ភ្នំពេញ ៖ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ដែលបានចូលរួមប្រកួតប្រជែងដែរនោះ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ពោលក្រោយមួយថ្ងៃ បានចេញសេចក្តីថ្លែងការណ៍ជុំវិញ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដោយអះអាងថា ដំណើរការប្រព្រឹត្តទៅដោយរលូនក្នុងស្ថានភាព សន្តិសុខ-សណ្តាប់ធ្នាប់ល្អ និងក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតនោះទេ ជាពិសេស ពលរដ្ឋបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ ។

ការលើកសរសើរ ពីសំណាក់គណបក្សយុវជនកម្ពុជាដែលទទួលបានសំឡេងស្តួចស្តើងនោះ គឺខុសពីគណបក្សភ្លើងទៀនដែលទទួលបានសំឡេងគួរសមដែរនោះ បានលើកឡើងថា ការបោះឆ្នោតលើកនេះ អាក្រក់ជាងពេលណាៗទាំងអស់ ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ននៅព្រលប់ថ្ងៃ៥ មិថុនា ក្រោយបោះឆ្នោតហើយប៉ុន្មានម៉ោង គឺអ្នកដែលអញ្ជើញទៅបោះឆ្នោតចំនួន ៧.១៧២.៤៤៨នាក់ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន២សែននាក់ ស្មើ៧៧.៩១% ។
ជាមួយគ្នានោះដែរ ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ ក៏បានលើកឡើងថា ចំនួនអ្នកចូលរួមបោះឆ្នោតគឺមានចំនួនខ្ពស់ ហើយអ្នកដែលមិនចូលរួមបោះដោយសារកត្តាធាតុអាកាស ក្នុងនោះក៏មានអ្នកដែលមានឈ្មោះ តែកំពុងរស់នៅក្រៅប្រទេស៕
