ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានថ្លែងថា មេដឹកនាំខ្មែរ ពិតជាជួយឱ្យវៀតណាមបង្រួបបង្រួម ប្រទេសជាតិពិតប្រាកដមែន ដូច្នេះវៀតណាមត្រូវរក្សាការដឹងគុណ និងគោរពខ្មែរ តទៅទៀត។
ការលើកឡើងរបស់ លោក សយ សុភាព ក្រោយពីជំនួបពិភាក្សាការងាររវាង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា។ ឱកាសនោះដែរ ទូតវៀតណាម ក៏បានលើកឡើងថា «បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទាន ក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជាពលរដ្ឋវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិ រហូតដល់ពេលបច្ចប្បន្ននេះ»។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សយ សុភាព នាថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ បានបញ្ជាក់ថា «ពិតជាត្រឹមត្រូវណាស់ មេដឹកនាំខ្មែរ ប្រជាជនខ្មែរ ពិតជាបានជួយឱ្យវៀតណាម បង្រួមគ្នាបានមែន ដូច្នេះ វៀតណាមត្រូវរក្សាការដឹងគុណ និងគោរពខ្មែរ តទៅទៀត ព្រោះប្រទេសទាំង២ ជាប់របងគ្នា ហើយគោរពគ្នាទៅវិញទៅមក»។
លោក បានបន្ដថា «យើងចាប់ផ្តើម ឮពាក្យដឹងគុណពី មេដឹកនាំគ្រប់ជាន់ថ្នាក់ ៣ឆ្នាំជាប់គ្នាហើយ ដែលខុសពីមុន វៀតណាម ឱ្យយើងដឹងគុណរហូត។ ការពិតនៅ តែជាការពិត វៀតណាមត្រូវគោរពដឹងគុណខ្មែរ និង មេដឹកនាំខ្មែរជាដ៏រាប។ នេះហើយទស្សនៈវិជ្ជាដ៏ភ្លឺស្វាង របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន»៕