ព័ត៌មានជាតិ

ADB គាំទ្រគម្រោងឧទ្យានថាមពល ពន្លឺព្រះអាទិត្យនៅកម្ពុជា និងចាប់ផ្ដើមដំណើរការ តភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិ

ភ្នំពេញ៖ ភាពជាដៃគូ រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា(EDC)ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ១០០ មេហ្គាវ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយជាមួយនឹងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(PV) ៦០ មេហ្គាវ៉ាត់ ដំបូងរបស់ខ្លួនដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB ។

ប្រធានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa បានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដើម្បីប្រារព្ធពិធីបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងពេលនោះ លោក Asakawa បានចុចកុងតាក់ដើម្បីចាប់ផ្តើមបញ្ជូនថាមពល។

លោក Asakawa បានលើកឡើងថា «ការផលិតថាមពលពន្លឺព្រះអាទិត្យ ត្រូវតែជាផ្នែកសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានថាមពល ដែលមានតម្លៃសមរម្យ និងការផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងមុនផងដែរ។ ADB មានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រដល់ការបង្កើតឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យដែលជាគម្រោងដ៏សំខាន់មួយមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល»។

លោកបានលើកឡើងថា គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បានបង្ហាញពីសក្តានុពល ក្នុងការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ទ្រុងទ្រាយធំ ដោយប្រសិទ្ធភាព ក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពី វិស័យសាធារណៈ ផងនិងឯកជនផង។

សម្រាប់គម្រោងនេះការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិត្រូវបានរៀបចំឡើងដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យឯកជនជាពីរដំណាក់កាលគឺ៦០មេហ្គាវ៉ាត់និង៤០មេហ្គាវ៉ាត់។

លោក Asakawa បានគូសបញ្ជាក់ថា ADB បានផ្តល់ការគាំទ្រគ្រប់ដំណាក់កាលសម្រាប់គម្រោង ហើយការគាំទ្រនេះរួមបញ្ចូលទាំងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងបញ្ជូនអគ្គិសនីផ្លូវថ្នល់ និងប្រព័ន្ធលូជំនួយប្រឹក្សាប្រតិបត្តិការនិងការប្រឹក្សាដល់EDCលើធាតុផ្សំនៃការវិនិយោគឯកជនក្នុងគម្រោងរួមទាំងការជ្រើសរើសផ្នែកឯកជនសម្រាប់ជាក្រុមគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធ និងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនសម្រាប់ការសាងសង់រោងចក្រផលិតថាមពលអគ្គិសនី៦០មេហ្គាវ៉ាត់នេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនី កម្ពុជា បានគូសបញ្ជាក់ថា ADB គឺជាតួអង្គដំបូងមួយ ដែលជួយកម្ពុជាបង្កើនលទ្ធភាពប្រើប្រាស់បណ្តាញ អគ្គិសនីតាមផ្ទះពី១៧ភាគរយ ក្នុងឆ្នាំ២០០៨ ដល់ជិត៩០ភាគរយ ក្នុងឆ្នាំ២០២១ ហើយក៏បានជួយកាត់បន្ថយថ្លៃអគ្គិសនីទូទាំងប្រទេសផងដែរ។

លោក បានថ្លែងថា«ADBគឺជាដៃគូអភិវឌ្ឍន៍ដំបូងគេរបស់កម្ពុជាដែលផ្តល់មូលនិធិដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យទំហំ១០ មេហ្គាវ៉ាត់នាពេលកន្លងទៅនេះ ហើយជាមួយនឹងឧទ្យានជាតិ ថាមពលពន្លឺព្រះអាទិត្យថ្មីនេះADB ស្ថិតនៅជាមួយកម្ពុជា ម្តងទៀតក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសដល់ជាង១០ភាគរយ នៃការផ្គត់ផ្គង់ថាមពលសរុប»។

ជាមួយនឹងការបន្តគាំទ្ររបស់ ADB រួមទាំងការផ្តល់សេវាប្រឹក្សាប្រតិបត្តិការជាមួយEDC ដើម្បីជួយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ២ជីហ្គាវ៉ាត់ប្រទេសកម្ពុជានឹងមានលក្ខខណ្ឌ ចាំបាច់សម្រាប់ការ ផ្លាស់ប្តូរទៅរកថាមពល កាន់តែស្អាតនិងប្រកបដោយនិរន្តរភាព។ នៅក្នុងផែនការមេ សម្រាប់ការអភិវឌ្ឍថាមពល (២០២១-២០៤០) ដែលកម្ពុជាបានអនុម័តនាពេលថ្មីៗនេះ(ដែលត្រូវបានបង្កើតឡើងដោយជំនួយបច្ចេកទេសពីADBវិភាគទាននៃថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០៣០និងលើសពី ៣ ០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០៤០។

សូមជម្រាបជូនថា ដំណាក់កាលទី១នៃការដេញថ្លៃ(សម្រាប់ ៦០ មេហ្គាវ៉ាត់ដំបូង) ត្រូវបានរៀបចំក្នុងឆ្នាំ២០១៩ និងបានទៅក្រុមហ៊ុន Prime Road Alternative ។

ដំណើរការនេះមានតម្លៃទាបបំផុត សម្រាប់ក្នុងចំណោមការតភ្ជាប់បណ្តាញ ថាមពលពន្លឺព្រះអាទិត្យ នៅអាស៊ីអាគ្នេយ៍គឺក្នុងតម្លៃ ០,០៣៩ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង (kWh)។

ការផលិតថាមពលអគ្គិសនី៤០មេហ្គាវ៉ាត់ទៀតត្រូវបានដេញថ្លៃនៅឆ្នាំ២០២២ និងបានទៅក្រុមហ៊ុនTrina Solar Co. Ltd។ ដំណើរការនេះមានតម្លៃលទ្ធកម្មកាន់តែទាបគឺ០,០២៦ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង៕

To Top