នយោបាយ

សរុបព្រឹត្តិការណ៍ សំខាន់ៗប្រចាំឆ្នាំ២០២១

ដូចរៀងរាល់ឆ្នាំដែរមុននឹងបិទបញ្ចប់ឆ្នាំចាស់ឈានចូលឆ្នាំថ្មីឆ្នាំ២០២២មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល​សូមសង្ខេបជូនព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំឡើងវិញជូនមិត្តអ្នកអានដែលរួមមាន៖ រឿងរ៉ាវនយោបាយ ទំនាក់ទំនងការបរទេស សេដ្ឋកិច្ចសង្គម ការអូសបន្លាយនៃវិបត្តិកូវីដ១៩ និងដំណើរការចាក់វ៉ាក់សាំង ជាដើម។

ការបន្តអូសបន្លាយនៃវិបត្តិកូវីដ១៩ នៅទូទាំងពិភពលោករួមទាំងកម្ពុជាបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល បណ្ដោះអាសន្នរយៈពេលខ្លីនៅរវាងខែមេសានិងឧសភានៅក្នុងឆ្នាំ២០២១ ហើយបានកំណត់ជាតំបន់ក្រហម តំបន់លឿង តំបន់លឿងទុំ។ ពេលនោះរដ្ឋាភិបាលតម្រូវឲ្យប្រជាជននៅតែក្នុងផ្ទះដើម្បីទប់ស្កាត់ឆ្លងកូវីដ១៩ទ្រង់ទ្រាយធំ លើកលែងតែចំពោះតែបុគ្គលមួយចំនួនប៉ុណ្ណោះដែលអនុញ្ញាត្តឲ្យចេញក្រៅបានដូចជាៈបុគ្គលិកសុខាភិបាល បុគ្គលដឹកជញ្ជូនសេវាម្ហូបអាហារនិងអ្នកសារព័ត៌មានជាដើម។

បន្ទាប់មករដ្ឋាភិបាលកម្ពុជាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្រេចបិទខ្ទប់អ្នកដំណើរឆ្លងមកពីប្រទេសថៃតាមច្រកព្រំដែនផ្លូវគោកជាបណ្តោះអាសន្ន និងផ្អាកការធ្វើដំណើរឆ្លងកាត់ខេត្តចំនួន៨ បន្ទាប់ពីរកឃើញវីរុសបំប្លែងខ្លួនថ្មីប្រភេទ “ដែលតា” ឆ្លងក្នុងសហគមន៍។ ខេត្តទាំង៨នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង ប៉ៃលិន សៀមរាប ព្រះវិហារ និងពោធិ៍សាត់។

-អំពីដំណើរការចាក់វ៉ាក់សាំង៖នៅចំពោះមុខបញ្ហានេះរដ្ឋាភិបាលដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំស្វែងវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ ថ្ងៃ​ទី ១០ ខែ​កុម្ភៈ គឺជា​ថ្ងៃ​ចាប់ផ្តើម​ដំបូង​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ពលរដ្ឋ​សរុប​ប្រមាណ ១៦ លាន​នាក់។ អ្នកអាទិភាពរួម​មាន៖​កង​កម្លាំង​ប្រដាប់អាវុធ​ បុគ្គលិក​សុខាភិបាល អ្នក​សារព័ត៌មាន មន្រ្តី​រាជការ​ស៊ីវិល​ជួរ​មុខ មន្រ្តី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា អាជ្ញាធរ​មូលដ្ឋាន កម្មករ​កម្មការិនី បុគ្គលិក​ប្រមូល​សំរាម សិស្ស​និស្សិត​ទៅ​រៀន​នៅ​បរទេសក្រុម​កីឡាករកីឡាការិនីគ្រូបង្វឹកមន្ដ្រីកីឡាពាក់ព័ន្ធសមាជិករដ្ឋសភា ព្រឹទ្ធសភា អង្គរក្ស អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​ផ្នែក​អាកាសចរ​ស៊ីវិល មន្រ្តី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ បុគ្គលិក​រដ្ឋ​ជួរ​មុខ​ផ្សេងៗជា​ដើម។

បន្ទាប់ពីចាក់ជូនក្រុមគោលដៅអាទិភាពហើយនោះ រដ្ឋាភិបាលក៏ផ្ដើមចាក់ឲ្យពលរដ្ឋទូទៅរួមទាំងកុមារ និងក្មេងជំទង់​ ដែលមាន​អាយុ​ចាប់ពី ១២ ដល់ ​១៧ឆ្នាំ ​នៅថ្ងៃទី​០១ ខែសីហា ​ឆ្នាំ ២០២១ និងកុមារអាយុពី ៦ ទៅ ១២នៅថ្ងៃទី១៧កញ្ញាឆ្នាំ២០២១។

គិតជាសរុបកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន១០០,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៥,១២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,២៥%។ គិតត្រឹមថ្ងៃទី២៥ខែវិច្ឆិកា អ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាកើនដល់ជាង១២ម៉ឺននាក់ និងអ្នកស្លាប់ជិត៣ពាន់នាក់។

លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ប្រចាំ​កម្ពុជា​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខំប្រឹងប្រែង​ ដើម្បី​ទទួលបាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ទៅដល់​ប្រជាពលរដ្ឋ ធ្វើឱ្យ​កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី លី អៃឡែន បានឱ្យដឹងថា លោកស្រី​សង្កេតឃើញ​មាន​កត្តា​ ៣ ​សំខាន់ ដែល​បាន​កំណត់​ឱ្យ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​។ កត្តា​ទី​១ គឺ​ការដឹកនាំ​ដ៏ខ្លាំង​របស់​រាជរដ្ឋាភិបាល ដែល​ធានា​ឱ្យ​មាន​នូវ​វ៉ាក់សាំង​ក្នុង​ប្រទេស​គ្រប់គ្រាន់ សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​។ សម្រាប់​កត្តា​ទី​២ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​តែម្តង ដោយ​លោកស្រី លី អៃឡែន បាន​បញ្ជាក់ថា​ នៅ​ប្រទេស​មួយចំនួន​ប្រជាពលរដ្ឋ​មាន​ការរារែក​ក្នុង​ការចាក់​វ៉ាក់សាំង ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​មាន​ការជឿជាក់​ខ្ពស់​ក្នុង​កម្មវិធី​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩ ​ហើយ​ក៏បាន​ចូលរួម​យ៉ាង​សស្រោកសស្រាំ​ផងដែរ​។ ចំណែក​កត្តា​ទី​៣ គឺ​ការសហប្រតិបត្តិការ សម្របសម្រួល​បានល្អ មិនថា​តែ​ក្នុង​វិស័យ​រដ្ឋ​ទេ តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​ការសហការ​ល្អ​ជាមួយ​នឹង​ដៃគូ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដែរ​។ ដូចនេះ​កត្តា​ទាំង​ ៣ ​នេះ​គឺ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​»​។

-អំពីវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញនិងទទួលបាន៖

*វ៉ាក់សាំងចិន៖គឺជាប្រទេសដំបូងគេដែលបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ១៩សរុបចំនួន ៣៦,៨០០,០០០ ដូសដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨,៣០០,០០០ ដូស។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) បានអះអាងក្នុងនាមរដ្ឋាភិបាលចិន ដរាបណាប្រទេសកម្ពុជាមិនទាន់អស់មេរោគ និងជំងឺកូវីដ១៩ទេនោះ រដ្ឋាភិបាលចិនក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ជូនមកកម្ពុជាដែរ។ ការបង្ហាញទឹកចិត្តស្មោះសបែបនេះធ្វើឡើងក្នុងឱកាសលោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន រួមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនចិនចំនួន២លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅពីចិនកម្ពុជាក៏ទទួលបានវ៉ាក់សាំងពីប្រទេសធំៗផ្សេងៗទៀតដូចជាៈជប៉ុន អាមេរិក អង់គ្លេស ។

*វ៉ាក់សាំងអង់គ្លេស៖ជាក់ស្ដែងវ៉ាក់សាំង Oxford AstraZenecaចំនួន៤១៥.000ដូស ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអង់គ្លេសផ្ដល់ជូនកម្ពុជា បានដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ៥ សីហា ឆ្នាំ២០២១នេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងារទៅទទួលវ៉ាក់សាំងប្រទេសអង់គ្លេសដោយផ្ទាល់។ ថ្លែងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិត នៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និង រាលដាល ។

បើតាមសម្តេច ហ៊ុន សែន  វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ ប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ កម្ពុជានឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូដ-១៩ ដូសទី ៣ ឬ ដូសជំរុញនេះ។ សម្តេច ហ៊ុន សែន ក៏បានសូមស្នើចក្រភពអង់គ្លេសផ្តល់ជា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញ វ៉ាក់សាំង AstraZeneca បន្ថែម សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួយវ៉ាក់សាំងពីប្រទេសជាមិត្ត រួមមានចិន ជប៉ុន និងអង់គ្លេសជាដើមនេះ គឺបានបង្ហាញនូវនយោបាយចម្រុះពណ៌របស់កម្ពុជាជាមួយប្រទេសជាមិត្ត។ មិនមែនមានតែចិន ឬលំអៀងទៅរកចិន ដូចការចោទប្រកាន់មួយចំនួននោះឡើយ។ សម្រាប់សម្តេចចំពោះជំនួយវ៉ាក់សាំងទ្វេភាគី គឺសម្តេចនឹងចេញទទួលដោយផ្ទាល់នៅព្រលានយន្តហោះ។

*វ៉ាក់សាំងជប៉ុន៖វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca) ផលិត​នៅ​ជប៉ុន ចំនួន ១លានដូស ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នឹង​ដឹក​មក​ដល់​កម្ពុជា នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា។

រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ថា ជំនួយ​វ៉ាក់សាំង AstraZeneca នេះ​ធ្វើឡើង​ស្របតាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា ដោយ​ផ្អែកលើ​​​ស្ថានភាព​ការរាលដាល​ខ្លាំង​នៃ​ជំងឺកូវីដ-១៩ បច្ចុប្បន្ននៅ​កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជាឱ្យដឹង​ថា គិតមក​ទល់​ពេល​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​សរុប​ប្រមាណ​ជាង​ ៥០ លានដុល្លារ​អាមេរិកដល់​កម្ពុជា ក្នុងនោះ រួម​មាន​បរិក្ខារពេទ្យ ការកែ​លម្អ​មន្ទីរ​ពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា សម្រាប់វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កាច​សាហាវ​នេះ នៅតាម​ព្រំដែន ព្រមទាំង​ផ្ដល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹម​ត្រូវផងដែរ។ ទន្ទឹមនេះ រដ្ឋាភិបាលជប៉ុន ក៏បាន​ផ្ដល់​ជា​កម្ចីប្រមាណ ២២៧ លានដុល្លារ​អាមេរិក សំរាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភសាច់​ប្រាក់​ដល់​ប្រជាពលរដ្ឋខ្មែរ​ដែលរងផល​ប៉ះពាល់​ដោយ​សារ​កូវីដ១៩ និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធសុខាភិបាល។

*វ៉ាក់សាំងអាមេរិក៖សហរដ្ឋអាមេរិកផ្តល់វ៉ាក់សាំង ចនសាន់ & ចនសាន់ (Johnson & Johnson) ជាងមួយលានដូស ដែលជាវ៉ាក់សាំងចាក់តែមួយដូស បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣០កក្កដា។ សម្រាប់ការមកដល់វ៉ាក់សាំងរបស់អាមេរិកសម្ដេច ហ៊ុន ​សែន បានចេញទៅទទួលឡើយជំនួសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក​ម៉ម ប៊ុនហេង។

ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Benjamin Wohlauer បានមានប្រសាសន៍ថា “យើងមានមោទកភាពជាខ្លាំងដែលបានផ្តល់វ៉ាក់សាំង “ចនសាន់ & ចនសាន់” ចំនួន ១ លានដូសដល់ប្រជាជនកម្ពុជាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការផ្តល់វ៉ាក់សាំងជាសកល។ លោក Benjamin បានបន្តថា “ការទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពគឺជាមធ្យោបាយចាំបាច់ រួមជាមួយការពាក់ម៉ាស់ រក្សាចម្ងាយពីគ្នា និងការលាងសម្អាតដៃ ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។យើងនឹងបន្តបរិច្ចាគវ៉ាក់សាំងជាច្រើនលានដូសបន្ថែមទៀតនៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នៅពេលដែលការផ្គត់ផ្គង់ដំណើរការ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ដើម្បីបង្កើនលទ្ធភាពផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ពិភពលោកទាំងមូលក៏ដូចជាបន្តសហការជាមួយដៃគូនានាដើម្បីពង្រីកសមត្ថភាពនៃផលិតកម្មវ៉ាក់សាំងជាសកលសំដៅកម្ចាត់ជំងឺរាតត្បាតនេះ។

បន្ទាប់ពីគ្រប់យ៉ាងល្អប្រសើរវ៉ាក់សាំងមានពេញដៃ ហើយចាក់ស្រោចស្រពលើប្រជាជនសឹងទាំងស្រុងក្នុងរង្វង់១៦លាននាក់មករដ្ឋាភិបាលមិនបង្អង់យូរឡើយដោយសម្រេចបើកប្រទេសភ្លាមភ្លេតកាលពីដើមខែវិច្ឆិកាជាមួយនឹងការប្រកាសទទួលយកទេសចរវ៉ាក់សាំងដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កអ្វីឡើងសម្រាប់អ្នកទេសចរណ៍ដែលចង់​មកកំសាន្តនៅកម្ពុជាសម្រាប់គោលដៅ កោះរ៉ុង កោះកុង និងសៀមរាបជាដើម។

ចេញពីសំណុំរឿងកូវីដ១៩យើងមកចាប់អារម្មណ៍ទំនាក់ទំនងការបរទេសរបស់កម្ពុជានៅឆ្នាំ២០២១ម្ដងតាមរយៈដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ ចិន អូស្ត្រាលី និង អាមេរិក!

លោកស្រី វិនឌី រូត្ស ស៊ើមែន (Wendy Ruth Sherman) អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកមកបំពេញទស្សនៈកិច្ចមួយថ្ងៃនៅកម្ពុជានៅថ្ងៃទី១មិថុនាឆ្នាំ២០២១។ នៅក្នុងដំណើរទស្សនកិច្ចនោះលោកស្រីជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន និង លោក កឹម សុខា។  

ជំនួបនេះជាមួយសម្ដេច ហ៊ុន សែន បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ អំឡុងពេលដែល លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះ លោកស្រី ស៊ើមែន បានពាំនាំនូវសារលិខិតរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិកជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបង្ហាញអំពីបំណងប្រាថ្នារបស់ លោកប្រធានាធិបតី ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រីបាន សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើទិដ្ឋភាពជាច្រើន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កម្មវិធីរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា (POW/MIA program) ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ជាពិសេស ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែកម្ពុជា។

លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានជម្រាបជូន សម្តេចតេជោបន្ថែមទៀតអំពីកាលានុវត្តភាពជាច្រើនស្ថិតក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការដោះស្រាយបំណុល និងការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងវិស័យប្រេង និងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងវិស័យផ្សេងៗទៀត។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្តចំពោះការលើកឡើងរបស់ លោកស្រី ស៊ើមែន និងបានសម្ដែងនូវការកោតសរសើរចំពោះការចូលរួមចំណែករបស់សហរដ្ឋអាមេរិកនៅក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈអង្គការសុខភាពពិភពលោក (WHO)។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចតេជោ បានសម្ដែងនូវអំណរសាទរចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដូចដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈការចុះថយគួរឱ្យកត់សម្គាល់នូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ នាពេលថ្មីៗនេះនៅសហរដ្ឋអាមេរិក។

ជាថ្មីម្តងទៀត សម្តេចតេជោ បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបាន រំលឹកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករាជ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេស និង កិច្ចការបរទេស។

បើតាមសេចក្តីប្រកាស, ក្នុងជំនួបនោះសម្តេចតេជោ បានស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមាន ចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖

ទី១៖ អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ

ទី២៖ សងបំណុលតាមកម្មវិធីដែលមានការប្រាក់មិនលើសពី១ភាគរយ និង

ទី៣៖ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយ ដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាដើម។

សម្ដេចតេជោ បានជម្រាបជូន លោកស្រី ស៊ើមែន ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលចំពោះកម្មវិធីមាតុភូមិនិវត្តពលរដ្ឋលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដោយផ្អែកលើគោលការណ៍គោរពសិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌។ ជាការឆ្លើយតប លោកស្រី បានថ្លែងអំណរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគីនៅលើគ្រប់វិស័យ ហើយលោកជំទាវបានសន្យាថា នឹងយកសំណើនានាដែលបានលើកឡើងដោយ សម្ដេចតេជោ ទៅជម្រាបជូនលោកប្រធានាធិបតី ចូ បៃដិន។

ទោះជាមានដំណើរទស្សនកិច្ចរបស់លោកស្រី ស៊ើមែន មកកម្ពុជាក្ដីក៏ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកនៅឆ្នាំ២០២១នេះដែរតាមការអង្កេតរបស់អ្នកវិភាគនៅតែបាចសាចទឹកដាក់គ្នារវាងបញ្ហាសិទ្ធិមនុស្សនិងសំណុំកំពង់ផែរាម។

​អាមេរិក​បាន​លើក​ឡើង​អំពី​នយោបាយ​ការ​បរទេស​កម្ពុជា ចោទ​សួរ​អំពី​មូល​ដ្ឋាន​កង​ទ័ព​ចិន​នៅ​សមុទ្រ​រាម ខណៈ​​កម្ពុជា​បាន​បដិ​សេធ​មិន​អត្ថា​ធិប្បាយ​រឿង​សិទ្ធិ​មនុស្ស​ដែល​អាមេរិក​បាន​លើក​ឡើង។

អ្នកស្រី Wendy Sherman អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដែល​បាន​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែនបាន​លើក​ឡើង​អំពី​តួនាទី​សំខាន់​របស់​អាមេរិក​និង​ដៃ​គូ​ផ្សេង​ទៀត​ក្នុង​ការ​ស្វែង​រក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា តាមរយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​ជំនួយ​របស់​អាមេរិក​ដែល​បាន​ផ្តល់​ដល់​កម្ពុជា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​និង​សេដ្ឋកិច្ច​ផង​ដែរ។

មន្រ្តី​ជាន់​ខ្ពស់​លំដាប់​ទី​ពីរ​នៅក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ ក៏​បានកត់​សម្គាល់​កិច្ច​សហប្រតិ​បត្តិ​ការ​ដែល​មាន​ផ្លែ​ផ្កា​ជាមួយ​កម្ពុជា​ក្នុង​ការ​អនុវត្ត​នូវ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ការ​ការពារ​កុមារ កិច្ចការ​ពារ​សន្តិ​ភាព​របស់​អង្គការ​សហ​ប្រជាជាតិ ការ​ស្វែង​រក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ការ​ដោះ​មីន វិស័យ​សុខាភិបាល​សាធារណៈ​និង​អប់រំ ក៏​ដូច​ជា​វិស័យ​ផ្សេង​ទៀត​ដែល​មាន​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ទាំង​ពីរ។

បើ​តាម​សេចក្តី​ថ្លែងការណ៍ អ្នកស្រី​ក៏​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ក្លា​ចំពោះ​វត្តមាន​ទាហាន​របស់​ចិន​នៅ​កម្ពុជា​និង​ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ។ អ្នក​ស្រី​ក៏​បាន​ស្វែង​រក​ការ​បំភ្លឺ​ទៅ​លើ​ការ​វាយ​កម្ទេច​សំណង់​អគារ​របស់​អាមេរិក​នៅ​សមុទ្រ​រាម​ដោយ​ពុំ​មាន​ការ​ជូន​ដំណឹង ឬ​សេចក្តី​ពន្យល់​ដល់​អាមេរិក និង​យល់​ថា​វត្ត​មាន​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទន់​ខ្សោយ​នៃ​អធិបតេយ្យ​ភាព​របស់​កម្ពុជា គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់​ និង​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ក៏​បាន​ជំរុញ​ឲ្យ​ការ​ដឹកនាំ​របស់​កម្ពុជា«​ត្រូវ​រក្សា​នូវ​គោល​នយោបាយ​ការ​បរទេស​ដែល​មាន​តុល្យភាព​និង​ឯករាជ្យ​មួយ ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា»។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក។

អ្នកស្រី Sherman ក៏​បាន​សង្កត់​ធ្ងន់​អំពីសារ​សំខាន់​នៃ​សិទ្ធិ​មនុស្ស​និង​ការ​ការ​ពារ​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​ ដែល​មាន​សារ​សំខាន់​សម្រាប់ទំនាក់​ទំនង​ទ្វេ​ភាគី។ អ្នកស្រី​ក៏​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្តជា​លក្ខណៈ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរ​ជាតិ និង​ធានា​ការ​ការ​ពារ​សិទ្ធិ​កម្មករ។

អ្នកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​«ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ»ប្រឆាំង​នឹង​សមាជិក​នៃ​គណ​បក្ស​នយោបាយ​ប្រឆាំង អ្នក​សារព័ត៌មាន​និង​សកម្មជន និងជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរី​ភាពសម្រាប់​ប្រជាជន​និង​នយោបាយ​ឡើង​វិញ មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០​២២​និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣។

*រំលងប្រមាណជា៥ខែក្រោយដំណើរទស្សនកិច្ចរបស់អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក

សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកា ប្រកាស​ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប ជុំវិញវិញអ្វីដែលអាមេរិកហៅថា ជាការប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​នៅ​ក្រុង​ព្រះសីហនុ។ មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ទាំងពីរ​រូប​នោះ រួមមាន នាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ដែល​មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​នាយ​ឧត្ដមនាវី ទៀ វិញ ដែល​មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក។

បើ​តាម​ក្រសួង​ការ​បរទេស​អាមេរិក ក្រៅពី​លោក ចៅ ភិរុណ និង​លោក ទៀ វិញ សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ រួមមាន កូនប្រុស​បង្កើត​របស់​លោក ចៅ ភិរុណ គឺ​លោក ចៅ ភិរិទ្ធ និង​លោក ចៅ ពលៈ។ ប្រពន្ធ​របស់​លោក ទៀ វិញ គឺអ្នកស្រី កាន់ ចន្ទ្រា កូនស្រី​របស់​លោក ទៀ វិញ គឺ​អ្នកស្រី ទៀ លក្ខិណា និង​កូនប្រុស​របស់​លោក ទៀ វិញ គឺ​លោក ទៀ សុខា។ ពួកគេ​ទាំងនេះ​ត្រូវ​បាន​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ធ្វើដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​ឡើយ។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក គូស​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ជា​សារ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់​របស់​​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​ជាប់ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​កម្ពុជានិង​នៅ​ទូទាំង​សាកលលោក។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២១​នេះ មន្ត្រី​ជាន់ខ្ពស់៥នាក់ហើយ​បាន​ទទួល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋអាមេរិក។ ក្រៅពី​លោក ចៅ ភិរុណ និង​លោក ទៀ វិញ, លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក គន់ គីម ដែល​ជា​អនុប្រធានទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​លោក ទ្រី ភាព ។ ទន្ទឹមនឹង​នេះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​កំពុង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្តកោះកុង។

រដ្ឋាភិបាលកម្ពុជា នឹងមិនចំណាយពេល ដើម្បីបកស្រាយអ្វីទៀតនោះទេ ចំពោះការចោទប្រកាន់របស់បរទេសថា កម្ពុជា បើកដៃឲ្យមហាអំណាចចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លើសពីនេះ បើមានគណៈប្រតិភូបរទេស ស្នើសុំទៅធ្វើទស្សនកិច្ចនៅកំពង់ផែរាមដូចលើកមុន ក៏រដ្ឋាភិបាលកម្ពុជា លែងអនុញ្ញាតដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៧ខ្សែ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា៖«ខ្ញុំ មិននិយាយតទៅទៀតទេ អារឿងកំពង់ផែរាម។ ខ្ញុំ បានប្រាប់ទៅ [សម្តេច] ទៀ បាញ់ [រដ្ឋមន្រ្តីក្រសួងការពារជាតិ] ហើយ ឈប់និយាយរឿងកំពង់ផែរាម។ មេដឹកនាំកម្ពុជារូបនេះ បន្តថា៖«អ្នកណា ចង់សុំទៅទស្សនកិច្ចអី មិនបាច់ឲ្យទៅទេ ព្រោះកំពង់ផែរាម មិនមែនជាកន្លែងចោរលួចចោរប្លន់ទេ។ អ្នកឯង ចង់ថាម៉េចថាទៅ ឲ្យទៅមើលហើយ នៅមិនអស់ចិត្ត»។

កម្ពុជា រងការចោទប្រកាន់ពីបរទេសយូរហើយ ពិសេសពីសំណាក់អាម៉េរិកថា អនុញ្ញាតឲ្យចិន បង្កើតមូលដ្ឋានកងទ័ពជើងទឹកនៅកំពង់ផែរាម។ អាម៉េរិក ថែមទាំងធ្លាប់បញ្ចេញរូបភាព ដែលខ្លួនថតជាប់ដោយប្រព័ន្ធសេថេលឡាយ (Satellite) ឬផ្កាយរណប ទៅក្នុងរបាយការណ៍ផងដែរ ដោយអះអាងថា រូបភាពនោះ គឺជាអគារ ដែលត្រូវបានសាងសង់នៅកំពង់ផែរាម សម្រាប់បម្រើឲ្យកងទ័ពជើងទឹកចិន។

មន្ដ្រី​ក្រសួង​ការ​បរទេស​ចិន លោក វ៉ាង យី បានដាក់​ជើង​ជាន់​កម្ពុជា​ នៅ​ថ្ងៃ​អាទិត្យ​ទី​១២​កញ្ញា​ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​២​ថ្ងៃ​។ នៅ​ក្នុង​ថ្ងៃ​ទី​១​នៃ​ដំណើរ​ទស្សនកិច្ចនេះ លោក វ៉ាង យី បាន​ចូល​រួម​ជា​អធិបតីជាមួយ​សម្ដេច​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​និង​ទទួល​ពហុកីឡដ្ឋាន​មរតក​តេជោ​ដល់​កម្ពុជា​ជា​ផ្លូវ​ការ​​។ លោក​ក៏​បានជួប​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​កម្ពុជា គឺ​លោក​រដ្ឋ​មន្ដ្រី ប្រាក់ សុខុន​​ផង​ដែរ​។ លោក ប្រាក់ សុខុន ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ប្រមុខ​ការទូត​ចិន​មក​កម្ពុជា​នា​ពេល​នេះ​មាន​ភ្ជាប់​មក​​ជាមួ​យ​នូវ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ចំនួន​២៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ជំនួយ​ផ្សេង​ៗ​ទៀត​ដល់​កម្ពុជា​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​ លោក ប្រាក់ សុខុន រដ្ឋ​មន្ដ្រី​ការបរទេស​កម្ពុជា បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នៅ​កម្ពុជា​នេះ ថា​ជា​ការ​ពង្រឹង​មិត្តភាព​ដែក​ថែប រវាង​ចិន​និង​កម្ពុជា ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រមុខ​ការទូត​កម្ពុជា បាន​លើក​ឡើង​អំពី​ផល​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​គម្រោង «ខ្សែ​ក្រវាត់​និង​ផ្លូវ» ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ប្រទេស​ចិន​។

លោក ប្រាក់ សុខុន បាន​សង្កត់​ធ្ងន់​ថា សមិទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​ពី​គម្រោង «ខ្សែ​ក្រវាត់​និង​ផ្លូវ​» របស់​ចិន​នេះ នឹង​មិនធ្វើ​ឱ្យ​កម្ពុជាធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​បំណុល​របស់​ចិន​ឡើយ​។ សម្រាប់​លោក ប្រាក់ សុខុន ហានិភ័យ​នៃ​បំណុលជាតិ​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​បំណុល​លើស​ពី​៤០​ភាគរយ​នៃ GDP ប៉ុន្តែ​សព្វ​ថ្ងៃ បំណុល​បរទេស​របស់​កម្ពុជា មាន​មិន​ដល់​៣០​ភាគរយ​ផង​។

សូម​ជម្រាប​ថា គិត​ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​ជំពាក់​បំណុល​បរទេស​និង​ស្ថាប័ន​ដទៃ​ទៀត​ចំនួនសរុប​ជិត​៩​ពាន់​លាន​ដុល្លារ​។ ក្នុង​នោះ កម្ពុជា​ជំពាក់​ចិន​ច្រើន​ជាង​គេ គឺ​ប្រមាណ​៤៥​ភាគរយ​នៃ​បំណុល​សរុប ឬ​ស្មើ​នឹង​ជិត​៤​ពាន់​លាន​ដុល្លារ​។ ចំណែក​បំណុល​ផ្សេង​ទៀត កម្ពុជា​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្ដរជាតិ ដូចជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍ​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ជា​ដើម​។

ជា​ការ​កត់​សម្គាល់ ក្រៅ​ពី​​ផ្ដល់​កម្ចី​ច្រើន​ដល់​កម្ពុជា ចិន​ក៏​បន្ត​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ដាក់​ទុន​វិនិយោគ​ច្រើនជាង​គេ​នៅ​កម្ពុជា​ដែរ​។ គិត​ត្រឹម​៤​ខែ​ដើម​ឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ចិន សម្រេច​បាន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ។ ចំនួន​នេះ កើន​ឡើង​ជិត​២០​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ យ៉ាង​ណា​ក៏​ដោយ ជញ្ជីង​ពាណិជ្ជកម្ម​នេះ​ផ្អៀង​ខ្លាំង​ទៅ​រក​ចិន ដោយ​ការ​នាំ​ចូល​ពី​ចិន​មាន​ទំហំ​ទឹក​ប្រាក់​ជាង​២​ពាន់​៥រយ​លាន​ដុល្លា ខណៈ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​វិញ មាន​ចំនួន​ត្រឹម​តែ​ ៤២៤​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។

តបតាម​ការ​អញ្ជើញ​របស់​ប្រមុខ​ការទូត​កម្ពុជា​ រដ្ឋមន្ត្រី​ការ​បរទេស​អូ​ស្ត្រាលី បាន​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​​នៅកម្ពុជា​រយៈពេល​២ថ្ងៃ ពីថ្ងៃទី​៧ដល់​ថ្ងៃទី៨​វិច្ឆិកា​។ បើតាម​ក្រសួង​ការបរទេស​កម្ពុជា ដំណើរ​ទស្សន​កិច្ច​នេះ​ជា​ការ​​បញ្ជាក់ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​​របស់​អូស្ត្រាលី ក្នុង​ការ​ធ្វើ​ការ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី។ ចំណែក​ក្រសួង​ការបរទេស​អូស្ត្រាលី​ អះអាងថា​ ខ្លួន​នឹង​​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​តួនាទី​របស់​ប្រទេសកម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅឆ្នាំ​ក្រោយ​នេះ។

នៅក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​២ថ្ងៃ ​ពីថ្ងៃទី​៧ដល់​ថ្ងៃទី៨​វិច្ឆិកា​នេះ លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រី​ការបរទេស និងកិច្ចការនារី​របស់​អូស្ត្រាលី នឹងជួបជាមួយ​សម្ដេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេសកម្ពុជា។ ក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា ​ភាគីទាំងពីរ​នឹងពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​ ក៏ដូចជាបញ្ហាតំបន់ និង​អន្តរជាតិ​ដែលជាចំណាប់អារម្មណ៍​និង​កង្វល់រួម ខណៈកម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន​នៅឆ្នាំ​ក្រោយនេះ។ នេះបើតាម​ក្រសួង​ការបរទេសកម្ពុជា។ ចំណែក​ក្រសួង​ការបរទេសអូស្ត្រាលីអះអាងថា ​ខ្លួន​នឹង​​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​តួនាទី​របស់​ប្រទេស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាននៅឆ្នាំក្រោយនេះដែរ។

សូមបញ្ជាក់ថា ក្រៅពីកម្ពុជា លោកស្រី ម៉ារីស ផែន ក៏ធ្វើទស្សនកិច្ច​ទៅកាន់​ប្រទេសវៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ីផងដែរ។មុន​ឈានជើងជាន់ទឹកដីកម្ពុជា ប្រមុខ​ការទូត​អូស្ត្រាលី​រូបនេះ ​ក៏ធ្លាប់ទូរសព្ទ​ឆ្លើយ​ឆ្លង​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​យ៉ាងតិចចំនួន២ដង​នៅឆ្នាំ២០២១នេះ។ នៅថ្ងៃទី៨កក្កដា លោកស្រី ​ម៉ារីស ផេន ​បានទូរស័ព្ទ​មកនិយាយ​ជាមួយ ​លោកប្រាក់ សុខុន ​អំពីបញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ​និងវិបត្តិ​នៅក្នុងប្រទេស​ភូមា។​ ​បីខែក្រោយមក​ នៅថ្ងៃទី៨តុលា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរូបនេះក៏មានជំនួបតាមទូរសព្ទ​ជាមួយប្រមុខ​ការទូតកម្ពុជាម្តងទៀត ដោយ​ពិភាក្សាគ្នា ស្តីពីភាពជាដៃគូសន្តិសុខត្រីភាគី អូស្ត្រាលី-អង់គ្លេស-អាមេរិក ដែលហៅកាត់ថា «អឃឹស» (AUKUS) ដែលត្រូវបានបង្កើតឡើងកាលពីខែកញ្ញា២០២១ នាកិច្ចប្រជុំពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ ប្រមុខការទូតកម្ពុជាបង្ហាញក្ដីសង្ឃឹមថា ដៃគូសន្តិសុខត្រីភាគីនេះនឹងមិនបន្ថែមសាំងទៅភ្លើង ដែលសំដៅដល់ការប្រកួតប្រជែងដែលកំពុងមានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀត។ ជាការកត់សម្គាល់ ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេសអូស្ត្រាលីមកកម្ពុជានៅពេល​នេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាល​កម្ពុជាបានរិះគន់​អូស្ត្រាលីថា យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩មកកម្ពុជា ខណៈប្រទេសនេះបានសន្យាផ្តល់ជូនតាំងពីឆ្នាំ២០២០៕

-អំពីរឿងរ៉ាវនយោបាយក្នុងស្រុកនៅឆ្នាំ២០២១នេះ ផ្ដើមចេញពីការបង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ

រដ្ឋសភាបានសម្រេចអនុម័តឱ្យកំណត់ថ្នាក់ដឹកនាំជាតិកំពូលៗត្រូវមានសញ្ជាតិខ្មែតែមួយហើយនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២១។ ការអនុម័តនេះ គឺធ្វើឡើងជាឯកច្ឆ័ន្ធតែម្តង ដោយសមាជិកសភាចូលរួមគាំទ្រចំនួន១១១លើ១១១សំឡេង។ អ្វីជាការកត់សម្គាល់ កិច្ចប្រជុំរដ្ឋសភានេះ ក៏មានចូលរួមពីសំណាក់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់របស់លោកមួយចំនួនទៀតផងដែរ។

លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានអះអាងថា ក្រោយពីរដ្ឋសភាអនុម័តហើយ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញបញ្ចូលកំណត់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិតែមួយនេះនឹងត្រូវបញ្ជូនភ្លាមតែម្តងទៅព្រឹទ្ធសភាដើម្បីពិនិត្យបន្ថែម។ ក្រោយព្រឹទ្ធសភាពិនិត្យរួចនឹងបញ្ជូនមកកាន់រដ្ឋសភាវិញ ហើយរដ្ឋសភានឹងបញ្ជូនមកកាន់រដ្ឋាភិបាល ឯរដ្ឋាភិបាលនឹងថ្វាយបន្តទៅកាន់ព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ជាការប្រញាប់។ ជាការប្រញាប់ គឺសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីនេះ នឹងត្រូវអនុវត្តបានភ្លាមៗតែម្តង បន្ទាប់ពីម៉ោង០០ទៅ។

បន្ទាប់មកព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី តាមរយៈ​ព្រះរាជ​ក្រម​ចុះថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ឡាយ​ព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ ច្បាប់​ធម្មនុញ្ញ «កំណត់សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំកំពូលរបស់ជាតិរួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ការធ្វើវិសោធនកម្ម​​​ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្ម​មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន ដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗទាំង​៤របស់ជាតិ រួមមាន ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន «សញ្ជាតិខ្មែរតែមួយគត់»។

កាលពីថ្ងៃទី៦ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេ​ច​ក្ដីព្រាង​ច្បាប់នេះ។ ការសម្រេចនេះ ធ្វើឡើងភ្លាមៗក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិ​ លោក សម រង្ស៊ី បានចោទប្រកាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ឃើញការចុះផ្សាយរបស់កាសែតបរទេស The Guardian ថាប្រមុខរដ្ឋាភិបាលកម្ពុជាបានទិញសញ្ជាតិស៊ីប្រើស (Cyprus) ដែល​ជាដែនកោះមួយនៅក្នុងតំបន់អឺរ៉ុប។

យ៉ាងណាសារព័ត៌មាន The Guardian បានផ្ញើលិខិតសុំទោសជាសាធារណៈទៅ​​ក្រសួង​ការបរទេស​​កម្ពុជា ដោយ​បាន​បង្ហាញការសោកស្ដាយចំពោះកំហុស​របស់​ខ្លួនដែល​​បានផ្សាយខុសការពិត ដែលថា ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទិញសញ្ជាតិពីប្រទេសស៊ីប្រើសនេះ។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញក្រោយវិសោធន​កម្មរួចរាល់ នឹងនៅតែបើកចំហសម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិ២ ឬច្រើន ក្នុងការចូលមកបម្រើជាតិ លើកលែងតែតំណែងកំពូលទាំង៤ ជាពិសេសតំណែងនាយករដ្ឋមន្រ្តី៕

យើងបន្តចាប់អារម្មណ៍ពីសារនយោបាយសំខាន់ៗរបស់លោក កឹម សុខា លោក សម រង្ស៊ី និង សម្ដេច ហ៊ុន សែន ៖

*អំពីសម្ដេច ហ៊ុន សែន៖ នៅក្នុងពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»​នៅ​ថ្ងៃទី២៣វិច្ឆិកា​ នៅស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ សម្ដេច ហ៊ុន សែន​ បាន​ថ្លែង​រំលឹក​ជាថ្មីថា ​នឹងបន្ត​ធ្វើជានាយករដ្ឋមន្ត្រី​តទៅមុខទៀត​ ស្រេច​នឹងចិត្ត ​ ឲ្យតែប្រជាជន​នៅបោះឆ្នោតឲ្យ។​ ​ក្រៅពីនេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាសថា​ សម្ដេច​នឹងទៅចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នាទីក្រុងដាវូស​ ប្រទេសស្វីស​ នៅថ្ងៃទី១៧​ ដល់ ២២​ ខែធ្នូ​ ខាងមុខ​ ព្រមទាំង​ប្រាប់ឲ្យអ្នក​ប្រឆាំង​នឹងលោក​ទៅធ្វើបាតុកម្ម​នៅទីនោះ​ និងថា​ឲ្យអ្នក​ប្រឆាំងលោក​ ប្រាប់ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទៅចាប់លោក​នៅទីនោះផង​ដែរទៅ។​

-នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»នៅថ្ងៃទី២៣វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា (CPP) រស់នៅសហរដ្ឋអាមេរិក ងើបឈរឡើង ធ្វើបាតុកម្ម ដើម្បីប្រឆាំងជំទាស់នឹងការប្រកាស ដកសញ្ជាតិអាមេរិក លើអ្នកគាំទ្ររដ្ឋាភិបាលខ្មែរ ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ ៧១C សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «មើលខ្មែរយើងនៅអាមេរិក សមាជិក សមាជិកាគណបក្សប្រជាជន ងើបឈរឡើង នៅអាមេរិក ដើម្បីប្រឆាំងជំទាស់នឹងការប្រកាសនេះ ហើយទៅសួរសមាជិកសភា ហើយទៅឱ្យដល់កន្លែង វិមានកាពីតូល សួរអាមេរិកមើល នាំគ្នាធ្វើបាតុកម្ម សួរអាមេរិកមើលដកមែនឬអត់»។

ជុំវិញករណីនេះ សម្ដេចក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសាកសួរ ទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា តើពិតជាមានការដកសញ្ជាតិពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅអាមេរិកមែនឬអត់ ព្រោះនៅក្នុងជួររដ្ឋាភិបាលកម្ពុជា ក៏មានខ្មែរសញ្ញាតិអាមេរិក ផងដែរ។

ចំណែកលោក សម រង្ស៊ី ត្រូវបានសម្ដេចតេជោ ចំអកឱ្យថា មិនទាន់បានកាន់អំណាចផង ទៅគំរាមនឹងដកសញ្ជាតិគេ ជំនួសឱ្យរដ្ឋាភិបាលអាមេរិកទៅទៀត។ នាយករដ្ឋមន្រ្តីកម្ពុជា បន្តថា ការប្រកាសដកសញ្ជាតិនេះ ក្រោមលេសហេតុផលថា ចិនជាសត្រូវរបស់អាមេរិក ដូច្នេះបើខ្មែរណាទៅគាំទ្ររដ្ឋាភិបាល ហ៊ុន សែន ក៏ជាសត្រូវរបស់អាមេរិក ដូច្នេះអាមេរិកត្រូវតែដកសញ្ជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បញ្ជាក់ថា «ប៉ុន្តែអ្នកឯកស្គាល់មេដឹកនាំអាមេរិកនិងចិន តិចពេកហើយ ថ្ងៃមុន ស៊ី ជីនពីង និង ចូ បៃដិន ទើបជួបគ្នារួច គេមានវិធីសាស្រ្តគ្រប់គ្រង ទំនាក់ទំនងរវាង ចិន-អាមេរិក យ៉ាងច្បាស់លាស់ ។បើទោះបីប្រកួតប្រជែងគ្នាយ៉ាងណាក៏ដោយ ភាគីទាំងពីរបាន ប្តូរផ្ដាច់គ្នា មិនឱ្យមានការប៉ះទង្គិចគ្នានោះទេ»។ សម្ដេចតេជោ សង្កត់ធ្ងន់ថា «បើអាមេរិកដកសញ្ជាតិ រាប់តាំងពីរឿងប៉ុណ្ណឹង អាមេរិកមិនមែនជា ប្រទេសប្រជាធិបតេយ្យនោះទេ»។

-នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលសម្ដេច ​ហ៊ុន សែន ​បានចេញមក​អំពាវនាវឱ្យ​តុលាការ​កម្ពុជា ដក​ដីកា​តាមចាប់ខ្លួន​​លោកបណ្ឌិត ​សេង សារី​ ។ ការសម្រេចធ្វើ​បែបនេះ​របស់​នាយក​រដ្ឋមន្រ្តីកម្ពុជា ​គឺបន្ទាប់ពី​រូបលោក​ស្វែងយល់ថា ​ការវិភាគ​របស់​លោកបណ្ឌិត​សេង សារី​ នាពេល​កន្លងមក​មិនជាប់​ពាក់ព័ន្ធនៅក្នុង​ការបង្កើត​រដ្ឋាភិបាល​នៅក្រៅប្រទេស​របស់លោក​ សម រង្ស៊ី ​ឡើយ។​

លោកបណ្ឌិត សេង សារី បានអះអាងថា ការលើកឡើងនូវបញ្ហា៦ចំណុចក្នុងការបង្កើតរដ្ឋាភិបាលក្រៅប្រទេស គឺជាការវិភាគបែបសេណារីយ៉ូ។ គឺពាក្យនេះហើយដែលសម្ដេចហ៊ុន សែន បានលើកឡើងថា មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន។ សម្ដេចថែមទាំង បានអះអាងថា លោកពិតជាយល់នូវអ្វីដែលហៅថា សេណារីយ៉ូ នេះ ព្រោះរូបលោកក៏តែងតែវិភាគដែលដាក់ចេញនូវសេណារីយ៉ូដែរ។

មិនតែប៉ុណ្ណោះ សម្ដេចថែមទាំងលើកទឹកចិត្តឱ្យលោកប​ណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ជាមួយគ្នានេះ សម្ដេច ក៏បានប្រាប់ឱ្យកូន និងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ។

ផ្ទាំងពាណិជ្ជកម្ម

-នៅក្នុងថ្ងៃតែមួយនោះលោកបណ្ឌិត មាស នី ក៏រងការព្រមានដែរ សម្ដេច ហ៊ុន សែន ក៏​បាន​ព្រមាន​ចំ​ៗ​ចំពោះ​អ្នក​អត្ថាធិប្បាយ​នយោ​បាយ លោក មាស នី អំពី​ការ​ថ្លែង​របស់​លោក​ទាក់​ទង​នឹង​ប្រទេស​ចិន។ លោក​នាយករដ្ឋមន្រ្តី​បញ្ជាក់​ថា​អ្វី​ក៏​ដោយ​ឲ្យ​តែ​កម្ពុជា​ធ្វើ​ជាមួយ​ចិន គឺ​លោក មាស នី ថា​ខុស​ទាំង​អស់។លោក​បញ្ជាក់​ថា៖ «អានេះ​ខ្ញុំ​គ្រាន់​តែ​ដាស់​តឿន​ចំពោះ​អ្នក​វិភាគ កុំ​ឲ្យ​វិភាគ​ជ្រុល​ហើយ ហើយ​កុំ​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​ហ៊ាន​ទៅ​វាយ​ខ្នោះ​អស់​លោក។ ឲ្យ​តែហ៊ាន​ចូល​ទៅ​ក្នុង​ហ្វេសប៊ុក ហើយ​មិន​បាន​ដក​ចេញ​ហើយ វា​នៅ​ហ្នឹង​ហើយ ចាត់​ទុក​បទ​ល្មើស​ជាក់​ស្តែង​ ម៉ោង​១២​យប់ ក៏​ចាប់​ដែរ»។

-សម្ដេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅថ្ងៃទី​១៦ ​ខែកញ្ញាឆ្នាំ២០២១ ​បានចេញ​មកបញ្ជាក់​ថា ​ការចូលទៅ​ក្នុងកិច្ចប្រជុំ​តាមប្រព័ន្ធ​ Zoom ​ជាមួយសមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ ​ ​គឺមិនមែន​ជាការផ្តល់​សញ្ញា​សម្រាប់​ការចរចាទេ ​តែចង់បង្ហាញ​ពីមនុស្ស​របស់លោក ​មានគ្រប់កន្លែង​។ ​ប្រតិកម្មដូច្នេះ ​ធ្វើឡើង​ក្រោយមាន​ការធ្វើ​អត្ថាធិប្បាយ​តបត​គ្នារវាង​គណនី​ហ្វេសប៊ុក​មួយឈ្មោះ ​Bunchhay San​ ទៅក្នុងផេក​ហ្វេសប៊ុក​ផ្ទាល់របស់​លោកនាយក​រដ្ឋមន្ត្រី​ ហើយបាន​ស្នើឲ្យមាន​ការផ្សះផ្សា​ជាតិ។

«សុំកុំយល់ខុសថា ខ្ញុំចូលក្នុងZoom ជាមួយបងប្អូនថ្ងៃមុន ថាជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យសោះតែការចូលទៅនោះ គឺចង់ជូនសារទៅក្រុមឧទ្ទាមឲ្យ ភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែនដែរ សូមប្រុងប្រយ័ត្ន កុំធ្វើសកម្មភាពណាមួយប្រឆាំងជាមួយផលប្រយោជន៍ជាតិ»។

សូមរំលឹកថា សម្ដេច ហ៊ុន សែន បានចេញមុខនៅក្នុងអង្គប្រជុំតាមZoom របស់មន្ត្រីបក្សប្រឆាំងដ៏គួរឲ្យភ្ញាក់ផ្អើល និងបានជជែកគ្នាយ៉ាងយូរជាមួយនឹងលោក ឡុង រី មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ជាពិសេសផ្តោតទៅលើគុណធម៌របស់អ្នកនយោបាយ បញ្ឈប់វប្បធម៌ជេរបញ្ចោ និងការរំលឹកអនុស្សាវរីយ៍ជាច្រើន ដែលសម្ដេច ហ៊ុន សែន បានធ្វើជាមួយលោក សម រង្ស៊ី ក្នុងន័យប្រាប់ទៅអង្គប្រជុំថាលោក សម រង្ស៊ី មិនគោរពតាមវប្បធម៌សន្ទនា និងគ្មានគុណធម៌ជាដើម។

-សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវាយខ្នោះអ្នកដែលរិះគន់ថា ការកែរដ្ឋធម្មនុញ្ញពី «២ភាគ៣» ទៅ «៥០+១» ជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយលោក​ថា ការលើកឡើងបែបនេះជាការ​ប្រ​មា​ថ​ស្ថាប័ន​ជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ​ក្រសួងរៀបចំ​ដែនដីថ្មី សម្ដេច ថ្លែង​ថា ​វា​ជារឿងគួរឱ្យអស់សំណើចដែលអ្នកអត្ថាធិប្បាយជាច្រើន​លើកឡើង​ថា ការ​កែរដ្ឋធម្មនុញ្ញពី ២​ភាគ៣ ​ទៅ ៥០+១ ខុសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយ​ចង់​យក​កិច្ចព្រមព្រៀងនេះទៅដោះស្រាយបញ្ហានៅភូមា។

សម្ដេចបាន​រម្លឹក​ថា នៅពេលនោះ បើរដ្ឋកម្ពុជាមិនព្រមអនុម័ត​រដ្ឋធម្មនុញ្ញ​ទេ កម្លាំង​អ៊ុន​តាក់នឹង​ជាប់​គាំងនៅកម្ពុជា​រហូត​ដល់​បច្ចុប្បន្ន ហើយថា អ្នកដែលចង់សើរើកិច្ចព្រមព្រៀងនេះគឺជាអ្នកចង់ឱ្យបរទេសមកត្រួតត្រា​កម្ពុជា ដែលការនេះ លោកថា ជាការប្រឈមនឹងផ្លូវច្បាប់៕

*អំពីលោក កឹម សុខា

-ថ្ងៃទី០៣​ ខែកញ្ញា ​ឆ្នាំ២០១៧-​ថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០២១ ​គឺជាគម្រប់​ខួប៤ឆ្នាំ​ដែលលោក​កឹម សុខា​ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចុះទៅចាប់ខ្លួន​ទាំងយប់នៅ​គេហដ្ឋាន​របស់លោក​។​ ៤ឆ្នាំមកនេះ ​លោកកឹម សុខា នៅ​ក្នុងពន្ធនាគារផង ​និងនៅក្រៅពន្ធនាគារ​ផង​។ ​កាលពីដើម​ឆ្នាំ២០២០ ​សំណុំរឿង​របស់លោក​ត្រូវបានលើក​ទៅជំនុំជម្រះ ​ប៉ុន្តែត្រូវផ្អាកសិន​ ដោយសារវិបត្តិ​កូវីដ​។

កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា កាលពី៤ឆ្នាំមុន លោកកឹម សុខា ប្រធានអតីតបក្សសង្រ្គោះជាតិត្រូវបានកង​កម្លាំង​នគរបាល​របស់​រដ្ឋាភិបាល​កម្ពុជាពី១០០ទៅ២០០នាក់ចុះទៅឡោមព័ន្ធផ្ទះរបស់លោកនៅក្នុងខណ្ឌទួលគោក ដើម្បីចាប់ខ្លួនរូបលោក។ លោកកឹម សុខា ត្រូវបានក្រុមប៉ូលីសចាប់វាយខ្នោះ និងនាំទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំង​ថ្លុង​ ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ក្បែរ​ព្រំដែន​វៀតណាម។

មូលហេតុនៃការចាប់ខ្លួននាពេលនោះ គឺរដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់លោកកឹម សុខា ថាបានសហការជាមួយបរទេសរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ឬហៅថា ធ្វើបដិវត្តពណ៌ដោយផ្អែកទៅលើវីដេអូឃ្លីបដែលលោកនិយាយទៅកាន់អ្នកគាំទ្រនៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៣។ សម្រាប់រដ្ឋាភិបាលកម្ពុជា បទល្មើ​ស​នេះ គឺជាបទល្មើសជាក់ស្តែងដែលតម្រូវឱ្យមានការចាប់ខ្លួនទាំងយប់បែបនេះតែម្តង។

-មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ បាន​អះ​អាង​ជា​ថ្មី​ថា ​លោក​«មិន​ក្បត់​ជាតិ» ​និង​ មិន​ក្បត់​«​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»​នោះទេ ហើយ​លោក​សង្ឃឹម​ថា​យុត្តិ​ធម៌​នឹង​មាន​សម្រាប់​រូប​លោក។

លោកបញ្ជាក់​បែប​នេះ ​នៅ​ក្នុង​សារ​មួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃអាទិត្យ ទី​២៧ ខែ​មិថុនាឆ្នាំ២០២១ ដែល​ជា​ឱកាស​ខួប​កំណើត​៦៩​ឆ្នាំ​របស់​លោក។ នៅ​ក្នុង​សារ​នោះ លោក កឹម សុខា បាន​បង្ហាញ​ការ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​លោក​ថា​«នៅ​តែ​ផ្តល់​នូវ​ជំនឿ​ទុក​ចិត្ត និង​ផ្តល់​យុត្តិ​ធម៌​មក​លើ​រូប​ខ្ញុំ ទោះ​បី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​យ៉ាង​ណា​ក៏​ដោយ​»។

-លោកកឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​មក​ទាត់​ចោល​រាល់​ការ​យក​ឈ្មោះ និង​រូបភាព​របស់​លោក​ទៅ​ភ្ជាប់​នឹង​សកម្មភាព​នយោបាយ​របស់​បុគ្គល ក្រុម ឬ​គណបក្ស​នយោបាយ​នានា​។ នៅ​ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម​នា​ថ្ងៃ​អាទិត្យ​ទី​០៥​កញ្ញាឆ្នាំ២០២១ លោក​កឹម សុខា គូស​បញ្ជាក់​ថា គឺ​មាន​តែ​ក្រុម​មេធាវី​របស់​លោក​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ធ្វើ​សេចក្តី​ថ្លែងការណ៍ ឬ​សេចក្តី​ប្រកាស​តំណាង​ឱ្យ​រូប​លោក​បាន​។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី មាន​បុគ្គល ក្រុម គណបក្ស ឬ ចលនា​នយោបាយ​ខ្លះ នៅ​តែយក​ឈ្មោះ និង រូបភាព​របស់​លោក​ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​ផ្សេង​ៗ ដើម្បី​បម្រើ​ផលប្រយោជន៍ និង មហិច្ឆិតា​របស់​ពួក​គេ។ ​ដូច្នេះ​ហើយ លោកកឹម សុខា បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា គឺ​ទាល់​តែ​សេចក្តី​ថ្លែងការណ៍ ឬ​សេចក្តី​ប្រកាស​របស់​សហមេធាវី​ដែល​ជា​តំណាង​ស្រប​ច្បាប់​របស់​លោក ទើប​ធ្វើ​ក្នុង​នាម​រូប​លោក និង​ជា​ឆន្ទៈ​របស់​លោក​។

សារ​របស់​លោក​កឹម សុខា លើក​នេះ ក៏​មិន​ខុស​គ្នា​នឹង​រាល់​ដង​ដែរ គឺ​លោក​មិន​បាន​ចុច​ឱ្យ​ចំ​ឈ្មោះ​ទៅ​លើ​បុគ្គល ក្រុម ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។ ប៉ុន្តែ​កន្លង​មក គេ​សង្កេត​ឃើញ​មាន​ក្រុម និង​គណបក្ស​នយោបាយ​ដែល​ទើប​បង្កើត​ថ្មី​មួយ​ចំនួន តែង​តែ​លើក​ឡើង​ពី​សារ​នយោបាយ​របស់​ពួក​គេ ដោយ​ភ្ជាប់​ទៅ​នឹង​លោក​កឹម សុខា និង​ឆន្ទៈ​នយោបាយ​របស់​លោក ខណៈ​រូប​លោក​កំពុង​ជាប់​រឿង​ក្តីក្តាំ​នៅ​តុលាការ និង​កំពុង​ត្រូវ​បាន​តុលាការ​ហាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​នយោបាយ​។

*អំពីលោក សម រង្ស៊ី ៖

ការសាចទឹកដាក់គ្នារវាងលោក សម រង្ស៊ី និង សម្ដេច ហ៊ុន សែន នៅតែកើតមានក្នុងឆ្នាំ២០២១។ អតីត​មេដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសបាន​ចោទ​ប្រកាន់​សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា​ បន្ត​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​កាន់​តែ​តាន​តឹង​ ដើម្បី​​អាច​បន្ត​កាន់​អំណាច។ ប៉ុន្តែ​សារ​ចោទ​ប្រកាន់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ច្រាន​ចោល។ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ និង​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មួយ​ចំនួនទៀតបាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​និយាយ​ពី​បរិយាកាស​នយោបាយ​តាន​តឹង​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ការ​ដែល​លោក​មិន​អាច​ផ្ទេរ​តំណែង​ទៅ​កូន​ប្រុស​របស់​លោក​បាន​នៅ​ពេល​នេះ។ បន្ថែម​ពី​នេះលោក សម រង្ស៊ីបាន​ចោទ​ប្រកាន់សម្ដេច ហ៊ុន សែន ថា​ ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​តាន​តឹង ដើម្បី​លោក​អាច​នៅ​បន្ត​អំណាច​របស់​លោក​ទៀត ដែល​ពេល​នេះ​មាន​រយៈពេល​៣៦​ឆ្នាំ​មក​ហើយ ដែល​លោក​ដឹកនាំ​ប្រទេស​កម្ពុជា។

លោកសម រង្ស៊ី​ អតីត​ប្រធាន​ស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ​ កាលពីថ្ងៃ​ចន្ទទី២០​កញ្ញាឆ្នាំ២០២១ បានចេញមុ​ខមកបរិហារ​ទៅលើក្រុម​មន្ត្រីនៃ​អតីត​គណបក្ស​របស់ខ្លួន ​ដែលបានបែកខ្លួនទៅ​បង្កើត​គណបក្ស​នយោបាយ​រៀងៗខ្លួន ​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅកម្ពុជា​។ ​លោកសម រង្ស៊ី​ បានចាត់ទុក​ថារាល់គណបក្ស​ដែលបែកចេញ​ពីអតីតគណបក្ស​សង្រ្គោះជាតិ​ សុទ្ធសឹង​តែជា​គណបក្ស​គ្មានឆន្ទៈ​ស្នេហាជាតិ​ និងគ្រាន់តែ​ជាបន្លាយួន​។​ ជាការឆ្លើយតប​ពីក្រុមមន្ត្រី​ដែលបាន​បង្កើត​គណបក្សថ្មី​ ពួកគេ​សម្តែង​ការសោកស្តាយ​ និងស្នើឲ្យ​អ្នកនយោបាយ​ជើងចាស់​គួរប្រកាន់​ជំហរ​នយោបាយ​ចាស់ទុំ។​

យ៉ាងហោចណាស់មានគណបក្ស​ចំនួន៦ត្រូវបានបង្កើតឡើងដែលបក្សទាំងនោះសុទ្ធសឹងជាមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិ​ចេញមកបង្កើតដោយរួមមាន «​គណបក្ស​ឆន្ទៈ​ខ្មែរ​»​របស់​ក្រុម​លោក គង់ គាំ «​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​»​របស់​ក្រុម​លោក ជីវ កត្តា «​គណបក្ស​ខ្មែរ​អភិរក្សនិយម​»​របស់​ក្រុម​លោក រៀល ខេមរិន្ទ្រ «​គណបក្ស​កែទម្រង់​កម្ពុជា» របស់​ក្រុម​លោក ប៉ុល ហំ និង​លោក អ៊ូ ច័ន្ទ​រ័ត្ន «​គណបក្ស​បេះដូង​ជាតិ​»​របស់​ក្រុម​លោក សៀម ភ្លុក និង​ចុងក្រោយ​គឺ​«​គណបក្ស​កម្ពុជា​និយម» របស់​ក្រុម​លោក យ៉ែម បុញ្ញឫទ្ធិ​។ គណបក្ស​ទាំង ៦​នេះ មាន​ខ្លះ​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ និង​ខ្លះទៀត​កំពុង​ដំណើរការ​នីតិវិធី​ដើម្បី​ក្លាយជា​បក្សនយោបាយ​ពេញលេញ​។​

គណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សកែទម្រង់កម្ពុជានេះក៏បានសម្រេចតែងតាំងលោកប៉ុល ហំម ជាប្រធាន។  បើតាមលោកអ៊ូ ច័ន្ទរ័ត្ន ការសម្រេចជ្រើសរើសលោកប៉ុល ហំមនេះ គឺដោយសារតែលោកជាឥស្សរជននយោបាយលេចធ្លោរជាងគេ និងជាអ្នកនយោបាយស្អាតស្អំថែមទៀត។ ជាមួយគ្នានេះ លោកប៉ុល ហំម ក៏មានប្រវត្តិជាអ្នកតស៊ូក្នុងការបណ្តេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា និងបានចូលរួមជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

សូមជម្រាបជូនថា គណបក្សកែទម្រង់កម្ពុជានេះ មិនមែនជាគណបក្សនយោបាយបង្កើតថ្មីចុងក្រោយនៅកម្ពុជានោះទេ ពោលគឺនៅក្រោយវត្តមានគណបក្សនេះបន្តិច ក៏មានការបង្កើតនូវគណបក្សថ្មីបេះដូងជាតិ ដែលតំណាងដោយលោកសៀម ភ្លុក ផងដែរ។ គណបក្ស​បេះដូងជាតិបាន​ដាក់​ឯកសារពាក់ព័ន្ធទៅក្រសួងមហាផ្ទៃរួចហើយ ប៉ុន្តែក្រសួងមហាផ្ទៃបានប្រាប់ឱ្យគណបក្សនេះ កែសម្រួលលើឯកសារមួយចំនួន ហើយដាក់ត្រឡប់មកក្រសួងវិញ។ ក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចមិនចុះបញ្ជីជាគណបក្សនយោបាយផ្លូវការដល់គណបក្សបេះដូងជាតិឡើយ។ នេះបើតាមរបាយការណ៍របស់លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជម្រាបជូនសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាមួយនឹងការមិនចុះបញ្ជីឱ្យ ក្រសួងមហាផ្ទៃក៏គ្រោងនឹងប្តឹងតំណាងស្ថាបនិកគណបក្សនេះទៅកាន់តុលាការថែមទៀត ដោយសារតែបានក្លែងបន្លំស្នាមមេដៃ។ ប៉ុន្តែ ស្ថាបនិកបក្សនេះថា របាយការណ៍នេះមិនសមទំនងទាល់តែសោះ។

បន្ថែមពីលើគណបក្សបេះដូងជាតិ ក្រុម​យុវជន​អតីត​គណបក្ស​សង្រ្គោះជាតិមួយចំនួនក៏បានរួមគ្នាបង្កើតនូវគណបក្សនយោបាយថ្មីមួយទៀត គឺគណបក្សកម្ពុជានិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ គណបក្សកម្ពុជានិយមត្រូវបានក្រសួងមហាផ្ទៃកម្ពុជា បើកភ្លើងខៀវឱ្យបង្កើតហើយ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយលោក យ៉ែម ប៉ុញ្ញឫទ្ធិ ដែលជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីតគណ​បក្ស​សង្រ្គោះ​ជាតិ និងជាមនុស្សស្និទ្ធនឹងលោកកឹម សុខាផង បានប្រកាសមកដឹកនាំគណបក្សថ្មីមួយនេះ។ គណបក្សនេះត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជីជាផ្លូវការហើយនៅថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២១។

ចំណែកមន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ដែល​សម្ដេចហ៊ុន សែន មិន​យល់ព្រម​ផ្តល់​សិទ្ធិ​នយោបាយ​តាម​ការ​ស្នើសុំ​នោះ គឺ​លោក​មេធាវី ជូ​ង ជូ​ងី និង​លោក ញឹម គឹម​ញ៉ុ​ល​។ លោក​ទាំងពីរ​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កូតា​ខាង​លោក សម រង្ស៊ី។

-លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគនយោបាយក្នុងស្រុកនិងក្រៅស្រុក រិះគន់ពីការអនុវត្តមិនបានក្នុងការយកថវិកា​ទិញ​ស្បៀង​ជូន​ពលរដ្ឋ​ក្រីក្រ ​ដែល​កំពុង​រងគ្រោះ​ដោយ​ជំងឺ​កូវីដ១៩ ក្រោយរៀបចំ​យុទ្ធនាការ​ជាវ​នាឡិកា​ផ្ទាល់ខ្លួន​របស់​លោក​ម៉ាកកាស្យូ (Casio) តម្លៃ​ ៥​ដុល្លារ ។ កម្មវិធី​រក​ប្រាក់​ជួយ​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ​នេះ តម្រូវ​ឱ្យ​អ្នក​ចាប់អារម្មណ៍​ជាវ​ប័ណ្ណ​ ដែល​មាន​តម្លៃ​ ៥​ដុល្លារ​ក្នុង​មួយ​សន្លឹក ហើយ​មនុស្ស​ម្នាក់​អាច​ទិញ​ប័ណ្ណ​នេះ​បាន​ច្រើន​សន្លឹក។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក គឹម សុខ ដែលជាអ្នកវិភាគស្ថានការណ៍ នយោបាយកម្ពុជាបានលើកឡើងស្រដៀងគ្នាថា យុទ្ធនាការនេះគឺល្អសម្រាប់តែលោក សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋទេ ។ លោក សុខ ឥសាន បានលើកឡើងតាមរយៈ បណ្តាញតេឡេក្រាមនាថ្ងៃ១៨ ឧសភាថា “ការទិញប័ណ្ណនាឡិកាទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ល្អសម្រាប់ទណ្ឌិតមេបោក តែអាក្រក់សម្រាប់អ្នកចាញ់បោក”។

ចំណែក លោក គឹម សុខ ពីក្រៅប្រទេសមកវិញបានថ្លែងដែរថា លោក សម រង្ស៊ី បើចង់លេងតទល់នឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាគួរលេងឲ្យធំ និងដោយពលីកម្មខ្ពស់ ទើបអាចរកប្រយោជន៍ជូនពលរដ្ឋ កុំលេងតូចតាចសកញ៉ក ។ លោកថា បើផ្សាយចោលឲ្យតែឮៗ គឺគ្មានប្រយោជន៍។ លោកសង្កត់ធ្ងន់ថា “ខ្ញុំគិតថា លោក សម រង្ស៊ី គួរបង្ហាញសមានចិត្តឲ្យទូលំទូលាយជាងនេះ លើសពីនិមិត្តរូបគំរូវិភាគទាន លក់នាឡិកាតម្លៃ៥ដុល្លារ ទើបវាទៅជាឥរិយាបថ ហួសពីការលេងសើចពេក ក្នុងនាមជាមេដឹកនាំនយោបាយកំពូលម្នាក់” ។

សូមបញ្ជាក់ថា លោក សម រង្ស៊ីបានប្រកាសបើកលក់ប័ណ្ណនាឡិកាក្នុងតម្លៃ ៥ ដុល្លារ១សន្លឹក ដើម្បីរួមចំណែកប្រមូលថវិកា ពីការលក់ប័ណ្ណនេះជួយដល់ប្រជាពលរដ្ឋកម្ពុជា ជួបការលំបាកក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

*ដោះលែងលោក រ៉ុង ឈុន លោក​ សួង សុភ័ណ្ឌ និងសកម្មជនបរិស្ថាននិងយោបាយ

តុលាការក្រុង​ភ្នំពេញ​បាន​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម សកម្មជន​នយោបាយ​មួយចំនួន​ពី​ពន្ធនាគារនៅ​ថ្ងៃទី​១២ ខែវិច្ឆិកា បន្ទាប់ពី​ពួកគាត់​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ជាង​១០​ខែ​ទៅ​ជាង​១៥​ខែនៅក្នុងសំណុំរឿងព្រំដែន​។

នៅក្នុង​សំណុំរឿង​ជាមួយគ្នានេះដែរ កញ្ញា សរ កណិការ ដែលត្រូវបានចាប់ខ្លួនដោយសារតែការតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន ក៏ត្រូវបានសាលាឧទ្ធរណ៍​កាត់​តម្រឹម​ទោស​មកនៅតែ​១ឆ្នាំ៣ និង​៥​ថ្ងៃ ខណៈ​លោក តុន និមល ត្រូវកាត់​ទោសមកនៅត្រឹម​តែ១ឆ្នាំ២ខែ​និង២៤​ថ្ងៃ។ អ្នកទាំងពីរ ត្រូវបានសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ។

សូមបញ្ជាក់ថា លោក រ៉ុង ឈុន មេដឹកនាំ​សហជីព និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ដែល​អះអាង​ថា​ដី​របស់​ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​វៀត​ណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។

ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​សកម្មជន​មួយ​ចំនួន ហើយក៏មាន​មនុស្ស​ជាង​១០​នាក់​ទៀត ត្រូវ​បាន​ចាប់ឃុំ​ខ្លួនជាបន្តបន្ទាប់​ផង​ដែរ។

នៅក្នុងថ្ងៃជាមួយគ្នា លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក៏ត្រូវបានដោះលែងដែរ នៅក្នុងសំណុំរឿងព្រំដែន។ លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ពាក់ព័ន្ធការញុះញង់នឹងបទល្មើសជាក់ស្តែងបំភ្លៃការពិតទាក់ទងបញ្ហាព្រំដែន។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះបានដឹកនាំសមាជិក របស់ខ្លួន ចុះទៅទីតាំងបង្គោលព្រំដែននៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ និងនិយាយញុះញង់បំភ្លៃការពិតទាក់ទងបញ្ហាព្រំដែនកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២០។

ដំណាលគ្នានេះ រាប់​ចាប់​តាំង​ពី​ចុង​ខែតុ​លា​រហូត​មក​មាន​សកម្មជន​បរិស្ថាននិងយោបាយជាច្រើននាក់ត្រូវបានដោះលែង ​ ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នៅ​ក្នុង​សំណុំ​រឿង​ញុះញង់​។ ពួកគេទាំងនោះរួមមាន៖ កុមារា កាក់ សុវណ្ណច្ឆ័យ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួង កែវរស្មី ក្រុមយុវជនៃចលនាមាតាធម្មជាតិ ។ ​អតីតព្រះសង្ឃ ​កើត សារ៉ាយ, លោក​ ថា ឡាវី ​ដែលជា​សមាជិក​របស់ក្រុម​ខ្មែរថាវរៈ​ និង លោក​ មាន ព្រហ្មមុនី ​ជាប្រធាន​សមាគម​សម្ព័ន្ធនិស្សិត​បញ្ញវន្តខ្មែរ​ រួមនឹង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​២នាក់ទៀត គឺ​លោក ជុំ ពុទ្ធី និងលោក ឈួរ ផេង។

អំពីសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នៅតែបន្តរកការវាយប្រហារពីវិបត្តិកូវីដ១៩!

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពានចំនួន២០ ដែលវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាចំណាយថវិកាជាតិប្រមាណ ២ ៣០០ លានដុល្លារ។

រដ្ឋាភិបាល​កម្ពុជា​បានព្យាករ​ពីចរន្ត​សេដ្ឋកិច្ច​អាចនឹង​មានកំណើន​មកវិញ​ត្រឹម៤.២%​ប៉ុណ្ណោះ​នៅឆ្នាំ២០២២​ ខណៈ​ដែល​ស្ថាប័ន​សេដ្ឋកិច្ច​អន្តរជាតិ​រំពឹងថា​ កម្ពុជា​នឹងមាន​កំណើន​ប្រមាណ​ដល់៦.៨%។​ ក៏ប៉ុន្តែ​នៅថ្ងៃអង្គារ​នេះ​ ប្រមុខ​រដ្ឋាភិបាល​ បាន​ចេញមក​ដាក់ក្តី​រំពឹងថ្មី​ថា​ កម្ពុជា​នឹងអាច​មានកំណើន​សេដ្ឋកិច្ច​លើស៥%​នៅឆ្នាំ២០២២​ ដោយសារ​ការនាំចេញ​ផលិតផល​កសិកម្ម។​

មូលហេតុចម្បងដែល នាយករដ្ឋមន្ត្រីរំពឹងដូច្នេះ គឺដោយផ្អែកសំខាន់ទៅលើវិស័យកសិកម្ម ដែលលោកអះអាងថាការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតែបន្តប្រព្រឹត្តិទៅជាប្រក្រតី ដោយមិនមានភាពរាំងស្ទះ។ លើសពីនេះលោកនាយករដ្ឋមន្ត្រីបានអះអាងទៀតថា ការនាំចេញទំនិញកសិកម្មនៅឆ្នាំនេះ សម្រេចបានលើសពីផែនការដែលរដ្ឋាភិបាលបានដាក់ចេញ។

បើតាមសម្ដេចហ៊ុន សែន កម្ពុជា-ចិន បាននិងកំពុងសិក្សាពីលទ្ធភាពក្នុងការនាំចេញទំនិញកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនដោយផ្ទាល់ ដោយមិនចាំបាច់ត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសទីបីទៀតឡើយ។ តាមលោកហ៊ុន សែន នៅក្នុងជំនួបជាមួយភាគីចិន កាលពីថ្ងៃ១៥វិច្ឆិកា លោកលី ខៃឈាង ដែលជានាយករដ្ឋមន្ត្រីចិន បានលើកឡើងពីការខិតខំធ្វើយ៉ាងណាទិញយកទំនិញកសិកម្មកម្ពុជាដោយផ្ទាល់តែម្តង។ ឯដោយឡែកសម្រាប់បញ្ហាស្តង់ដារ និងភូតគាមអនាម័យ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ភាគីចិននឹងត្រួតពិនិត្យទំនិញកសិកម្មកម្ពុជា តាមប្រព័ន្ធអនឡាញ។

ក្រៅតែពីការពឹងផ្អែកលើទំនិញកសិកម្ម ប្រមុខរដ្ឋាភិបាលបានថ្លែងបន្ថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន រួមនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនឹងចូលជាធរមាននៅថ្ងៃទី០១មករាឆ្នាំ២០២២ខាងមុខនេះ។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងទាំងពីរនេះ នឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើន ក្នុងការពង្រឹងវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

-នៅក្នុង​សមាជលើក​ទី២៣​របស់សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ​អាស៊ាន​តាមប្រព័ន្ធ​អនឡាញ​ នាព្រឹកថ្ងៃ​ព្រហស្បតិ៍ទី២៥វិច្ឆិកា​ លោកអូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ បានរំពឹងថា​ការវិនិយោគ​លើវិស័យ​អចលនវត្ថុ​កម្ពុជា​ នឹងមាន​កំណើនឡើង​វិញ​ក្នុងអត្រា​ ៤.៨%​នៅឆ្នាំ២០២២​ខាងមុខ។​ ការរំពឹង​នេះធ្វើ​ឡើង​ ដោយ​ផ្អែកលើ​កត្តាសំខាន់​ជាងគេ​គឺ​ កម្ពុជា​បាន​ស្រោចវ៉ាក់សាំង​កូវីដ-១៩​ រហូតដល់​៨៨%​ រួមនឹង​ការចាប់ផ្តើម​បើកដំណើរការ​បើកប្រទេស​ឡើងវិញ​ជាបណ្តើរៗ។

ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» លោកអូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជារំពឹងបានកំណើនលើវិស័យអចលនវត្ថុក្នុងអត្រា៤.៨% បើទោះបីអ្នកវិនិយោគបរទេសនៅមានអត្រាទាបនៅឡើយ។

បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ អត្រាកើនឡើង៤.៨%នេះ ដោយសម្អាងលើការវិនិយោគក្នុងស្រុក និងតម្រូវការលំនៅដ្ឋាននៅតែបន្តមានសន្ទុះ។ ហើយបើនិយាយបរិបទតំបន់ វិស័យអចលនវត្ថុកម្ពុជានៅតែមានសក្តានុពលខ្ពស់ និងតម្លៃសមរម្យ ក្នុងការវិនិយោគ។

នៅក្នុងរបត់នៃការរាលដាលជំងឺកូវីដ១៩ជាសកល ការទិញលក់អចលនវត្ថុមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ សម្រាប់កម្ពុជា បើតាមលោកសន សៀប អនុប្រធានសមាគមអ្នកវាយតម្លៃនិងទីភ្នាក់ងារអចលនវត្ថុកម្ពុជា ការផ្គត់ផ្គង់អចលនវត្ថុនៅកម្ពុជានៅតែបន្តមាន ក៏ប៉ុន្តែតម្រូវការមានការធ្លាក់ចុះ។

និយាយដោយឡែកនៅទីក្រុងភ្នំពេញ សម្រាប់ការិយាល័យធ្វើការ កាលពីឆ្នាំ២០២០កន្លងទៅ ការផ្គត់ផ្គង់មានរហូតដល់ ៦០០,០០០ម៉ែត្រការ៉េ ខណៈដែលតម្រូវការជួលបានធ្លាក់ចុះដោយសារការរាលដាលជំងឺកូវីដ-១៩ និងការចាប់ផ្តើមធ្វើការពីផ្ទះ។ រីឯតម្រូវការខុនដូសម្រាប់ជួលវិញ មានសញ្ញាណអវិជ្ជមានខ្លាំង ដោយការផ្គត់ផ្គង់មានរហូតដល់២០,០០០ម៉ែត្រការ៉េ ខណៈដែលតម្រូវការមានការថមថយ ដោយសារការធ្លាក់ចុះនៃភ្ញៀវបរទេសចូលមកកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកសន សៀប។

ទោះជាយ៉ាងណាសម្រាប់លោកអូន ព័ន្ធមុនីរ័ត្ន នៅតែមានភាពវិជ្ជមានទៅលើកំណើននៃវិស័យអចលនវត្ថុនៅឆ្នាំ២០២២ខាងមុខ។ ក៏ប៉ុន្តែដើម្បីឲ្យកំណើននៃវិស័យអចលនវត្ថុអាចសម្រេចបាន លោកស្នើឲ្យបណ្តាប្រទេសជាដៃគូក្នុងតំបន់ធ្វើយ៉ាងណាបង្កើតភាពជាស្តង់ដាររួមមួយសម្រាប់អ្នកវាយតម្លៃអចលនវត្ថុ ហើយសម្រាប់កម្ពុជាដែលមិនទាន់មាននោះ ត្រូវធ្វើយ៉ាងសម្រេចឲ្យបានឆាប់រហ័ស។

លើសពីនេះ លោកស្នើឲ្យអ្នកវាយតម្លៃអចលនវត្ថុទាំងអស់ ត្រូវខិតខំបង្កើនវិជ្ជាជីវៈ រួមនឹងពង្រឹងការសហការរវាងវិស័យឯកជននិងឯកជន វិស័យឯកជននិងនិយតករ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងទាក់ទាញការវិនិយោគបន្ថែមទៀត។

-ដោយឡែក​ប្រមាណ​៦០ថ្ងៃ​ នៃថ្ងៃ​ធ្វើការ​ អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋករ​ បាន​ទទួល​ម្ចាស់​រថយន្ត​អត់ពន្ធ​ ទាំងចង្កូតស្តាំ​ និង​ចង្កូតឆ្វេង​ ដែលជ្រក​ក្រោម​ផ្លាកលេខ​ផ្សេងៗ​ចំនួន​ ១ ៦៤០​គ្រឿង​ ចូល​ទៅបង់ពន្ធ​ និង​ប្រកាស​បង់ពន្ធអាករ។​ ការនាំ​យក​រថយន្ត​គ្មានពន្ធ​ ទៅបង់ពន្ធ​ពេលនេះ​ ធ្វើឡើង​ក្រោយពីគយ​ និង​រដ្ឋករ​ បាន​ផ្តល់ការ​អនុគ្រោះពន្ធ​ចំនួន១០%​ រហូត​ដល់ថ្ងៃ​ទី៣១​ ខែធ្នូ​ ឆ្នាំ២០២១​នេះ​ និង​នៅសល់​ពេល​ប្រមាណ​ជា​៧​ខែទៀត​ប៉ុណ្ណោះ​ ដែល​អង្គភាពគយ​ និងរដ្ឋករ​ នឹងចាត់​វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ ទៅលើ​រថយន្ត​ដែល​គ្មានពន្ធ។​

គិតចាប់តាំពីរដ្ឋាភិបាលបើកភ្លើងខៀវកាលពីខែកញ្ញា ឲ្យអង្គភាពគយ និងរដ្ឋករចាត់វិធានការប្រមូលរថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខកងទ័ព(ខម) ផ្លាកលេខនគរបាល(នប) ឬផ្លាកលេខស្ថាប័ន្ធរដ្ឋផ្សេងៗទៀត ឲ្យមកបង់ពន្ធ រហូតមកទល់ថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ មានរថយន្តចំនួន១ ៦៤០គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រកាសបង់ពន្ធអាករ។

ក្នុងចំណោមរថយន្តដែលម្ចាស់នាំយកមកបង់ពន្ធ និងប្រកាសតំកល់ប្រាក់ពន្ធទាំង១ ៦៤០គ្រឿងនេះ មានរថយន្តចង្កូតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កូតស្តាំចំនួន៨៣២គ្រឿង ក្នុងនោះ៨៥គ្រឿងបានកែចង្កូតពីស្តាំមកឆ្វេងរួចហើយ។ ដោយឡែក ប្រាក់ពន្ធ និងអាករ ដែលប្រមូលបានពីការបង់ពន្ធនៃរថយន្តទាំងចង្កូតឆ្វេង និងចង្កូតស្តាំនេះ មានចំនួនសរុប ១៧,៣លានដុល្លារ។

កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២និងកិច្ចប្រជុំអាស៊ីអឺរ៉ុបឆ្នាំ២០២១

នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២១ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ បានបញ្ចប់ជាស្ថាពរ ខណៈប្រទេសប្រុយណេ គឺជាប្រធាននៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ នេះ បានប្រារព្ធធ្វើឡើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែតុលា ឆ្នាំ២០២១។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៣៨ និងលើកទី៣៩ នៅឆ្នាំបន្ទាប់ប្រទេសកម្ពុជា នឹងក្លាយជាអ្នកបន្តវេន ពីប្រទេសប្រុយណេ ដែលត្រូវធ្វើជាប្រធាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០នៅឆ្នាំ២០២២ ខាងមុខ។ ក្នុងនាមជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តមួយចំនួនផងដែររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយនេះ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតផង។ សម្តេច តេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅប្រុយណេត្រូវបានបញ្ចប់ថា ការប្រជុំលើកទី៣៨និងលើកទី៣៩ត្រូវបានបិទបញ្ចប់ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាមួយរូប សម្តេចបានកាន់ញញួរប្រធានអាស៊ានរហូត៣ដងហើយ។

*អំពីមរណភាពរបស់មន្ត្រីជាន់ខ្ពស់នៅកម្ពុជា

-រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការក្នុងសំឡេងឯកច្ឆន្ទ ១០៧លើ១០៧សំឡេង។ យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានសម្រេច​បោះឆ្នោត​ជ្រើសតាំងលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអនុប្រធានទី១នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលទទួលមរណភាព កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ជាម យៀប បច្ចុប្បន្ន​មានអាយុ៧៥​ឆ្នាំ​​ ជា​តំណាង​រាស្ត្រខេត្ត​​ព្រៃវែង ​នៃគណ​បក្ស​ប្រជាជន​កម្ពុជា ​​តាំង​ពី​ឆ្នាំ​១៩៩៣ ​រហូត​ដល់​បច្ចុប្បន្ន​។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ចូល​ទិវង្គត​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ក្នុង​ប្រទេស​បារាំង ក្នុង​ព្រះជន្ម ៧៧ ព្រះវស្សា។ សម្តេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​បាន​ដឹកនាំ​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​តាំងពី​ឆ្នាំ​១៩៩២​មក​និង​បាន​ឆ្លងកាត់​ទំនាស់​ផ្ទៃក្នុង​បក្ស​ជាច្រើន​សារ​ដោយ​មាន​ការ​ទម្លាក់​ពីបក្ស​និង​រស់នៅ​និរទេស​ព្រះកាយ​ក្រៅ​ប្រទេស​ចំនួន​ពីរ​ដង​មុន​ពេល​ដែល​ព្រះអង្គ​ត្រូវ​បាន​ថ្វាយ​តួនាទី​ជា​ប្រធាន​គណបក្ស​វិញ​នៅ​ឆ្នាំ​២០១៥។

កាលពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០១៨ ព្រះអង្គ​បាន​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ព្រះសីហនុ។ បន្ទាប់​មក ព្រះអង្គ​បាន​យាង​ទៅ​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​បារាំង រហូត​ដល់​ពេល​ដែល​ព្រះអង្គ​ចូល​ទិវង្គត​នេះ។ សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ជាប់​ឆ្នោត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទីមួយ​ពី​ឆ្នាំ ១៩៩៣ រហូត​ដល់​ពេល​ដែល​ព្រះអង្គ​ត្រូវ​បាន​ទម្លាក់​នៅ​ក្នុង​រដ្ឋប្រហារ​នៅ​ឆ្នាំ ១៩៩៧។ ប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ​បាន​ថ្លែង​នៅ​ក្នុង​សារ​ថា​ លោក​មានក្តី​ក្តុកក្តួល​ដែល​បាន​ទទួល​ដំណឹង​ពី​ការ​សោយ​ទិវង្គត​នេះ។

*យើងបញ្ចប់ការសរុបព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំជាមួយនឹងស្ថានការណ៍នយោបាយ វិវត្តន៍ចុងក្រោយ៖

ទីបំផុតសម្ព័ន្ធមេត្រីភាពរវាងលោក កឹម សុខា និង លោក សម រង្ស៊ី ដើរមកផ្លូវបំបែកត្រឹមការប្រកាសរបស់លោក កឹម សុខា នៅថ្ងៃទី២៨វិច្ឆកាថា រូបលោក និង សម រង្ស៊ី  មិនមែនជាមនុស្សតែមួយទៀតឡើយ​ហើយ ព្រមទាំងព្រមាន លោក សម រង្ស៊ី និង បក្ខពួក​ឱ្យ​ឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតលោក ទៅប្រើប្រាស់ភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។

លោក កឹម  សុខា បានលើកឡើងក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងដូច្នេះថា ” ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយ នឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ”។

លោកលើកឡើងទៀតថា “លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយយទៅបង្កើតចលនា នយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯងជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ”។

លោកបានបញ្ជាក់ថា “អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះនិងរូបថតខ្ញុំទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ”៕

ចំណែកកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា បានចេញមុខមកការពារឪពុករបស់ខ្លួនក្រោយលោក សម រង្ស៊ីបានវាយប្រហារថា លោក កឹម សុខា មានអ្នកនៅពីក្រោយឲ្យនិយាយថា “កឹម សុខា-សម រង្ស៊ីមិនមែនជាមនុស្សតែមួយ” ។ កញ្ញាថ្លែងថា “ឪពុកខ្ញុំមានសិទ្ធិបញ្ចេញមតិហៅដៃគូបោកប្រាស់ឲ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន”។ នេះជាសាររបស់កញ្ញា កឹម មនោវិទ្យា ដែលបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីឆ្លើយតបចំពោះលោក សម រង្ស៉ី។

កញ្ញាបញ្ជាក់បន្តថា “ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវឲ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាការពោរពេញដោយបោកប្រាស់»។

ជុំវិញការបែកបាក់គ្នានេះសម្ដេច ហ៊ុន សែន ប្រកាសបដិសេធមិនបាននៅពីក្រោយរឿងនេះឡើយ។ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អាគេបែកបាក់គ្នានៅឯណាណោះ មកបន្ទោសឯងដែរ ។ វិភាគចុះ វិភាគឡើង អាគេបែកបាក់គ្នា មកបន្ទោស ហ៊ុន សែន មិនយល់រឿងកន្លែងហ្នឹង»។

សម្ដេចតេជោបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលគេបំបែកតាំងពីឆ្នាំ១៩៨០ តែគណបក្សប្រជាជនមិនព្រមបែក គឺមានភាពរឹងមាំបន្ថែមទៀត។ សម្ដេចតេជោ បញ្ជាក់ទៀតថា «ពួកអ្នកឯង វាបែកខ្លួនឯង ហើយម៉េចបន្ទោសគេ។ ឥឡូវយើងនិយាយរឿង ប្ដី-ប្រពន្ធ ទៅចុះ ទោះបីអ្នកណាថាអីក៏ដោយ ម្ដាយក្មេក ឪពុកក្មេក បងថ្លៃ ប្អូនថ្លៃ ធ្វើម៉េចក៏ដោយ បើ ប្ដី-ប្រពន្ធ យើងស្រលាញ់គ្នា យើងនៅតែយកគ្នាបាន។ ម៉េច ចាំបាច់មកបន្ទោសគេ ចឹងពួកហែងខ្សោយណាស់ ធ្វើឲ្យគេបំបែកបាន ចឹង ហ៊ុន សែន ខ្លាំងជាងតោ»។

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវចំនួន​ ៣៧ខ្សែ​ និង​អាងប្រព្រឹត្តកម្ម​ទឹកកខ្វក់​ចំនួន៣​ នា ​ នៅខេត្ត​ព្រះសីហនុដែរ​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ថា លោកគាំទ្រ​កូនប្រុសច្បង​របស់លោក​ គឺលោក​ ហ៊ុន ម៉ាណែត​ ឲ្យធ្វើ​ជានាយករដ្ឋមន្ត្រី​បន្តពីលោក​ ​តាមរយៈ​ការ​បោះឆ្នោត។​

ភ្លាមៗ​បន្ទាប់​ពីលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាស​ថាកូន​ប្រុសច្បង​របស់​លោកគឺ​ លោក​ ហ៊ុន​ ម៉ាណែត​ នឹង​ធ្វើជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពីលោក​ តែត្រូវ​ឆ្លង​កាត់​ការបោះឆ្នោត​ ស្ថាប័ន​សាធារណៈ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ សកម្មជន​ដែល​ស្រលាញ់​គណបក្ស​កាន់​អំណាច​បាន​បង្ហោះ​សារ​ព្រោងព្រាធ​ តាម​បណ្តាញ​សង្គម​ និង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ គាំទ្រ​ការ​ប្រកាស​របស់​សម្ដេច ហ៊ុន សែន។​ អ្នកវិភាគ​ និង​អង្គការ​សង្គម​ស៊ីវិល​ទទួល​ស្គាល់ថា​ វាជា​រឿងធម្មតា​ និង​ជាគោលការណ៍​ផ្ទៃក្នុង​គណបក្ស​ ដែល​មេដឹក​នាំកាន់​ ត្រូវ​តែត្រួសត្រាយ​ផ្លូវសម្រាប់​អ្នកជំនាន់​ក្រោយ​ ខណៈ​ការសម្រេច​ចុងក្រោយ​ស្ថិតនៅ​លើការ​ជ្រើសរើស​របស់​ប្រជាពលរដ្ឋ។​

សារគាំទ្រលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានរំលេចនូវខ្លឹមសារដូចៗគ្នាផង និងខ្លឹមសារផ្សេងៗគ្នាផង នៅក្នុងន័យរួមថា ជាការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

អ្នកគាំទ្របក្សកាន់អំណាចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ដែលទទួលបានការកោតសរសើរ ការគោរព ស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅថ្ងៃទី៦ខែធ្នូនេះក្នុងពិធីសម្ពោធប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យយុវជនគណបក្សប្រជាជនកម្ពុជាឈរឈ្មោះប្រកួតប្រជែងជាបេក្ខភាពនាយករដ្ឋមន្ត្រីដូចលោក ហ៊ុន ម៉ាណែត។ ក្រៅពីលោក ហ៊ុន ម៉ាណែត សម្ដេចប្រកាសត្រៀមយុវជន៤នាក់ផ្សេងទៀតឲ្យឈរឈ្មោះជាបេក្ខភាពជានាយករដ្ឋមន្ត្រីដែរ តែសម្ដេចមិនបានបង្ហើបឡើយថា ពួកគេទាំង៤នាក់នោះជាអ្នកណាទេ។ ប៉ុន្តែសម្ដេចកត់សម្គាល់ក្នុងចិត្តថា ពួកគេទាំងនោះក៏ចេញមកប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែរ។

នៅទីបំផុត អង្គសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១ បានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត។ក្នុងនោះ ក៏បានតែងតាំង សម្ដេច ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន ស៊ីណូហ្វាម (Sinovam) បាននិងកំពុងធ្វើការសិក្សាជាមួយក្រសួងពាក់ព័ន្ធកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះលោក វ៉ាង វិនធាន បានមានប្រសាសន៍ថា «ចាប់ពីឆ្នាំក្រោយទៅ ប្រជាជនកម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសរបស់ខ្លួន»។

ក្នុងឱកាសនេះ លោក ឯកអគ្គរដ្ឋទូត ក៏បានឱ្យដឹងផងដែរថា ភាគីចិនបានកំពុងធ្វើការសិក្សា ក្នុងការពិនិត្យលទ្ធភាព នាំផ្លែមៀន និងត្រីប្រា ចូលទៅកាន់ប្រទេសចិនផងដែរ។

*អំពីការអភិរក្សធនធានធម្មជាតិ៖

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានឲ្យដឹងថាបើតាមរបាយការណ៍របស់ រាជបណ្ឌិត្យសភាកម្ពុជា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអ្នកពាក់ព័ន្ធ ត្រូវដកហូតដីព្រៃលិចទឹកទាំងនោះ យកមកវិញជាបន្ទាន់។

សម្ដេចតេជោ បានថ្លែងថា «ខ្ញុំចេញបញ្ជាឲ្យដកត្រឡប់យកមកវិញទាំងអស់ នូវដីទាំងឡាយដែលបានកាប់រួចមកហើយ ដូចជា នៅខេត្តកំពង់ឆ្នាំង ប្រសិនបើរបាយការណ៍នេះខុស (របាយការណ៍របស់លោក សុខ ទូច) ក៏ខ្ញុំសូមអាធ្យាស្រ័យ លឺថា អតីត អភិបាលខេត្តដែលទើបចាកចេញពីដំណែង ក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង ២ពាន់ហិកតា ឯណោះ ដូច្នេះខ្ញុំមិនគិតថា មិនខ្វល់ថា វាជាដីអតីតអភិបាលខេត្ត ទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវប្រមូលយកដីនេះវិញទាំងអស់ ហើយដីនោះជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ នៅពេលក្រោយ»។

សម្ដេចតេជោ បានបន្ដថា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ត្រូវធ្វើកិច្ចការងារទាំងនេះបន្ទាន់ ដើម្បីបែងចែកភារកិច្ចគ្នា ព្រោះថា ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរ បានបោះព្រំដី ដែលបានកំណត់តំបន់ត្រូវការពារ ដែលគ្មាននរណាមួយប៉ះពាល់បានឡើយ។ សម្ដេចថា ត្រូវដកហូតដីព្រៃខុសច្បាប់ មកវិញទាំងអស់ ទាំងមន្ដ្រី និងប្រជាជន។

សម្ដេចតេជោ ក៏បានបញ្ជាឲ្យ លោក សៅ សុខា ត្រូវដឹកនាំកម្លាំងជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាដីព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់គ្រប់មធ្យាបាយ៕

To Top
×