ ចំពោះគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការអនុវត្តយុទ្ធនាការជាតិ​ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការ​ យ៉ាងលឿនរហ័ស និងទទួលបានជោគជ័យ​ គួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះ​ សម្រេចលទ្ធផលជាង ៩០% លើចំនួនប្រជាជនគោលដៅ។

ជាការឆ្លើយតប លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីជំហររបស់កងទ័ពជើងគោកកម្ពុជា​ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ​ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរង់ចាំស្វាគមន៍ជានិច្ច​ ក្នុងការសហការ​ ជាមួយលោកអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ដើម្បីពិភាក្សាកិច្ចការនានា​ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងនោះរួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំង​ ការពារជំងឺកូវីដ-១៩ Johnson & Johnson ជាង ១ លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (Covax) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កាលពីខែកក្កដា និងសីហាកន្លងទៅ ដែលនេះគឺជាផ្នែកមួយ​ នៃការគាំទ្រ​ ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក​ ចំពោះប្រជាជនកម្ពុជា​ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

To Top