ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី កុំមិនវែលដូមីនីក ចាត់ទុកសម្តេចតេជោ គឺជាវចនានុក្រមអត្ថាធិប្បាយ របស់ពិភពលោក

ភ្នំពេញ ៖ លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា គឺជាវចនានុក្រម នៃការអត្ថាធិប្បាយ របស់ពិភពលោក សម្រាប់ការស្វែងរកសន្តិភាព។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីកនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ថា តួនាទី របស់សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់តំណាង ឲ្យសុខសន្តិភាពរបស់កម្ពុជា និងពិភពលោក។

អ្នកនាំពាក្យបញ្ជាក់ថា “ឯកឧត្តមបានចាត់ទុកសម្តេចតេជោ គឺជាវចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក ហើយជាមេដឹកនាំមួយ ដែលបានធ្វើឲ្យកម្ពុជាមានសន្តិភាព ដែលជាផ្នែកធ្វើឲ្យពិភពលោក មានស្ថានភាពនៃសន្តិភាពផងដែរ” ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក ក៏បានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំដែលបានចូលរួមចំណែក ជួយដល់បណ្តាប្រទេសនានាក្នុងពិភពលោក នៅពេលសម្តេចបានកាន់តំណែង ជានាយករដ្ឋមន្រ្តី ។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីកបានធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨-១០ តុលា ។ ក្នុងនោះក៏បានចូលជួបសម្តែងការ គួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនោះ ភាគីទាំងពីររៀបចំពិធីផ្លាស់ប្តូរ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរផងដែរ៕

To Top