ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
![](https://dap-news.com/wp-content/uploads/2022/10/5B505230-9931-4AB8-B056-BA00AEF354A6-1024x682.jpeg)
ទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងពង្រីក ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាម និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម។
លើសពីនេះ អំឡុងពេលបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមាន៖ លោក ង្វៀន ហ៊្វុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, លោក ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម, លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជន ជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕
![](https://dap-news.com/wp-content/uploads/2022/10/0D77E16F-5230-4E7D-A5F3-6CDDD57CD6D6-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/9BC1C921-052E-4379-A168-55F255827AED-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)