ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅវត្តភ្នំ

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងគណៈអភិបាលរាជធានីភ្នំពេញ ទាំងអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។

ពិធីខាងលើនេះ បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកសាងឡើង ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកំពស់បរិស្ថានសោភណ្ឌភាពក្នុងរាជធានីភ្នំពេញផងដែរ។

សង្រ្កាន្តឆ្នាំថ្មី ឆ្នាំខាលចត្វាសក័ ព.ស២៥៦៦ បានចូលមកដល់ នៅវេលាម៉ោង១០.០០នាទីព្រឹក ថ្ងៃទី១៤មេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ នេះជាការរៀបចំសង្គ្រាន្តវត្តភ្នំ របស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មីឡើងវិញ ក្រោយពីអាក់ខាន មិនបានរៀបចំ អស់រយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរីរាលដាល នៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាល កូវីដ ១៩។

រាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន។

នាឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៏ជាតិជាច្រើន ដែលមានប្រជាពលរដ្ឋជាច្រើន បានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ៏  មានទាញព្រ័ត្រ,លោតបាវ,ចោលឈូង,បោះអង្គុញ,លាក់កន្សែង និងរាំកំសាន្តជាដើមក្នុងសង្គ្រាន្តវត្តភ្នំ ដែលរៀបចំឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ផ្តល់ឱកាសកំសាន្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានអញ្ជើញ ទៅស្រុកកំណើត។ 

លោក ឃួង ស្រេង បានលើកឡើងថា យើងបានសប្បាយរីករាយ គឺដោយសារយើង មានសុខសន្តិភាពពេញលេញ ស្ថេរភាពក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាព គឺសម្តេចតេជោហ៊ុនសែន ហើយស្របពេលដែលកម្ពុជា កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២២នេះ និងព្រឹត្តិការសំខាន់មួយទៀតគឺការត្រៀមរៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះផងដែរ៕

To Top