សម្ដេចធិបតី អញ្ជើញសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A
ក្រចេះ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាធិបតីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សមិទ្ធផលផ្លូវទាំង៣ខែ្សនោះរួមមាន៖ ផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A។

១/- ផ្លូវជាតិលេខ៧៣ មានចំណុចចាប់ពីផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដល់ស្ពានកំពង់រាំង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ៤៩,៨១២ គ.ម ដោយលើកកម្ពស់ និងពង្រីកទទឹងផ្លូវដល់១១ម៉ែត្រ មាន២គន្លងផ្លូវ ។
២/- លើកកម្រិតជួសជុល និងថែទាំកំណាត់ផ្លូវខេត្តលេខ ៣៧៧ មានប្រវែងសរុប ៣៥ គ.ម (គ.ម០+៥០០ ដល់គ.ម៣៥+៥០០) ដែលមានចំណុចចាប់ផ្តើមប្រវែង ៥០០ម៉ែត្រ ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ ខេត្តក្រចេះ)

៣/-ផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ១៣,៥៩៣ គ.ម (គ.ម0+០០០ ដល់គ.ម១៣+៥៩៣) គិតចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ នៃខេត្តក្រចេះ ដោយស្ថាបនាក្រាលកៅស៊ូប្រភេទបេទីមីណឺ (AC) កម្រាស់ ៥ សម។
ផ្លូវទាំង៣ខ្សែនេះសាងសង់ រយៈពេល២១ខែ និងសុពលភាពជួសជុលថែទាំ៥០ខែ ដោយត្រូវបានសម្ពោធ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕




















