ព័ត៌មានជាតិ

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ នៅរសៀល ៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

យោងតាម គនណីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម ដែលធ្វើឡើងនៅវិមានសន្តិភាព។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាកម្លាំងចលករ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទូលំទូលាយ រវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សារ សម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យក ឱកាសទីផ្សារអារ៉ាប់ ដ៏ទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។

ចំពោះទំនិញសំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។

ទន្ទឹមគ្នានេះ កម្ពុជាអាចពិចារណាក្នុងការនាំចូល នូវមុខទំនិញអទិភាព ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។
លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគ របស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ញៀវទេសចរពីប្រទេសនេះបានផងដែរ៕

To Top