ព័ត៌មានជាតិ

ពលរដ្ឋរស់នៅ ​​ខណ្ឌពោធិ៍សែនជ័យ សំណូមពរឱ្យស្ថាបនាផ្លូវ លូ និងស្តារប្រឡាយរំដោះទឹក

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ នៅថ្ងៃទី១៧ វិច្ឆិកានេះ ប្រជាពលរដ្ឋ​ បានស្នើឲ្យអាជ្ញាធរជួយ ដោះស្រាយជាសំណើយ៉ាងច្រើន លើការជួលជុល-ស្ថាបនាផ្លូវ លូនិងស្តារប្រឡាយដើម្បីរំដោះទឹកជាដើម ។

ក្នុងវេទិកាដែលធ្វើឡើង​ ក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី មានប្រជាពលរដ្ឋ បានលើកឡើងជាសំណួរ សំណើនិងសំណូមពរផ្ទាល់មាត់ ចំនួន១៥រូប ក្នុងនោះរួមមាន ស្នើសុំការជួលជុលផ្លូវមានគង្ហុក សុំការស្ថាបនាផ្លូវបេតុងតូចៗ នៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ស្នើសុំធ្វើបណ្តាញលូបង្ហូរទឹក ការស្នើសុំស្តារប្រឡាយ ជំរុញការផ្តល់សេវា នៅច្រកចេញចូលតែមួយ ឲ្យបានលឿន ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ ពីពាហ៍ សុំការកូនជាដើម ។

ពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាធរ ជួយអន្តរាគមន៍នេះ លោក ស៊ុយ សេរិទ្ធ បានឆ្លើយតបថា សម្រាប់អាជ្ញាធរ សង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូន ប្រជាពលរដ្ឋលើបញ្ហាទាំងនេះ ពោលគឺយើងដោះស្រាយ ជាតំណាក់កាល ព្រោះយើងធ្វើអ្វីៗ ទៅតាមគម្រោងថវិកាប្រចាំឆ្នាំ ឬគម្រោងអភិវឌ្ឍន៍៣ឆ្នាំ រំកិលជាដើម ហើយគម្រោងនោះ​ ត្រូវបែងចែកជា២ថែមទៀត នោះគឺគម្រោងផ្នែករឹង និងគម្រោងផ្នែកទន់ ។

លោក ស៊ុយ សេរិទ្ធ បញ្ជាក់ថា គម្រោងផ្នែករឹងគឺការអភិវឌ្ឍមូលដ្ឋាន ហើយគម្រោងផ្នែកទន់ គឺការបណ្តុះបណ្តាល ។ ប៉ុន្តែដោយជិត៣ឆ្នាំនេះ យើងជួបបញ្ហាជំងឺកូវីដ-១៩ គម្រោងមូលនិធិខណ្ឌ រាជធានី ត្រូវបានកាត់ផ្តាច់ នៅសល់តែគម្រោងអភិវឌ្ឍន៍​សង្កាត់ បន្តិចបន្តួចប៉ុណ្ណោះ ដែលយើងពិបាកអភិវឌ្ឍន៍ ឲ្យបានទាន់ចិត្តប្រជាពលរដ្ឋចង់បាន។

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ​ បានមានប្រសាសន៍ដែរថា ចំពោះភាពយឺតយ៉ាវ ក្នុងការផ្តល់សេវានៅច្រកចេញ ចូលតែមួយ ដូចជាការសុំបញ្ជាក់សំបុត្រ កំណើត អាពាហ៍ពីពាហ៍ សុំការកូនជាដើមនោះ លោកបានជម្រុញរួចហើយ នៅពេលដែលលោកមកកាន់ តំណែងជាអភិបាលខណ្ឌ ។

សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ លោក ជួប ខុន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន៕

To Top