កម្ពុជា-អាម៉េរិក វាយតម្លៃខ្ពស់ លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជា-សហរដ្ឋអាម៉េរិក បានវាយតម្លៃខ្ពស់ លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការ និង បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទ្វេភាគីបន្ថែមទៀត។
បើតាមសេចក្ដីប្រកាសព័ត៌មាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូកម្ពុជា បានជួបប្រជុំជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។
កិច្ចប្រជុំនេះបានវាយតម្លៃខ្ពស់ លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្ថែមទៀត។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជា ទទួលបានអត្រាពន្ធគយ បដិការត្រឹម ១៩% ពោលគឺបានចុះពីអត្រាពន្ធគយ បដិការដំបូងដែលមាន រហូតដល់ ៤៩%។ លទ្ធផល នៃការ កាត់បន្ថយអត្រាពន្ធគយបដិការនេះ សម្រេចបានបន្ទាប់ពីការចរចា យ៉ាងស្វិតស្វាញដែលបាន ប្រព្រឹត្តទៅតាមរយៈ ប្រព័ន្ធវីដេអូចំនួន ៧លើក និងជួបផ្ទាល់ចំនួន ៣ជុំ៕
