ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួល វ៉ាក់សាំង ២លានដូស ជាជំនួយរបស់មិត្តចិន នៅថ្ងៃទី១៧​ វិច្ឆិកា​

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់ប្រទេសចិន។

នាឱកាសប្រគល់-ទទួលវ៉ាក់សាំង ចំនួន២លានដូសនោះដែរ នឹងមានការអញ្ជើញចូលរួមពី លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងពិធីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ មកដល់ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា កម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ ដោយមិនខ្វះខាតឡើយ ដែលរហូតមកដល់ពេលនេះ កម្ពុជាទទួលវ៉ាក់សាំង ជាង៣៨លានដូស។

លោកស្រី បានបន្ដថា វ៉ាក់សាំង ដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ គឺមិនទុកឲ្យហួសសពុលភាពឡើយ ខណៈវ៉ាក់សាំងទាំងអស់ សុទ្ធតែនៅមានសពុលភាព ព្រមទាំង យកចាក់ជូនប្រជាពលរដ្ឋ ជាបន្ដបន្ទាប់។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី បានបញ្ជាក់ថា «ថ្ងៃទី១៧ នេះ ប្រមុខរាជរដ្ឋាភិបាល នឹងគោរពអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត មកព្រលានយន្ដហោះ ដើម្បីទទួលជាមួយ ឯកឧត្តម ឯកអគ្គរាជទូតចិន មកទទួលវ៉ាក់សាំង ចំនួន២លានដូសទៀត ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រទេសចិន។ ចឹងសរុប ២លានដូស ថ្ងៃទី១៧ ទៀត យើងមានវ៉ាក់សាំង ប្រហែលជា ៤០លានដូសជាងហើយ សម្រាប់ប្រទេសកម្ពុជា»។

លើសពីនេះទៀត លោកស្រី រដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា កម្ពុជានឹងបន្ដទទួលជំនួយវ៉ាក់សាំងពីខាង កូវ៉ាក់ និងពីបណ្ដាប្រទេសជាដៃគូនានា ជាបន្ដបន្ទាប់ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ចំពោះ វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសអូស្ដ្រាលីវិញ មកនឹងមកដល់កម្ពុជា ដើមឆ្នាំ២០២២ ខាងមុខ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤.០៥៥.៩៥៨នាក់៕

To Top
×