ក្រោមម្លប់សុខសន្តិភាព កម្ពុជាមានឱកាសអភិវឌ្ឍន៍ យ៉ាងលឿនរហ័ស
ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាលំនឹងម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនរហ័ស ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវ និងស្ពាន ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនជាមួយប្រទេសថៃ យ៉ាងសកម្មមមាញឹក រាជរដ្ឋាភិបាលក៏នៅតែបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រទេស ស្របតាមផែនការដែលបានដាក់ចេញដោយមិនបង្អែរបង្អង់ឡើយ ហើយសមិទ្ធផលដែលជាផលប្រយោជន៍ប្រជាពលរដ្ឋក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ឥតដាច់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនរហ័ស ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវ និងស្ពាន” ។
លោកថា កម្ពុជាបានប្រែមុខមាត់ពីប្រទេសមួយដែលខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងខ្សត់ខ្សោយបំផុតខាងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក មកជាប្រទេសដែលមានប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នាពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត និងពីខេត្តមួយទៅខេត្តមួយទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានលឿនរហ័ស ប្រកបដោយសន្តិសុខយ៉ាងពេញលេញតាមរយៈផ្លូវកៅស៊ូ ផ្លូវបេតុង ស្ពានឆ្លងទន្លេព្រោងព្រាតរហូតដល់ផ្លូវហាយវ៉េនិងផ្លូវល្បឿនលឿនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
លោកបន្ថែមថា សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងបានផ្តល់ផលប្រយោជន៍ធំធេងដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ តាមរយៈការកាត់បន្ថយរយៈពេលធ្វើដំណើរ កាត់បន្ថយការចំណាយទៅលើថ្លៃប្រេងឥន្ធនៈ កាត់បន្ថយថ្លៃដឹកជញ្ជូន និងការផ្តល់ផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ ទាំងយប់ទាំងថ្ងៃដោយគ្មានការព្រួយបារម្ភ ៕
