ព័ត៌មានជាតិ

កូវីដ ធូរស្រាល តែដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ហាញពីការកើនឡើង គួរឲ្យព្រួយបារម្ភ

ព្រះសីហនុ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.  និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានឲ្យដឹងថា គ្រាន់តែនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៣៧០ករណី បានកើតឡើងមកលើបងប្អូនកម្មករនិយោជិត ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ (ស្លាប់ ១៤នាក់ របួសធ្ងន់ ១១៩នាក់ និងរបួសស្រាល ២៦៩នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្ត ដឹកកម្មករនិយោជិត មានចំនួន ៤លើក របួសសរុប ៨៨នាក់ (របួសធ្ងន់ចំនួន ១៣នាក់ និងរបួសស្រាលចំនួន ៧៥នាក់)។

លោក ហេង សុផាន់ណារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស.  និងជាសមាជិកគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ច ប្រជុំផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះបានរំលឹកទៀតថា៖ ស្ថានភាពកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់មានការធូរស្រាល តែករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្ត ដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិត មួយចំនួន ត្រូវបានកែច្នៃ ចេញពីរថយន្តដឹកទំនិញ ទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យមិនស្រប ទៅតាមលក្ខណៈ បច្ចេកទេស។

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ទៀតថា៖ កន្លងមក ប.ស.ស. ដែលមានក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (ស.ផ.ក) ជាសេនាធិការ តែងតែសហការជាមួយ គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលមានភារៈកិច្ចលើការងារចរាចរណ៍ ក្នុងន័យបង្កើនការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនកម្មករនិយោជិត ពិសេសបងប្អូន ដែលជាអ្នកបើកបររថយន្តដឹកកម្មករ ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាព ធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកដែលបានកើតឡើង ចំពោះបងប្អូនកម្មករនិយោជិតឲ្យមកនៅកម្រិតទាបបំផុត។

លោក ក៏បានសំណូមពរដល់ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរព ទៅលើសីលធម៌ ១០ចំណុច ព្រមទាំងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ ៗគ្នាក្នុងពេលធ្វើដំណើរ តាមរយៈទោចក្រយានយន្តនៅតាមដងផ្លូវ ។ 

ក្នុងឱកាសជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់បងប្អូនអ្នកបើកបរ រថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ធ្វើយ៉ាងណាត្រូវ៖

– ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា

– សម្រាប់រថយន្តដឹកកម្មករ មិនត្រូវផ្ទុកកម្មករលើសចំណុះ

– ត្រួតពិនិត្យយានយន្តមុនពេលចេញដំណេីរទៅដឹកកម្មករ

– ឆៀករថយន្តជាប្រចាំ

– អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវទៅប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយាន

– ចូលរួមវគ្គបណ្តុះបណ្តាល របស់ក្រុមការងារ ប.ស.ស. ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ។ 

សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយខាងលើ ប្រព្រឹត្តនាព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីតំណាង ស្ថាប័ន មន្ទីរ រោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួម ពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករ-កម្មការិនី សរុបប្រមាណជិត ៣០០នាក់៕

To Top