ព័ត៌មានជាតិ

អគ្គលេខាធិការង សសកច រំលេចពីភាពជោគជ័យរបស់សម្ដេចតេជោ ប្រាប់មិត្តចិនពីវិធានការទប់ស្កាត់ជំងឺកូវីដ

ភ្នំពេញ ៖ លោក សយ សុភា អគ្គលេខាធិការង នៃសមាគមសារព័ត៌មាន កម្ពុជា-ចិន ហៅកាត់ថា សសកច បានរំលេចពីភាពជោគជ័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រាប់មិត្តចិនអំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈបច្ចុប្បន្នអ្នកឆ្លងមានត្រឹមតែជាង១០០ទៅ២០០ នាក់ប៉ុណ្ណោះ ។ គិតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៨.០០០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៣,៥២៧នាក់ និងអ្នកស្លាប់ចំនួន២.៧៥១នាក់ ។

ក្នុងពិធីបិទសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ-ឡានឆាង នាថ្ងៃទី២៥ តុលា តាមប្រព័ន្ធវិដេអូ លោក សយ សុភា លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការយ៉ាងច្បាសលាស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកបន្ដថា សម្ដេចតេជោ ក៏បានដាក់ចេញវិធានការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន ដូសទី១-២ ឬទី៣ ដែលបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោកដែលសម្រេចបានយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងនោះដែរ ប្រជាពលរដ្ឋគ្រប់រូបក៏មិនត្រូវភ្លេចបន្ដអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ជានិច្ចផងដែរ ។

លោកបន្ថែមថា បច្ចុប្បន្ន សម្ដេចតេជោ បានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ ។ ព្រមជាមួយគ្នានេះ សម្ដេចតេជោ ក៏មានគម្រោងរៀបចំផែនការ ក្នុងការបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យផងដែរ។

នាឱកាសនោះដែរ លោក សយ សុភា អគ្គលេខាធិការង សសកច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្ដល់ជំនួយ និងការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ ជាពិសេសការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា។

សូមរំលឹកថា សិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេស មេគង្គ-ឡានឆាង (កម្ពុជា) ត្រូវបានរៀបចំឡើងដោយ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច) សហការជាមួយមូលនិធិសន្តិភាពអភិវឌ្ឍន៍ប្រទេសចិន ក្នុងគោលបំណង រួមចំណែកលើកស្ទួយ ក៏ដូចជា ការពង្រឹងសមត្ថភាព បន្ថែមដល់អ្នកកាសែតកម្ពុជា ក្នុងក្របខណ្ឌប្រទេសមេគង្គ-ឡានឆាង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×