ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យពន្លឿនការលើកកម្រិត ប្រាក់សោធននិវត្តន៍ របស់អតីតមន្ដ្រីរាជការ និងយុទ្ធជនចូលនិវត្តន៍

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ឱ្យបានកើនខ្ពស់ជាងមុន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ណែនាំដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រៀបចំធ្វើការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឲ្យបានកើនខ្ពស់ជាងមុន ដើម្បីបង្កើនល្បឿន នៃការភ្ជិតគម្លាតប្រាក់សោធននិវត្តន៍រវាង អ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី»។

សម្ដេចតេជោ បានបន្ដថា ជាមួយគ្នានេះ ប្រាក់សោធននិវត្តន៍ ត្រូវបើកជូនអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ឲ្យបានទៀងទាត់ដើម្បីពួកគាត់អាចយកថវិកានេះផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់តាមតម្រូវការបានទាន់ពេលវេលា។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច បានខិតខំបំពេញបេសកកម្មយ៉ាងជោគជ័យដោយប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋនៅឆ្នាំ២០២១ បានចំនួន ១២៤.០២% លើសផែនការ ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ព្រមទាំង សម្រេចបានកំណើន នៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ បើធៀបនឹង ៣ខែ ដើមឆ្នាំ២០២១៕

To Top