ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទណ្ឌកម្ម ជនជាប់ចោទម្នាក់ ដាក់គុក២០ឆ្នាំ ជាប់ពាក់ព័ន្ធការនឹងបាញ់សម្លាប់ លោកគ្រូបង្រៀនម្នាក់ ដើម្បីដោះស្រាយជម្លោះ បងប្អូនសាច់ថ្លៃ!!!

ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២១ ប្រកាសសាលដីកា តម្កល់ទោស បរុសជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ឃាតកម្ម គិតទុកមុន និង ប្រើប្រាស់អាវុធ ដោយខុសច្បាប់ ដោយធ្វើការបាញ់សម្លាប់បុរសម្នាក់ ដែលត្រូវជាបងប្រុសថ្លៃ បណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែង ប្រព្រឹត្តនៅក្នុង សង្កាត់ទឹកល្អក់៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ មាស ណារ៉ា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ជួប រតនា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ ជាគ្រូបង្រៀននៅវិទ្យាល័យពងទឹក។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ និង បង្គាប់ អោយសងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ១០០ លានរៀល ។

តែគាត់ប្តឹងបានជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីសុំការបន្ធូរបន្ថយទោស។

ជនជាប់ចោទ មាស ណារ៉ា ត្រូវបានជាប់ចោទពីបទ« ឃាតកម្ម គិតទុកមុន និង ប្រើប្រាស់អាវុធ ដោយខុសច្បាប់ » តាមបញ្ញត្តិមាត្រា ២០០ និង ៤៩០ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ សង្កាត់ ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីគាត់បានដកកំាភ្លើងខ្លី បាញ់ចំនួន៤ គ្រាប់ លើ ជនរងគ្រោះ ឈ្មោះ ជួប រតនា ដែលត្រូវជា បងថ្លៃប្រុស និង បាញ់ចំថ្ពាល់ ចំនួន ៣ គ្រាប់ បណ្តាលអោយរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន កាំភ្លើងខ្លី ចំនួន១ ដើម និង គ្រាប់មួយចំនួន ពីគាត់៕

ដោយ: រស្មី អាកាស

To Top