ព័ត៌មានជាតិ

CMH ៖ ដំឡើងពន្ធថ្នាំជក់ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋ

ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ នឹងធ្វើឲ្យកម្ពុជាទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងក្រាស់ក្រែល សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ពិសេសក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធដល់៧៥% នៃតម្លៃបារីលក់រាយ (ការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៨)។ គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាហូតពន្ធថ្នាំជក់ត្រឹមតែ២៥% និង ៣១% ដែលជាអត្រាទាបបំផុតធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន។

CMH បានបន្ដថា ផ្ទុយទៅវិញ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធ ក្នុងទំហំទឹកប្រាក់ ២៧៩,៦ពាន់លានរៀលនៅក្នុងឆ្នាំ២០១៩ និង៥៣២,៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម៥០០រៀល ក្នុង១កញ្ចប់ និង១០០០រៀល ក្នុង១កញ្ចប់ ។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំ២០១៨។

CMH បានបន្ថែមថា មិនត្រឹមតែខាតចំណូលពន្ធរដ្ឋ ការជក់បារីក៏បានបង្កឲ្យមានជំងឺផ្សេងៗជាច្រើនរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់គាំទ្រការដំឡើងពន្ធថ្នាំជក់ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលពន្ធជាតិ។

CMH បានបញ្ជាក់ទៀតថា ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលចេញផ្សាយនៅឆ្នាំ២០២១នេះ បានបង្ហាញថា ប្រជាជនកម្ពុជារហូត ៩៤% គាំទ្រឲ្យមានការដំឡើងពន្ធថ្នាំជក់។ ពោលគឺគាំទ្រឲ្យដំឡើងដល់ ៦២% នៃតម្លៃលក់រាយដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិ៦៤៩លានដុល្លារដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជា។ នេះបើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា៕

To Top