ព័ត៌មានជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរំភើប និងមោទកភាព ចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគម TYDA ដែលធ្វើសកម្មភាពមនុស្សធម៌ ក្នុងរយៈពេល១០ឆ្នាំនេះ 

ភ្នំពេញ៖ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានបង្ហាញក្តីរំភើប និងមោទនភាពចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគមTYDA ដែលបានធ្វើសកម្មភាពមនុស្សធម៌ក្នុងរយៈពេល ១០ឆ្នាំនេះ ដែលទាំងអស់នេះបានមកពីការលះបង់ពេលវេលា កម្លាំងកាយចិត្ត ការប្រើប្រាស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសេចក្តីស្រឡាញ់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស។ 

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញក្តីរំភើប និងមោទនភាពបែបនេះ  ក្នុងពិធីប្រកាសបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) លើកទី៧នៅរសៀលថ្ងៃទី០៨ ខែតុលា នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដៃគូរសហការ អជ្ញាធរ សប្បុរសជន ថ្នាក់ដឹកនាំនក្រុមការងារ សមាជិកសមាជិកាសមាគមTYDA ប្រមាណជាង៨០០នាក់។

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយ  និងបានធ្វើសកម្មភាពមនុស្សធម៌ទូទាំងប្រទេស ដោយបានផ្ដល់នូវជីវិតទីពីរ សុភមង្គល និងស្នាមញញឹមជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារ។ លទ្ធផលជាក់ស្ដែងគឺព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង៦ពាន់នាក់ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៥៨នាក់ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ 

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី  ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបាននិងកំពុងឧបត្ថម្ភសម្ភារៈ បរិក្ខា ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាពបន្តបេសកកម្មមនុស្សធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូរសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្មក៏ដូចជាជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម។ 

សូមបញ្ជាក់ថា គិតត្រឹមខែតុលាឆ្នាំ២០២២ នេះ សមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានរៀបចំពិធីប្រកាសបញ្ចូលសមាជិក បានចំនួន៧លើក ដែលធ្វើឱ្យសមាគម មកដល់ពេលនេះ មានសមាជិកចំនួនជាង៨០៦០នាក់៕

To Top