នយោបាយ

បទអត្ថាធិប្បាយ ៖ BRICS នឹងនាំមកនូវការ អភិវឌ្ឍសេដ្ឋកិច្ច និងភាពសុខដុម រមនា សម្រាប់សកលលោក

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគ សេដ្ឋកិច្ច និងនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យតម្លៃខ្ពស់ទៅលើព្រឹត្តិការណ៍ “BRICS Plus” ដែលរៀបចំដោយប្រទេសចិន កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ២០២២ ដោយចាត់តុកថា បណ្តាប្រទេស BRICS នឹងក្លាយជាប៉ូលថ្មីមួយ ដ៏សំខាន់ ក្នុងការទប់លំនឹងសេដ្ឋកិច្ច និងរនាំមកនូវការអភិវឌ្ឍ និងភាពសុខដុមរមនា សម្រាប់សកលលោក ។

តើ“BRICS គឺជាអ្វី? “BRICS គឺជាប្លុក នៃប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន ចំនួន៥ គឺមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយ BRICS នេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៦ ។

ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចសន្ទនាជាន់ខ្ពស់ នៃ ថ្នាក់ដឹកនាំប្រទេស «ប្រ៊ីកបូក ស្ដីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មី ដើម្បីរួមគ្នាអនុវត្ត របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព» ដែលរៀបចំ ឡើង ដោយប្រទេសចិន តាមប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ២០២២ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានសម្តែង នូវអំណរគុណ ដល់ភាគីចិន ដែលបានគោរពអញ្ជើញសម្តេច ចូលរួមក្នុងវេទិកា អន្តរជាតិនេះ ហើយបានបង្ហាញជំនឿជឿជាក់ថា កិច្ចសន្ទនានេះ បានចូលរួម ចំណែកពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ រវាងអាស៊ាន និង BRICS នាំមកនូវការអភិវឌ្ឍ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពសុខដុមរមនា សម្រាប់សកលលោក ។ កិច្ចសន្ទនានោះមានការអញ្ជើញ ចូលរួមពីឯកឧត្តមXi Jinping ប្រធានរដ្ឋចិនប្រធានាធិបតី អាហ្វ្រិខាងត្បូង ប្រធានាធិបតី ប្រេស៊ីល ប្រធានាធិបតីរុស្ស៉ី និង នាយករដ្ឋមន្ត្រីឥណ្ឌា ព្រមទាំងមានការចូលរួម ពីបណ្តាប្រមុខរដ្ឋ /រដ្ឋាភិបាល នៃប្រទេសកំពុង អភិវឌ្ឍន៍មួយចំនួនទៀត ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា BRICS ដែលជាប្រទេសមានសេដ្ឋកិច្ច កំពុងលូតលាស់ខ្លាំង ប្រកបដោយ សក្តានុពលមានតួនាទី កាន់តែសំខាន់មិនអាចខ្វះ បានក្នុងការពង្រីក និងពង្រឹងចលនា នៃសកម្មភាពសេដ្ឋកិច្ចសកលលោក ឱ្យត្រលប់ទៅរកកំណើន សក្តានុពលដើម្បីពន្លឿនការ សម្រេចបាននូវ គោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាព ។ BRICS Plus ជាកាលានុវត្តភាពមួយ ដ៏សំខាន់សម្រាប់ ពង្រឹង ភាពជាដៃគូ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងការបង្កើតវេទិកា សម្រាប់លើកកម្ពស់ កិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើម ក្នុងការសម្រេចឱ្យបាន នូវរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព ។

លោកបណ្ឌិត គីសេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ សេដ្ឋកិច្ច បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា កិច្ចប្រជុំកំពូល BRICS ដែលដឹកនាំដោយចិន នៅឆ្នាំ២០២២នេះ គឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច មួយដែលមិនផ្អែកលើម៉ូដែលប្រទេសលោកខាងលិច ពោលគឺកាត់បន្ថយការ ការពារ ការដាក់របាំងការពារពាណិជ្ជកម្ម របស់ប្រទសលោកខាងលិច មានសហរដ្ឋអាមេរិកជាដើម ធ្វើឱ្យកើតបញ្ហាសម្រាប់ ពិភពលោក ជាពិសេសទីផ្សារផលិតកម្ម ដែលចេញពីប្រទេសចិន ។

លោកបន្តថា ការដាក់របាំងពាណិជ្ជកម្ម ដែលកើតមានក្នុងជំនាន់លោកត្រាំ អតីតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៩ បានធ្វើឱ្យមានឥទ្ធិពលអាក្រក់ ដល់សហគ្រាសនានា ក្នុងពិភពលោក ហើយវា ក៏មានឥទ្ធិពលដល់អត្រា អតិផរណា នៃសហរដ្ឋអាមេរិកផងដែរ។ BRICS ជាប្រទេសមានឧស្សាហកម្ម រីកលូតលាស់ថ្មី អ៊ីចឹងពិភពលោក ត្រូវការទំនិញ ចេញពីប្រទេសទាំងអស់នេះ ជាការចាំបាច់ ។ កិច្ចសហប្រតិបត្តិការនេះ គឺជាបណ្តុះ នៃតម្លៃបន្ថែមខ្សែ ច្រវាក់ផលិតកម្មរបស់ប្រទេសនីមួយៗ ។

សំឡេង៖ « ការចូលរួម BRICS ជាការផ្លាស់ប្ដូររបប នៃសណ្តាប់ធ្នាប់ពិភពលោក ព្រោះថា កន្លងមកប្រទេសលោកខាងលិច ជាអ្នករៀបចំសណ្តាប់ធ្នាប់ ពិភពលោក បើពួកគេចង់កាច់ចង្កូតពិភពលោក ទៅណាស្រេចតែពួកគេ ជាពិសេសសហរដ្ឋអាមេរិក ។ BRICS ជាប្រទេស មានផ្ទៃដីធំ និងប្រជាជនច្រើន ជាងគេនៅ លើសកលលោក ។ អ៊ីចឹងកម្លាំងថ្មីរបស់ BRICSនេះ នឹងអាចធ្វើឱ្យមានការកែប្រែ របៀបរបប នៃការរៀបចំសណ្តាប់ធ្នាប់ របស់ពិភពលោក ឡើងវិញ ។ BRICS និងកម្ពុជា ក្នុងន័យនយោបាយ យើងអាចភ្ជាប់គ្នាបាន ដោយសារតែកម្ពុជា ក៏ជាប្រទេសមានសំឡេងមួយក្នុងអង្គការសហប្រជាជាតិ និងក្នុងអាស៊ានផងដែរ ។ ប៉ុន្តែបើយើងនិយាយពីការបូក ទៅលើចំនួនប្រជាជន និងសេដ្ឋកិច្ចវិញ កម្ពុជាមិនអាចស្មើនិង BRICS បានទេ ដោយសារតែផ្ទៃដីកម្ពុជា មានតូច មានផលិតកម្ម ក៏នៅតិចផងដែរ»។

ជាមួយគ្នានេះដែរ លោកមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថាបើពិនិត្យជាតួលេខ ក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ BRICS នេះ បណ្តាប្រទេសទាំង៥គឺតំណាងឲ្យ ៣០% នៃផ្ទៃដីពិភពលោក, ៤២%នៃចំនួនប្រជាជនសរុបក្នុងពិភពលោក និង ២០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។ ដូច្នេះ គឺជាទំហំតួលេខមួយ ដ៏ធំសម្បើម ជាហេតុនាំឲ្យអាចនិយាយបានថា កិច្ចសហប្រតិបត្តិការ BRICS នេះគឺពិតជាសំខាន់ណាស់ សម្រាប់ពិភពលោក សំខាន់ទាំង សម្រាប់សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចសកល ។ កិច្ចសហប្រតិបត្តិការ BRICS នេះគឺតែងតែយកចិត្តទុកដាក់ និងបង្ហាញនូវ ការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគីនិយម អភិបាលកិច្ចសកល សេដ្ឋកិច្ចពិភពលោក ដែលមានលក្ខណៈបើកចំហរ ជាមួយនឹងពហុភាគី និយមនិងកំណើនប្រកបដោយបរិយាប័ន្ន ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ហើយភាពជាស្មារតីពហុភាគីនិយម ដែលផ្អែកលើច្បាប់ របស់ BRICSនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មី នាពេលបច្ចុប្បន្ន។ ចាប់តាំងពីការបង្កើត BRICS មក លោកបណ្ឌិត សង្កេតឃើញថា បណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការនេះ គឺ ជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកល ដែលប្រកប ដោយបរិយាប័ន្ន ហើយបានរួមចំណែកយ៉ាងសំខាន់ ដល់កំណែទម្រង់ប្រព័ន្ធ អភិបាលកិច្ចពិភពលោក សន្តិភាព និងស្ថិរភាពអន្តរជាតិ ព្រមទាំងជាកម្លាំង ជំរុញថ្មីមួយ ដល់កិច្ចសហប្រតិបត្តិការ នៃសេដ្ឋកិច្ចពិភពលោក។ កិច្ចប្រជុំកំពូល BRICSនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មេដឹកនាំនៃសមាជិក BRICS ដើម្បីបង្កើតភាពជាដៃគូ ឲ្យកាន់តែរឹងមាំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងដើម្បីដោះស្រាយបញ្ហា ប្រឈមធំៗចំពោះសេដ្ឋកិច្ច និង សន្តិសុខពិភពលោក ។

លោកជឿជាក់ថា ប្រទេសចិន នឹងប្រើប្រាស់ឱកាសនេះ ដើម្បីលើកកម្ពស់ស្មារតី BRICS ដែលបើកចំហរ មានលក្ខណៈបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់ វិស័យ និងចាប់ផ្តើមដំណើរឆ្ពោះ ទៅរកកិច្ចសហប្រតិបត្តិការ បែបថ្មីមួយរបស់ BRICS ដោយសារតែយើងដឹងហើយថា ប្រទេសចិនគឺតួអង្គវិនិយោគ ដៃគូពាណិជ្ជកម្មដ៏សំខាន់ ក្នុងប្លុក BRICS ហើយកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងសមាជិកផ្សេងៗទៀតនៃ BRICS គឺមានឥទ្ធិពលខ្លាំងណាស់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច របស់បណ្តាប្រទេសទាំងនេះ ក៏ដូចជាសេដ្ឋកិច្ចពិភពលោកទាំងមូល ។

លោកបណ្ឌិត គិន ភាយល់ឃើញថា សម្រាប់កម្ពុជា អាចទទួលបានផលប្រយោជន៍ពី BRICS នេះ ប្រសិនបើយើងអាចបង្កើតភាពជាដៃគូជាមួយ BRICS ក្នុងក្របខណ្ឌនៃផែនការពង្រីក BRICS ដែលគេហៅថា BRICS Plus ដែលជាយន្តការមួយនឹងលើកកម្ពស់តម្លៃ រួមរបស់មនុស្សជាតិ ទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍ សមធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព នៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ឆ្ពោះទៅរកសហគមន៍ដែលមានជោគវាសនារួមគ្នា សម្រាប់មនុស្សជាតិ ។

លោកបានគូសបញ្ជាក់ដែរថា ក្របខណ្ឌ BRICS Plus នេះឆ្លុះបញ្ជាំងពីស្មារតី ពហុភាគីនិយម ពាហុវប្បធម៌ហើយជាលទ្ធផល ដែលអាចធានា នៃការរស់រានមានជីវិតនៃទីផ្សារ ដែលកំពុងរីកចម្រើន សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ពង្រឹងអភិបាលកិច្ចសកល ការពារសន្តិភាព និងភាពស្ងប់សុខពិភពលោកដែរ ដូច្នេះ បើកម្ពុជាអាចជាផ្នែកមួយ នៃផែនការពង្រីក BRICS ឬ BRICS Plus នេះ កម្ពុជាអាចទាញបាននូវកាលានុវត្តភាព ទៅលើវិស័យពាណិជ្ជកម្ម វិនិយោគ ទីផ្សារ ហើយក៏ជាផ្នែកមួយនៃស្មារតីពហុភាគីនិយម របស់កម្ពុជាផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top