ព័ត៌មានជាតិ

សត្វចកវ៉ក ជាប្រភេទសត្វស្លាប មានតែនៅតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាប ដែលមានវត្តមាន តែនៅតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា ប៉ុណ្ណោះ (Endemic)។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វស្លាបប្រភេទនេះ ត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវា នៅកម្ពុជាឡើងវិញ​ នៅក្នុងឆ្នាំ២០០០ (Steinheimer et al., 2000)។

ក្រសួង បានបន្ដថា ទោះជាយ៉ាងនេះក្តី នៅប្រទេសកម្ពុជា សំណាកស្បែកស្ងួត សម្រាប់គោលបំណងវិទ្យាសាស្ត្រដំបូង ត្រូវបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅឆ្នាំ២០១០ (Chhin, 2010) និងកំពុងទុកនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រសួង បានបន្ថែមថា ជាទូទៅ សត្វស្លាបប្រភេទនេះ មានវត្តមាននៅតំបន់ភ្នំ រយៈកម្ពស់ខ្ពស់ (ចាប់ពី៧០០ម៉ែត្រឡើងទៅ) នៃតំបន់ជួរភ្នំក្រវាញ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×