ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហាញបំណងពង្រីកផ្លូវជាតិលេខ៤ ដោយខ្លួនឯង ក្រោយរងចាំ ពីប្រទេសដើមផ្តល់ជំនួយយូរពេក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញគោលបំណង ក្នុងការពង្រីកផ្លូវជាតិលេខ៤ ដោយខ្លួនឯង ក្រោយរងចាំពី ប្រទេសដើមជំនួយ (សហរដ្ឋអាមេរិក) យូរពេក ។

ផ្លូវជាតិលេខ៤នេះ អាមេរិកជាម្ចាស់ជំនួយក្នុងការកសាងឡើងកាលពីជំនាន់ដើម ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋាន គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ មានប្រសាសន៍ថា «គ្រាន់តែដេញថ្លៃ! ដេញចុះដេញឡើងគឺនៅតែដេញ។ តិចទៀតបើធ្វើមិនទាន់ទេផ្លូវក្នុងខេត្តព្រះសីហនុ វាល្អជាងផ្លូវជាតិលេខ៤ ផ្លូវលេខ៤៨ និងល្អជាងផ្លូវជាតិលេខ៤»។

សម្ដេចតេជោបន្ថែមថា «តែមានពេលខ្លះវាធុញទ្រាន់ដែរ! ជួលកាលគិតដែរថាត្រូវដាក់ប៉ុន្មានរយលានចូលទៅម៉ង ធ្វើផ្លូវជាតិលេខ៤ ឲ្យបានធំប៉ុណ្ណាប៉ុណ្ណីមើល លុយខ្លួនឯង ព្រោះវាយូរពេក»។

និយាយក្នុងន័យឌឺដង សម្ដេចតេជោថា «មិនមែនយើងមិនចង់ធ្វើផ្លូវជាតិលេខ៤ទេ ក៏ប៉ុន្តែផ្លូវនេះជាផ្លូវរបស់សហរដ្ឋអាមេរិក ជាអ្នកជួយ ដល់ចឹងទៅយើងមិនដឹងទៅរកអ្នកណាជួយ លើសពីសហរដ្ឋអាមរិកទៅទៀត ចឹងក៏ចេះតែរងចាំៗ ទៅ។ តែឥឡូវបានធនាគារពិភពលោក ចុះហត្ថលេខាជួយខ្លះហើយ»។

ក្នុងឱកាសនេះ សម្ដេចតេជោ ក៏រំលឹកពីសុន្ទរកថា របស់សម្ដេច និយាយក្នុងសន្និបាតអង្គការសហប្រជាជាតិថា ជំនួយពីប្រទេសនានាមកយកទៅវិញអស់៨០% តែអ្នកទទួលបានតែ២០% ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា «ចឹងហើយរកលុយខ្លួនឯង ធ្វើខ្លួនឯងឲ្យបានស្រូត នឹងបានវាលឿន ឲ្យទាន់ចិត្ត ដូចករណីនៅខេត្តព្រះសីហនុ»។

ប៉ុន្តែយ៉ាងណា សម្ដេចតេជោ សង្ឃឹមថា គម្រោងដែលនៅសេសសល់នេះ នឹងត្រូវបានដេញថ្លៃបានលឿន។

សម្ដេចតេជោថា «មកប្រសើរជាងអត់មក បានយឺតប្រសើរជាងអត់បាន»៕

To Top