ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួនយុវជន ដែលយកខ្សែក្រវ៉ាត់វាយ ទៅលើសមត្ថកិច្ចនគរបាលចរាចរណ៍ ពីបទ: ហិង្សាមានស្ថានទម្ងន់ទោស និង ជេរប្រមាថ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំយុវជនម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ សវនាការនតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការប្រើអំពើហិង្សា ដោយដោះខ្សែក្រវ៉ាត់ ពីចង្កេះ វាយទៅលើសមត្ថកិច្ចនគរបាលចរាចរណ៍ ម្នាក់ ដោយសារតែគាត់ខឹង មន្ត្រីនគរបាលចរាចរណ៍ បានស្ទាក់ចាប់ម៉ូតូរបស់គាត់ និង ផាកពិន័យ ខណៈដែលគាត់កំពុងតែ ជិះម៉ូតូមិនពាក់មួកសុវត្តិភាព ប្រព្រឹត្ត នៅចំណុច គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ស្តុប ស្ពានដែកចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ នៅក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ។ គាត់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ហឹង្សាដោយចេតនា មានស្ថានទម្ងន់ និង ជេរប្រមាថ តាមបញ្ញត្តិមាត្រា ២១៨ និង ៣០៧ នៃ ក្រមព្រហ្មទណ្ឌ។

គាត់អាច ប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងតិច ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរទ្ធភាព ដូចបទចោទប្រកាន់ ខាងលើ។

ជនត្រូវចោទត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ នៅ ស្ពានដែកចំការដូង តាមបណ្ដោយផ្លូវលេខ២១៧ មូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពី គាត់បាន វាយទៅលើ សមត្ថកិច្ចនគរបាលចរាចរណ៍៕

ដោយ: លីហ្សា

To Top