Covid-19

សម្ដេចតេជោ ព្រមានចាប់ខ្លួនជនទាំងឡាយណា បំពុលសង្គមទាក់ទងកូវីដ ព្រោះមិនមែនជារឿងលេងសើច (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមាន និងដាក់បទបញ្ជាឲ្យសមត្ថកិច្ចធ្វើការ ចាប់ខ្លួនដល់ជនទាំងឡាយណា បំពុលសង្គមទាក់ទងនឹងជំងឺកូវីដ-១៩ ព្រោះមិនមែនជារឿងលេងសើចនោះឡើយ។

ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ បានប្រកាសពីការចាប់ខ្លួន បុរសម្នាក់មានអាខោនតិកតុក (TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» បានផ្សព្វផ្សាយបំពុលថា «មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង»។

សម្ដេចតេជោ ក៏អញ្ជើញអង្គការសង្គមស៊ីវិល អង្គការ សិទ្ធិមនុស្ស និងអង្គទូតនានា មកនិយាយជាមួយ សម្ដេច តើអ្នកឯងទទួលយកបានទេ? នៅព័ត៌មានបំភ័យបែបនេះ។ សម្ដេចថា រឿងនេះ មិនមែនជារឿងលេងសើចឡើយ ហើយការភ័យខ្លាចរបស់សាធារណៈជន មិនមែនរឿងបញ្ចេញមតិនោះទេ។

សម្ដេចតេជោ បានថ្លែងថា «ខ្ញុំ សូមព្រមានទុកជាមុន អ្នកណាក៏ដោយដែលយកបញ្ហាកូវីដ-១៩ ទៅជាបញ្ហាលេងសើច បំពុលបរិយាកាស ត្រូវបានចាប់ខ្លួន។ អា អ៊ូ ខុង នេះត្រូវបានចាប់ខ្លួនហើយ»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បន្ដថា នៅលើពិភពលោកកំពុងប្រឆាំង ការបំភ្លៃព័ត៌មានក្លែងក្លាយ ហេតុអ្វីកម្ពុជាប្រឆាំងមិនបាន?។ សម្ដេចបន្ដថា ក្រោយសមត្ថកិច្ចឃាត់ខ្លួនបរុសឈ្មោះ អ៊ូ ខុង រួចហើយនោះ សាធារណៈមតិកុំលើកឡើងថា «មកពីដង្ហែរគណបក្សភ្លើងទៀន»។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ខ្ញុំជានាយករដ្ឋមន្ត្រី បើខ្ញុំមិនឲ្យចាប់ ជារឿងចំឡែក ហើយខ្ញុំ ធ្វើជានាយក រដ្ឋមន្ត្រីហើយ ខ្ញុំត្រូវតែបង្ក្រាបនូវអំពើទាំងឡាយដែល មិនពិត ប៉ុន្តែបើសិនជាខ្ញុំ មិនបញ្ជាឲ្យចាប់ ក៏នៅតែនគរបាលគេចាប់ដែរ តុលាការគេធ្វើការដែរ»។

សម្ដេចតេជោ បន្ថែមទៀតថា អ្នកណាក៏ដោយ ប្រើប្រាស់កូវីដ-១៩ ដើម្បីបំផ្លាញសេចក្ដីសុខរបស់ប្រជាជន នឹងត្រូវទទួលនូវការកាត់ទោសតាមផ្លូវច្បាប់ ហើយក៏មិនមែនសិទ្ធិបញ្ចេញមតិឡើយ។ សម្ដេចបញ្ជាក់បន្ថែមថា កាលណាបំភ្លៃព័ត៌មាន មិនត្រូវបានផ្ដន្ទាទោស ហើយចាត់ទុកជាសិទ្ធិបញ្ចេញមតិនោះ បានសេចក្ដីថា «ប្រទេសនេះ អស់ន័យហើយ» ដូច្នេះ ត្រូវតែធ្វើរឿងទាំងណាដែល បំភ្លៃព័ត៌មានក្នុងសង្គម។

ទាក់ទងនឹងវ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ក៏បាន បន្តអំពាវនាវឲ្យពលរដ្ឋនាំគ្នា ទៅចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រុមគ្រូពេទ្យ ដើម្បីការពារខ្លួន ដោយបច្ចុប្បន្ន កម្ពុជាមានប្រមាណ ១០,៤លានដូសក្នុងស្តុក ហើយ២០លានដូសទៀត នឹងមកដល់ ៕

To Top