ព័ត៌មានជាតិ

គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បារម្ភពីគ្រោះថ្នាក់ ចរាចរណ៍កើនឡើង

ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្តែងក្តីបារម្ភ ចំពោះករណីគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដោយសារការមិនគោរពច្បាប់ របស់ប្រជាពលរដ្ឋ នៅពេលបើកបរ ដែលទាមទារឲ្យពលរដ្ឋម្នាក់ៗ ចូលរួមគោរពច្បាប់ ខណៈករណីស្លាប់ ដោយជំងឺកូវីដ១៩ នៅកម្ពុជាបានថយចុះជាបន្តបន្ទាប់ ។

ការបង្ហាញនូវ ក្ដីព្រួយបារម្ភនេះ ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក មុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ នៅខាងមុខសាលាស្រុកមុខកំពូល ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី មឹន មាណវី បានគូសបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនេះ មិនថា នៅរាជធានីភ្នំពេញនោះទេ សូម្បីតែនៅតាមបណ្តារាជធានី-ខេត្តនានា ក៏បានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ ចរចរណ៍ទាំងអស់គ្នា។

លោកស្រីមានប្រសាសន៍ថា “គ្រោះថ្នាក់ចរាចរណ៍ សម្លាប់ជីវិតមនុស្សច្រើនណាស់ អីចឹងបើយើងណែនាំ កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាការធ្វើបុណ្យមួយធំណាស់ ហើយសូមជួយផ្សព្វផ្សាយ ឲ្យពលរដ្ឋបានដឹង” ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបន្ដថា ការផ្សព្វផ្សាយអប់រំច្បាប់ ចរាចរណ៍ផ្លូវគោកនេះ ដោយសារ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្រាល ព្រោះពលរដ្ឋបានទទួល វ៉ាក់សាំង ការពារជំងឺកូវីដ១៩បានច្រើន ។

លោកស្រីបានអះអាងថា “ឥឡូវនេះ យើងប្រយុទ្ធឈ្នះជំងឺកូវីដ១៩ បានហើយ តែនៅករណីគ្រោះថ្នាក់ ចរាចរណ៍មួយទៀត ដើម្បីធ្វើយ៉ាងណាប្រយុទ្ធ ឲ្យឈ្នះករណីនេះ ដើម្បីការពារអាយុជីវិត បងប្អូនយើងនៅតាមដងផ្លូវ ។ ឥឡូវកូវីដ១៩ ស្លាប់នៅសល់ ប្រមាណ៥ ឬ៦នាក់ទេ ក្នុង១ថ្ងៃ ប៉ុន្ដែគ្រោះថ្នាក់ ចរាចរណ៍ មានចំនួនច្រើន ដែលជាការធ្វើឲ្យព្រួយបារម្ភ” ។

ចំណែក លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគបាលជាតិបានលើកឡើងថា គ្រោះថ្នាក់ កើតឡើងភាគច្រើន នៅពេលយប់ និងកើតឡើងចំពោះអ្នកជិះម៉ូតូ ដែលមាន៧៧ភាគរយ នៃចំនួនអ្នករងគ្រោះ ហើយក្នុងចំណោមអ្នកទាំងនោះ គឺអ្នកមិនពាក់មួក៧២ភាគរយ ៕

To Top