ក្រសួងអប់រំ បន្តជំរុញការអនុវត្ត «សាលារៀនគំរូ» ដែលជាអាទិភាពចម្បង ស្រាវជ្រាវ និងរៀបចំវិធីសាស្ត្របង្រៀនថ្មីៗ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញ ការអនុវត្ត «សាលារៀនគំរូ» ដែលជាអាទិភាពចម្បង ស្រាវជ្រាវ និងរៀបចំវិធីសាស្ត្របង្រៀនថ្មីៗ ការពង្រឹងសមត្ថភាពសិស្សលើតេស្តស្តង់ដាអន្តរជាតិ (SEA-PLM និង PISA) និងការលើកកម្ពស់ការបង្រៀនផ្នែកវិទ្យាសាស្ត្រ (STEM)។

ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពរបស់បុគ្គលិកអប់រំទាំងអស់ បាននិងកំពុងជួយគាំទ្រដល់ប្រជាជន លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សភៀសខ្លួនតាមតំបន់ព្រំដែន ដោយក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកអប់រំទាំងអស់ បានដើរតួនាទីយ៉ាងសកម្មក្នុងការកៀរគរធនធានពីសប្បុរសជន ដើម្បីជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន រៀបចំជាបន្ទប់រៀន និងបណ្ណាល័យបណ្ដោះអាសន្ន នៅតាមទីតាំងសុវត្ថិភាព ក្នុងគោលដៅធានាឱ្យបាននូវនិរន្តរភាព នៃការសិក្សា និងជួយសម្រួលដល់ការវិលត្រឡប់ ទៅកាន់ទីលំនៅដ្ឋានវិញរបស់ពួកគេប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ ចំពោះបុគ្គលិកអប់រំទាំងអស់ និងបានគូសបញ្ជាក់ពីសមិទ្ធផល គួរជាទីមោទនៈរបស់ប្រព័ន្ធអប់រំ ដោយក្នុង រយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ អត្រាសិស្សចូលរៀនមានការកើនឡើង គួរឱ្យកត់សម្គាល់ ខណៈអត្រាបោះបង់ការសិក្សា មានការថយចុះនៅគ្រប់កម្រិតសិក្សា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញ ការអនុវត្ត “សាលារៀនគំរូ” ដែលជាអាទិភាព ចម្បង ស្រាវជ្រាវនិងរៀបចំវិធីសាស្ត្របង្រៀនថ្មីៗ ការពង្រឹងសមត្ថភាពសិស្សលើ តេស្តស្តង់ ដាអន្តរជាតិ (SEA-PLM និង PISA) និងការលើកកម្ពស់ការបង្រៀ នផ្នែកវិទ្យាសាស្ត្រ (STEM) ព្រមទាំងបានអំពាវនាវឱ្យគ្រឹះស្ថាន សិក្សានៅទូទាំងប្រទេស ទាំងរដ្ឋ និងឯកជន បន្តចូលរួមក្នុងការអនុវត្តកំណែ ទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរ ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពពេញលេញសម្រាប់អភិវឌ្ឍជាតិមាតុភូមិ»៕

