ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៤ នៅប្រទេសជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

យោងតាមគេហទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រ ដល់ការសម្រេចចិត្ត ជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយ ដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហា ដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។ កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

To Top