ព័ត៌មានជាតិ

លោកស្រី សុវណ្ណ វណ្ណារ័ត្ន នាំក្រុមហ៊ុនចំនួន៨ មកជ្រើស រើសពលករ ឱ្យចូលបម្រើការងារ ប្រមាណជាង៦០០ កន្លែងនៅស្រុកស្ទោង!

កំពង់ធំ:  លោកស្រី សុវណ្ណ វណ្ណារ័ត្ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ នៅឃុំព្រះដំរី និងឃុំសំព្រោជ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ លោកស្រីបង្ហាញនូវក្រុមហ៊ុនចំនួន 8 ដែលកំពុងត្រូវការកម្លាំងពលករសម្រាប់ ចូលបម្រើការងារជាក់ស្ដែងភ្លាមៗ ដែលពុកម៉ែបងប្អូនអាចដាក់ពាក្យ នៅក្នុងឱកាសនេះតែម្ដង ព្រមទាំងទទួលបាននូវការលើកទឹកចិត្ត នូវទឹកប្រាក់ចំនួន ៣០ដុល្លារ ក្នុងម្នាក់ សម្រាប់សោហ៊ុយក្នុងការធ្វើដំណើរទៅកន្លែងការងារថែមទៀត ។

លោកស្រីបានសង្កត់ធ្ងន់ថា នៅក្នុងកន្លែងការងារទាំងនេះ គឺបងប្អូនពលករនឹងទទួលបាននូវការស្នាក់នៅ ថ្លៃទឹកថ្លៃភ្លើង ព្រមទាំងអាហារហូបចុក ដោយឥតគិតថ្លៃ ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ថៅកែក្រុមហ៊ុនផងដែរ ហើយបានអំពាវនាវដល់កម្មករត្រូវចិត្តទុកថា កន្លែងធ្វើការគឺជាឆ្នាំងបាយ ដែលមិនចេះរីងស្ងួតរបស់ខ្លួន។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់គ្រប់ប្រធាន មណ្ឌលសុខភាពទាំងអស់ក្នុងស្រុកស្ទោង ក៏ដូចជាមន្ទីរពេទ្យបង្អែកស្ទោង ត្រូវផ្ដល់សេវានិងថែទាំព្យាបាលជំងឺ ជូនប្រជាពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសថៃដោយគិតថ្លៃទោះពួកគាត់គ្មានបណ្ណក្រីក្រ ឬបណ្ណសមធម៌ក៏ដោយ។

សូមបញ្ជាក់ថា នៅចំការ កៅស៊ូឃុំពពកស្រុកស្ទោងត្រូវការកម្លាំង កម្មករប្រមាណ ១០០នាក់ ហើយសម្រាប់ បងប្អូនដែលត្រូវការចង់ បានការងារធ្វើសូមទាក់ទង ទៅលេខពិសេស ១២៩៧ ដោយឥតគិតថ្លៃ ៕
ដោយសំនៀង

To Top