ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ ការលើកកម្ពស់ការអប់រំ កម្រិតមូលដ្ឋាន ជាគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃ ទៀតមកសិក្សា

ក្រចេះ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការលើកកម្ពស់ការអប់រំកម្រិតមូលដ្ឋាន តាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាដំបូង ជាមូលដ្ឋានគ្រឹះ ក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា។

ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់គោលនយោបាយអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំ ដោយបានរំលេចពីកំណែទម្រង់គ្រូបង្រៀនតាមរយៈការបង្កើនបៀវត្ស ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន និងលើកស្ទួយកិត្តិយសព្រមទាំងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គមដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ។

ទន្ទឹមនឹងនេះ ក៏មានកំណែទម្រង់សាលារៀនដែលរួមមានការកែលម្អភាពជាអ្នកដឹកនាំរបស់នាយក ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការអនុវត្តតេស្តស្តង់ដាដូចជាតេស្ត PISA និង SEA-PLM ការយកចិត្តទុកដាក់លើគុណភាពគ្រូបង្រៀន និងការចូលរួមរបស់មាតាបិតា ព្រមទាំងសហគមន៍។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការលើកកម្ពស់ការអប់រំកុមារតូចក៏ត្រូវបានផ្តោតសំខាន់រួមមានការទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ការលើកកម្ពស់សុខុមាលភាពកុមារ ការរៀន តាមរយៈការលេង និងការអភិវឌ្ឍគ្រូមត្តេយ្យ ស្របពេលនឹងការលើកកម្ពស់ការ អប់រំកម្រិតមូលដ្ឋានតាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាដំបូងដែលជាមូលដ្ឋានគ្រឹះ ក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា»។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្ត កំណែទម្រង់វិស័យអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមលើកទឹកចិត្តមន្ត្រីអប់រំទាំងអស់ឱ្យបន្តស្វែងយល់ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ៕

To Top