ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៧៣ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង»។
ប្រភព ដដែល បន្ដថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។
ជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
