ព័ត៌មានជាតិ

សម្ដេចតេជោ ព្រមានដកតំណែងមេទ័ព មេប៉ូលិស ឬអ្នកធំដែលបន្ដប្រើប្រាស់ រថយន្ដអត់ពន្ធ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមាន ដកមុខតំណែង និងបណ្ដេញចេញពីគណបក្ស ចំពោះ មេទ័ព មេប៉ូលិសឬអ្នកធំក្នុងជួររាជរដ្ឋាភិបាល បើសិនបន្ដប្រើប្រាស់រថយន្ដអត់ពន្ធ។ ការអនុវត្តនេះ ចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខតទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។

សម្ដេចតេជោ បានបន្ដថា ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្តវិធានការលើការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជន ដែលជ្រោកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាកលេខ ខ.ម និង ន.ប ដើម្បីឲ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្ដីពីគយ។

សម្ដេចតេជោ បានបន្ដថា ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យុសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធនិងអាករឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី១០០% មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុងឆ្នាំ២០២១ ត្រូវបង់ពន្ធនិងអាករ១០០%ដដែល។ ប្រសិនជាម្ចាស់យានយន្តមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនោះទេ គឺក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធនិងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត។

សម្ដេចតេជោ បានណែនាំដល់ម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករ ហើយទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅកែចង្កូត ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ មិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំធ្វើដំណើរលើផ្លូវសាធារណៈទៀតនោះឡើយ លើកលែងតែ រថយន្តចង្កូតស្ដាំ មួយចំនួន ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាលជាលក្ខណៈពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បីបង្កើនសកម្មភាពទប់ស្កាត់និងបង្ក្រាបរថយន្តគ្មានពន្ធ។ ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត»។

សម្ដេចតេជោ បានលើកឡើងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ និងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top