ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ពីបទ គាស់ផ្ទះ និងលួចទ្រព្យសម្បត្តិ ជាង៦.០០០ ដុល្លារអាមេរិក នៅស្រុកគីរីវង់!!

ភ្នំពេញ: យុវជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ទម្លុះទម្លាយ ផ្ទះរបស់បុរសវ័យចំណាស់ម្នាក់ និង បានលួចយកទ្រព្យ សម្បត្តិ សរុបអស់ ជាង ៦.០០០ ដុល្លារអាមេរិក រួចគេចខ្លួន ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

មន្ត្រីនគរបាលស្រុកគីរីវង់បានឲ្យដឹងថា សង្ស័យដែលត្រូវបានឃាត់ខ្លួន មាន ឈ្មោះ សុខ សាន ហៅ ហេង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ។ ចំណែកឯ ជនសង្ស័យចំនួន២នាក់ទៀត បានរត់គេចខ្លួន។ រីឯ ជនរងគ្រោះ មាន ឈ្មោះ វង់ រាំង ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

មន្ត្រីនគរបាល បាននិយាយថា យោងតាមចម្លើយរបស់ជនរងគ្រោះ, ទ្រព្យសម្បត្តិ ដែលជនរងគ្រោះ បានបាត់បង់មានលុយដុល្លារចំនួន ៣.៨០០ដុល្លារ, លុយខ្មែរចំនួន ៨លានរៀលនិង មាសចំនួន ៣ដម្លឹង ។

ក្រោយឃាត់ខ្លួនជនសង្ស័យ, សមត្ថកិច្ចនគរបាល ដកហូតបានមាន: – ម៉ូតូម៉ាកអ៊ិចស៊ិទ័រ ពណ៌ខ្មៅ១គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក ViVo ពណ៌ខ្មៅចំនួន១គ្រឿង និងម៉ាកViVo ពណ៌ខៀវចំនួន១គ្រឿង , លោហធាតុពណ៌លឿងសរុបចំនួន ៣តម្លឹង ៤ជី៧ហ៊ុ ន ១,៥លី, លុយដុល្លារចំនួន ៩៧០ ដុល្លារអាមេរិក និង ប្រាក់រៀលចំនួន១.៤៧១.២០០ រៀល (ជិតមួយលាន ប្រាំសែនរៀល)។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន និង សួរចម្លើយ, ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះ លួចយកលុយពិតប្រាកដមែន ដោយមានបក្ខពួក ២នាក់ទៀត មានឈ្មោះ កច់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។ និង ម្នាក់ទៀត ឈ្មោះ ហ៊ីង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិហាន្ទា ឃុំកំពែង ស្រុកគិរីវង់។ ទាំង២នាក់នេះបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ននេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅ តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯ ជនសង្ស័យ២នាក់ ដែលកំពុងរត់គេខ្លួននោះ, សមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវបន្ត៕

ដោយ រស្មី អាកាស

To Top