ភ្នំពេញ៖ យុវជនជាអ្នកលេងហ្វេសប៊ុក (Facebook) និង Tik Tok ម្នាក់ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួន និង បញ្ជូន ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តារយៈហ្វេសប៊ុក ដោយបានផ្សព្វផ្សាយ ព័ត៌មានមិនពិតថា មានមនុស្សស្លាប់ ជាថ្មី ដោយសារ ជម្ងឺកូវីដ១៩ កាលពីថ្មីៗនេះ ។
យោងតាមដីកាតុលាការបានឲ្យដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ អ៊ូ ខុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ នៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេខេត្តត្បូងឃ្មុំ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងអាចប្រឈមនឹងជាប់គុក ចន្លោះពី ៦ ខែ រហូតដល់ ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព។
គាត់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តឹងព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ: លីហ្សា