ព័ត៌មានជាតិ

លោកស្រី ចាណែត ឃីង អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អង្គការអាដហុកទទួលមរណភាព

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ចាណែត ឃីង (Janet King) ដែលជាសមាជិកក្រុមប្រឹក្សា ភិបាល នៃសមាគមអាដហុក បានទទួលមរណភាពវេលាម៉ោង ៣ទៀបភ្លឺ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការចេញផ្សាយរបស់សមាគមអាដហុក នាថ្ងៃ១០ កញ្ញា ។

អាដហុកបន្តថា លោកស្រីបណ្ឌិត ចាណែត ឃីង គឺជាបណ្ឌិតច្បាប់ គ្រូបង្រៀន អ្នកអប់រំ អ្នកប្រឹក្សា និងអ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដ៏ល្អ និងពូកែ ខាងផ្នែកអង់គ្លេសនៅកម្ពុជា ។

ប្រភពឲ្យដឹងទៀតថា លោកស្រីបណ្ឌិត បានមកបម្រើការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ន។ លោកស្រីបណ្ឌិតបានបំពេញការងារទាំងនេះ ដោយមិនចេះ នឿយហត់ ដើម្បីបង្រៀន និងអប់រំដល់យុវជន និស្សិត មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងអ្នកដឹកនាំសហគមន៍ ជាពិសេសនៅមួយរយៈពេលចុងក្រោយនេះ លោកស្រីបណ្ឌិត បានលះបង់ពេលវេលាទាំងអស់របស់លោកស្រីបណ្ឌិត ដើម្បីជួយបង្រៀនភាសាអង់គ្លេសដល់សហគមន៍ និងព្រះសង្ឈដោយស្ម័គ្រចិត្ត៕

To Top