ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មកទល់ពេលនេះ ពុំមានមេដឹកនាំរូបណា ឆ្លងជំងឺកូវីដពីកម្ពុជាឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះ ពុំមានមេដឹកនាំរូបណាមួយ ឆ្លងជំងឺកូវីដ-១៩ ចេញពីកម្ពុជាឡើយ បន្ទាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នាពេលថ្មីៗនេះ។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានតេស្តឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យ សម្តេច ខកខានចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃផងដែរ។

តាមរយៈសារសំឡេង នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដចតេជោ ហ៊ុន សែន បានឱ្យដឹងថា បញ្ហាឆ្លងជំងឺកូវីដ-១៩ គឺជារឿងតូចតាចសម្រាប់សម្ដេច ប៉ុន្ដែអ្វីដែលមានកង្វល់ធំជាងគេនោះ តើមេដឹកនាំដែលចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ី និងការវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ តើមានកើតកូវីដឬអត់? នោះ ទើបជាបញ្ហាកង្វល់ធំរបស់សម្ដេច។

សម្ដេចតេជោ បន្ដថា ព្រោះមេដឹកនាំបណ្ដាប្រទេសដែលមានប្រជុំនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៉ី ហៅថា G20 នេះ គឺចេញពីកម្ពុជាស្ទើតែពាក់កណ្ដាល ក្នុងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី គឺជាប្រធានអាស៊ានបន្ដវេនពី សម្ដេចនោះ គឺនៅជាប់ជាមួយសម្ដេច ជានិច្ច។

សម្ដេចតេជោ បន្ថែមថា ក្រៅពីនោះ ក៏មានមេដឹកនាំមួយចំនួនទៀត ក៏នៅជាប់គ្នា ចាប់ដៃគ្នា ហើយធ្វើដំណើរជាមួយទៀត រាប់ទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដែលអង្គុយទទួលទានអាហារជាប់សម្ដេច ផងដែរ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «កង្វល់ធំពិតប្រាកដរបស់ព្រះករុណាខ្ញុំ គឺសុខាភាពរបស់មេដឹកនាំបណ្ដាប្រទេស និងអង្គការអន្ដរជាតិនានា ដែលបានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ ឬអត់? ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៉ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញ ពុំឃើញមាន ថ្នាក់ដឹកនាំរូបណាមួយ ដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ»។

សម្ដេច នាយករដ្ឋមន្ដ្រី យល់ឃើញថា អ្វីដែលជាការឆ្លងជំងឺកូវីដ-១៩ សម្រាប់សម្ដេច ប្រហែលស្ថិតនៅក្នុងពេលវេលា សម្ដេច មានការហត់នើយខ្លាំងបំផុត ក្នុងរយៈពេលចុងក្រោយនេះ ដោយសម្ដេច ធ្វើការងារលើសពី ១០ម៉ោង។ សម្ដេច នឹងខិតខំព្យាបាលបន្ថែមទៀត ខណៈមកដល់ពេលនេះ សម្ដេច មានសុខភាពល្អធម្មតា ផងដែរ៕

To Top