ព័ត៌មានជាតិ

ករណីស្មៀន សង្កាត់តាខ្មៅ កិបកេងលុយ ! សម្ដេច​ ​ស​ ខេង​ ថា អ្នកណាធ្វើខុស អ្នកនោះទទួលខុសត្រូវ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងពីករណីស្មៀន សាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ថា «អ្នកណាធ្វើខុស អ្នកនោះទទួលខុសត្រូវ» បន្ទាប់ស្មៀនរូបនេះ ពាក់ព័ន្ធនឹងការកិបកេងប្រាក់ ឧបត្ថម្ភជូនពលរដ្ឋក្រីក្រ ក្នុងអំឡុងពេល ប្រយុទ្ធជំងឺកូវីដ១៩ ។

ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធ មហាប្រល័យ (គ.ស.ហ) នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សម្ដេច ស ខេង បានថ្លែងថា ករណីការកិបកេង លុយរបស់​ស្មៀន សាលាសង្កាត់តាខ្មៅជារឿងបុគ្គល​ ប៉ុន្ដែស្មៀនជា មន្ដ្រីមុខងារសារធារណៈ មានតួនាទីដើម្បីជួយដល់ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ។ ប៉ុន្ដែការប្រព្រឹត្តបទល្មើស​ ជារឿងមួយទៀត ដែលទាំងអស់គ្នា ស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា អ្នកណាធ្វើខុស នោះទទួលខុសត្រូវ។

សូមរំលឹកថា ជនសង្ស័យឈ្មោះ សុខ សុផា ជាស្មៀន សាលាសង្កាត់តាខ្មៅ ត្រូវបានឃាត់ខ្លួន កាលពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ នាថ្ងៃដដែល នគរបាលខេត្តកណ្តាល ក៏បានបញ្ជូនស្មៀន សាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំង នគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ និងជំងឺកូវីដ១៩៕

To Top