ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ មតិនានាថា រាជរដ្ឋាភិបាលអាណត្តិថ្មីក្បាលធំជាងខ្លួន ជារឿងមិនពិត

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធទៅនឹងអ្នកនិយាយថា រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថា មានក្បាលធំជាងខ្លួននោះជារឿងមិនពិតនោះ ។

ព្រឹកថ្ងៃ២៤ សីហានេះ ក៏ជាថ្ងៃបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីជាលើកទី១ផងដែរ ក្រោមការដឹកនាំពីកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រោមវត្តមានចូលរួមពីសមាជិកគណៈរដ្ឋមន្រ្តីថ្មីទាំងអស់ ។

ការបដិសេធចំពោះរាជរដ្ឋាភិបាលមានក្បាលធំជាងខ្លួននេះ ត្រូវលោក សុខ ឥសាន អះអាងថា ព្រោះសមាជិកសមាជិករាជរដ្ឋាភិបាលគេរាប់តែនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៅតាមបណ្តាក្រសួង-ស្ថាប័ននានាជុំវិញគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ ដោយឡែកចំពោះរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មិនត្រូវបានរាប់បញ្ចូលជាសមាជិកគណៈរដ្ឋមន្រ្តីទេ ។ នេះបើតាមលោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនារសៀលថ្ងៃ២៤ សីហា ។

លោក សុខ ឥសានបន្តថា ពួកគេដែលជាក្រុមប្រឆាំងរួមទាំងអ្នកវិភាគផងដែរនោះ តែងតែយកក្រុមមន្រ្តីមិនមែនជាសមាជិករាជរដ្ឋាភិបាលមកបូកបញ្ចូល ជាសមាជិករាជរដ្ឋាភិបាល ហើយមានឱកាសមកបរិយាយមួលបង្កាច់បង្ខូចឈ្មោះរាជរដ្ឋាភិបាលថា “មានក្បាលធំ” ។

លោកបញ្ជាក់បន្ថែមថា “តាមពិតវាអត់មាន(អត់មានរដ្ឋាភិបាលក្បាលធំជាងខ្លួន)ទេ ។ សមាជិករាជរដ្ឋាភិបាលមានតែនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ហើយនឹងរដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា ។ ចំពោះរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមានចូលជាសមាជិករដ្ឋាភិបាលឯណា គឺអត់ទេ”។
ចំពោះក្រុមប្រឆាំងថា សមាជិករដ្ឋាភិបាលក្នុងអាណត្តិនេះ មានចំនួនច្រើនដូច្នេះនឹងធ្វើការបម្រើពលរដ្ឋគ្មានប្រសិទ្ធភាព ប៉ុន្តែលោក សុខ ឥសានថា ពួកគេមានមាត់ចេះតែនាំគ្នានិយាយទៅ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក៏ដូចជាអនុក្រឹត្យរាជរដ្ឋាភិបាលបានបង្ហាញបញ្ជីឈ្មោះសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ នៅតាមបណ្តាក្រសួង-ស្ថាប័ននានា គឺនាយករដ្ឋមន្រ្តី១រូប , ឧបនាយករដ្ឋមន្រ្តី១០រូប , ទេសរដ្ឋមន្រ្តី២១រូប , រដ្ឋមន្រ្តី៣០រូប , រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី២៩រូប , រដ្ឋលេខាធិការ៧១៨រូប និងអនុរដ្ឋលេខាធិការ៧៣៤រូប ។ សរុបទាំងអស់១៥៤៣រូប៕

To Top