សម្តេចធិបតី ៖ ចារសាស្ត្រាស្លឹករឹត ជាជំនាញកម្រ ដែលត្រូវបន្តថែរក្សា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សិល្បៈនៃការចារសាស្ត្រាស្លឹករឹត គឺជាជំនាញមួយដ៏កម្រដែលបានបន្សល់ទុកតាំងពីបុព្វបុរសដូនតាខ្មែរតាំងពីសម័យមុនអង្គរមកម្ល៉េះដែលត្រូវបន្តថែរក្សា ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ។

ក្នុងពិធីបើកពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ នៃកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតីណែនាំឱ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយក្រុមអ្នកជំនាញ ខាងចាក់ស្លឹករឹក ដើម្បីបើកវគ្គបណ្តុះបណ្តាលការចារឆ្លាកស្លឹករឹត ដោយសារក្រុមការងារ នៅបណ្ណសារដ្ឋានជាតិសុទ្ធតែមានជំនាញច្បាស់លាស់ ។
សម្តេចបន្តថា ការចារឆ្លាកស្លឹករឹតនេះ គឺជាជំនាញដែលបានបន្សល់ទុកពីដូនតា ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ចាក់ស្លឹករឹតនេះ មិញខ្ញុំឃើញ ខ្ញុំសរសើរគាត់ ដោយយកមេដាយជាគោលសរសេរ ឆ្លាក់ស្អាតជាងខ្ញុំជាង១ពាន់ដង ។ អីចឹងជំនាញនេះត្រូវថែទាំ ហើយបើមានសាលាស្រាប់សូមឱ្យមើលទៅ”។

សូមបញ្ជាក់ថា សាស្ត្រាស្លឹករឹត គឺជាមរតកវប្បធម៌ និងជាប្រភពឯកសារដ៏វិសេសវិសាលរបស់ខ្មែរ ដែលដូនតាបានកត់ត្រា និងរក្សាទុករាល់ចំណេះដឹង ក្បួនច្បាប់ ព្រះពុទ្ធសាសនា និងប្រវត្តិសាស្ត្រតាំងពីបុរាណកាលមក។ ស្លឹករឹតធ្វើឡើងពីស្លឹករបស់ ដើមទ្រាំង ដែលជារុក្ខជាតិព្រៃម្យ៉ាង ។ មុនដំបូងគេយកកំពូលស្លឹករឹត ដែលជិតលាស់មកកាត់ជាកង់ៗ ដើម្បីយកមកកែច្នៃ ។ បន្ទាប់មកគេយកស្លឹកទ្រាំង មកសកទ្រនុងចេញ រួចយកទៅហាលថ្ងៃ និងហាលសន្សើម ដើម្បីឱ្យស្លឹកមានភាពស្វិត និងមិនងាយពុកផុយ។ បន្តមកទៀត គេយកស្លឹកទាំងនោះមកកាត់ ច្រឹបឱ្យស្មើប្រវែងប្រហែល ៥៥ សង់ទីម៉ែត្រ រួចចោះប្រហោងពីរសម្រាប់ដោតខ្សែចងក្រង រួចហើយយកទៅឆ្អើរភ្លើងដើម្បីសម្លាប់មេរោគ និងការពារសត្វល្អិតស៊ីបំផ្លាញ ។ បន្តមកទៀតមកដល់ដំណាក់កាលការចារអក្សរ គឺគេប្រើ ដែកចារ (ឧបករណ៍មានមុខស្រួច) មកចារឆូតជាអក្សរនៅលើផ្ទៃស្លឹក ។ ក្រោយចាររួច អក្សរដែលឆូតនោះមិនទាន់មានពណ៌ទេ។ ដូច្នេះគេត្រូវយក ធ្យូងដុតពីឈើខ្វិតលាយជាមួយប្រេងមកលាបពីលើ រួចដុសខាត់សម្អាតចេញ នោះពណ៌ខ្មៅនៃធ្យូង នឹងចូលទៅដក់ក្នុងស្នាមចារ ធ្វើឱ្យលេចចេញជាតួអក្សរយ៉ាងច្បាស់ក្រឡែត៕


