ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. ៖ កិច្ចសហការអនុវត្តការងារដោយម៉ឺងម៉ាត់ និងទាន់ពេលវេលា គឺជាការការពារអត្ថប្រយោជន៍ជូនបងប្អូនជាសមាជិក

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ខ្លះៗប្រចាំខែមេសាកន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានថ្លែងថា ៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ  ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ដាច់ខាតត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាននូវរាល់កិច្ចការរបស់ខ្លួន  ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។

ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាពបានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. ទទួលបានលទ្ធផលដ៏ប្រសើរ និងមានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។ 

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ Hybrid ៕

To Top