ព័ត៌មានជាតិ

ចិន នឹងផ្តល់ជំនួយវ៉ាក់សាំង ៣លានដូសទៀត ដល់កម្ពុជា សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ ជំនួយវ៉ាក់សាំង ប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។

ក្រោយអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា ជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប៥លានដូស ហើយបូកថែម នឹងជំនួយរបស់មិត្តចិនថ្មីនេះ ចំនួន៣លានដូសទៀត និងការចាក់កន្លងមកជិត១លានដូស យើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ៣លានដូសទៀត ប៉ុណ្ណោះ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សរុបចំនួន ១១,៤២៩,៨៣៥ នាក់ហើយ ខណៈការចាក់ដូសទី៣ មានចំនួនជាង៧សែននាក់ ៕

To Top