ព័ត៌មានជាតិ

សហព័ន្ធសេវា អប់រំនៅកម្ពុជា ស្នើសុំចូលរួមការបណ្តុះបណ្តាល ជំនាញបច្ចេកទេស វិជ្ជាជីវៈ ជាមួយរដ្ឋាភិបាល

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធ សេវាអប់រំនៅកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួង។

ក្នុងកិច្ចពិភាក្សាប្រកប ដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានពិភាក្សាយ៉ាងផុលផុសស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលកំពុងក្លាយជាប្រធានបទ ចាប់អារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានពន្យល់ ពីការបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈ តាមរយៈសាលាបណ្តុះបណ្តាល របស់ក្រសួង បាននិងកំពុងបណ្តុះបណ្តាល ដល់យុវជន និងសិស្សានុសិស្ស ដើម្បីបំពេញ តម្រូវការរបស់ទីផ្សារការងារ ដ៏ទូលំទូលាយនៅកម្ពុជា ។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ជូនគណៈប្រតិភូ ពីសារសំខាន់ នៃការបណ្តុះបណ្តាលជំនាញ កម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋ ពេញកម្លាំងក្នុងទីផ្សារដែលមានស្រាប់ និងកម្លាំងយុវជន ដែលត្រៀមនឹងចូលបម្រើក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់។

ក្រោយស្តាប់ការបង្ហាញ ពីចក្ខុវិស័យក្រសួងរួចមក ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានប្រកាសចង់ចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជម្រើសថ្មី បន្ថែមដល់សិស្សានុសិស្ស ឬយុវជនកម្ពុជា លើការបណ្តុះបណ្តាលជំនាញ បច្ចេកទេសនេះដោយបន្ថែមលើសេវាកម្មអប់រំ របស់ខ្លួនដែលមានស្រាប់ ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ ចំពោះបំណងរបស់វិស័យឯកជន ក្នុងការចូលរួមគាំទ្រ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីផ្តល់ជម្រើសបន្ថែម ដល់សិស្សានុសិស្សទៅតាមឧបនិស្ស័យ និងជាការជួយជ្រោមជ្រែង គោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេច មហាបវរធិបតីជាប្រមុខ ដើម្បីពង្រឹងវិស័យការងារ បង្កើតឱកាសការងារ ប្រកបដោយភាពទាក់ទាញ និងផលិតភាពខ្ពស់ក្នុងគោលបំណង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ជាអាទិភាព ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់ពលរដ្ឋកម្ពុជាដែលពេញកម្លាំងក្នុងទីផ្សារ និងត្រៀមចូលទីផ្សារការងារ គឺជាសសរស្តម្ភ ដ៏សំខាន់មួយ ដើម្បីបំពេញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមាន នៅឆ្នាំ២០៥០ ។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីទាំងពីរ បានប្រកាសជួយគាំទ្រ គ្នានិងពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យមានភាពល្អប្រសើរឡើង ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរបស់សង្គមជាតិ ៕

To Top