ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីការគាំទ្រឥតងាករេ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ។
ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសលោកឯកអគ្គរដ្ឋទូត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ការបញ្ជាក់នេះក៏ស្របពេលដែលសារព័ត៌មានបរទេស រួមទាំងអ្នកនយោបាយជ្រុលនិយមមួយចំនួន បាននឹងកំពុងវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ។
សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» នឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែក ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈពហុមុខងារដ៏មានសក្តានុពល និងសម្បូរបែបនៃព្រែកជីកនេះ។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញបើកការដ្ឋានជាផ្លូវការគម្រោង ព្រែកជីកហ្វូណនតេជោ ។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏ធំមហិមា និងមានលក្ខណៈជាយុទ្ធសាស្រ្តពិសេស ដែលសាងសង់ឡើងក្នុងគោលដៅ លើកកម្ពស់សកម្មភាពដឹកជញ្ជូនទំនិញ កសិផល និងភ្ញៀវទេសចរ គ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងពង្រីកឧត្តមភាពនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាផ្ទាល់។
ក្នុងនេះ លោក វ៉ាង វិនពីន បានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្ដៅរបស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនលោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាថ្មី ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានគូសបញ្ជាក់ពីសេចក្ដីរីករាយឥតឧបមា និងការត្រៀមបន្តទំនាក់ទំនង ការងារដ៏ជិតស្និទ្ធជាថ្មីឡើងវិញ របស់លោក វ៉ាង យី ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។
លោកប្រាក់ សុខុន បានថ្លែងអំណរគុណភាគីចិន ចំពោះការផ្ដល់ការត្រួតពិនិត្យដ៏ ពិសេស ដល់ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្រ និង សម្ដេចម៉ែ និងបដិសណ្ឋារ- កិច្ចយ៉ាងកក់ក្តៅថ្វាយចំពោះអង្គព្រះមហាក្សត្រ និង សម្ដេចម៉ែ ដែលជានិម្មិតរូបបង្ហាញពីការ ជឿទុកចិត្តយ៉ាងជ្រាលជ្រៅ និងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។
លោក បានពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតចិន អំពីការរៀបចំ ដំណើរទស្សនកិច្ចផ្លូវការ នាពេលខាងមុខ របស់សម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនដោយបានគូសបញ្ជាក់ ពីតម្លៃនៃដំណើរទស្សនកិច្ចនេះ ក្នុងការពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅឆ្ពោះទៅកាន់អនាគតរួមគ្នា ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។
ភាគីទាំងពីរ បានអះអាង ពីការប្តេជ្ញាចិត្តក្នុងការ អនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ុស និងការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បី ជំរុញគម្រោងសំខាន់ៗដូចជា ច្រករបៀង និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍ កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្ន នៅយុគសម័យថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ។
លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសំខាន់ របស់ប្រទេសចិន ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ លោកឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញនូវការគាំទ្រ ឥតងាករេរបស់ចិន សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វភាគី។
លោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការសាទរចំពោះការ កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន។
ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ន ការបង្កើនជើងហោះហើរត្រង់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីស្តារឡើងវិញនូវ ចំនួនភ្ញៀវទេសចរចិនមកកំសាន្តនៅកម្ពុជាឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩។
ទន្ទឹមនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួម ភាគីទាំងពីរ បានសង្កត់ធ្ងន់លើការគាំទ្រគ្នាទៅ វិញទៅមក នៅក្នុងវេទិកាអន្តរជាតិ និងបានអះអាងជាថ្មី ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។
ភាគីទាំងពីរគូសបញ្ជាក់ថែមទៀតពីសារៈសំខាន់នៃការ សន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក៕