ព័ត៌មានជាតិ

រាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទន៍ឯកភាពគ្នា ជំរុញការផ្លាស់ប្ដូរ អាហារូបករណ៍ ដល់និស្សិត

ភ្នំពេញ៖ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងច័ន្ទន៍ក្រៅពីចង់ឲ្យទំនាក់ទំនងការទូត រវាងទីក្រុងទាំងពីរ ឲ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋហើយនោះ ភាគីទាំងពីរព្រមទាំងបានឯកភាពគ្នា ជំរុញឲ្យមានការផ្លាស់ប្ដូរអាហារូបករណ៍ ដល់និស្សិតឲ្យទទួលបានការសិក្សាពីគ្នាទៅវិញទៅមក ។

ក្នុងជំនួបទ្វេភាគី ដែលធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ​ នារសៀលថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២នេះ អភិបាលរាជធានីភ្នំពេញ និងអភិបាលរដ្ឋធានីវៀងចន្ទន៍បានផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាលើកិច្ចការផ្សេងៗទៀត ដូចជាត្រួតពិនិត្យ​ លើកិច្ចសហប្រតិបត្តិការ​ រវាងរដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ការគ្រប់គ្រងទេសចរណ៍ រដ្ឋបាលទីក្រុង និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុជាដើម ។

លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ ក៏បានរំលឹកថា ៤០ឆ្នាំមុន រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយពេលរំដោះប្រទេសជាតិ ដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន ដែលយើងបានឃើញស្រាប់នៅពេលនេះ ។ ក្រោមសន្តិភាព ជាង២០ឆ្នាំ រាជធានីភ្នំពេញ មានរចនាសម្ព័ន្ធ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះបង្ហាញឲ្យឃើញ ពីតម្លៃនៃសន្តិភាព ។

លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អ ទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ ប៉ុន្តែទោះបីជាមានការរីកចម្រើនយ៉ាងណាក្តី បញ្ហាប្រឈម ក៏នៅកើតមាន តម្រូវឲ្យអាជ្ញាធរ រាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសរសការកកស្ទះចរាចរ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ​ បានដោះស្រាយជាបន្តបន្ទាប់ ដោយការកសាង ស្ពានអាកាសជាច្រើនកន្លែង ហើយក៏នៅតែដកស្រង់បទពិសោធន៍ ពីបណ្ដារាជធានី រដ្ឋធានីរបស់គេផ្សេងទៀត សំដៅធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះលោក អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទន៍ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ​​ដែលបានរៀបចំកិច្ចប្រជុំទីក្រុងអាស៊ាននេះ ទទួលបានជោគជ័យ។ បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងការទប់ស្កាត់ នូវការរីករាលជំងឺកូវីដ១៩ បានយ៉ាងល្អ រហូតទទួលបានការកោតសរសើរ ពីឆាកអន្តរជាតិ។

លោកអាត់សាផានថង ស៊ីផានជូន ក៏បានលើកឡើង ពីការអភិវឌ្ឍន៍រីកចម្រើនមួយចំនួន​ នៅក្នុងរដ្ឋធានីវៀងចន្ទន៍ដោយរដ្ឋធានីនេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាមួយការពង្រីកនៅវិស័យទេសចរណ៍ ពង្រីកការដឹកជញ្ជូនជាដើម។

ក្នុងនោះផងដែរ លោកចង់ឱ្យមានការផ្លាស់ប្តូរអាហារូបករណ៍ ដល់និស្សិតនៃទីក្រុងទាំងពីរ ឲ្យទទួលបានការសិក្សាពីគ្នាទៅវិញទៅមក និងចង់ឲ្យទំនាក់ទំនង រវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ​ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើផលប្រយោជន៍​ នៃប្រជាជាតិទាំងពីរ ។​​បន្ថែមពីនេះ លោកអភិបាលរដ្ឋធានីវៀងចន្ទ ក៏បានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីវៀងចន្ទ នៅពេលខាងមុខនេះ។

ចំពោះការស្នើឡើង​ ជុំវិញការផ្លាស់ប្ដូរអាហារូបករណ៍និស្សិត ទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឯកភាព ។ ចំណែកការអញ្ជើញបំពេញទស្សនកិច្ច នៅរដ្ឋធានីវៀងចន្ទន៍លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងរៀបចំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទន៍នៅក្នុងពេលវេលាសមស្របមួយ៕

To Top