ភ្នំពេញ៖ ចាប់ពីពេលតទៅប្រវត្តិសាស្ត្រពិត ត្រូវបានលាតត្រដាងហើយគឺ «វៀតណាមត្រូវដឹងគុណខ្មែរ» ដែលកន្លងមកខ្មែរធ្លាប់តែឮពាក្យ «ខ្មែរដឹងគុណវៀតណាម» ។នេះគឺជាលើកឡើងរបស់លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន។
លោក សយ សុភាព បន្តថា បើដូច្នេះចាប់ពីប្រជាជន រហូតដល់ថ្នាក់ដឹកនាំវៀតណាម ពេលមកស្រុកខ្មែរ ត្រូវប្រីពាក្យដោយគោរព ចំពោះប្រជាជនរហូតដល់ថ្នាក់ដឹកនាំខ្មែរ ថា« ដឹងគុណកម្ពុជា ជារៀងរហូត ដែលជួយផ្តល់ទឹកដី និង គាំទ្រចលនារណសិរ្យរំដោះវៀតណាមខាងត្បូង ហៅកាត់ថាយៀកកុង»។
នៅលើគេហទំព័រហ្វេសបប៊ុក លោក សយ សុភាព បានលើកឡើងថា “ខ្ញុំធ្លាប់បាននិយាយជាចំហរ យូរឆ្នាំហើយ ពីរឿងវៀតណាម ត្រូវដឹងគុណខ្មែរនេះ ខណៈខ្មែរដែលរួចជីវិតពីរបបប្រល័យពូជសាសន៏ ប៉ុល ពត ដឹងគុណវៀតណាម ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោត ជូនដើម្បីដឹកនាំប្រទេសជាង៤០ឆ្នាំកន្លងមក និងនៅតែបន្តគាំទ្រ ឥតងាករេ សម្រាប់អនាគតថែមទៀត។
លោកបន្តថា ជាការពិតលោកប្រធានាធិបតី និងជាអគ្គលេខាបក្សវៀតណាម លោក ង្វៀន ភូជុង ធ្លាប់បានមកអរគុណខ្មែរម្តងរួចមកហើយ កាលពីឆ្នាំ២០១៨ តែប្រជាជនខ្មែរមិនទាន់ជ្រួតជ្រាប ឱ្យទូលំទូលាយ។ ឥឡូវបានជ្រួតជ្រាប ហើយតាមរយៈការថ្លែងជាសាធារណៈ របស់លោកនាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាស នៃការចូលរួមរំលឹកខួបឆ្នាំទី៤៥ នែកាចងចាំដំណើរចេញ តស៊ូរបស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន វាយ រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី ២០ ខែមិថុនា ២០២២ នៅ តំបន់X16 ខេត្តត្បូងឃ្មុំ។
ប្រវត្តិរឿង៖
លោក សយ សុភាព ៖ យួនត្រូវដឹងគុណខ្មែរ (Video)
បានចុះផ្សាយតាំងពី April 21, 2021
ភ្នំពេញ៖ លោក សយ សុភាព បានលើកឡើងថា ៣០ មេសា ២០២១ ខួប ឆ្នាំទី៤៦ នឹងមកដល់ឆាប់ៗ ។ ក្នុងន័យនេះ លោកចង់លើកសំដៅ ដល់ប្រវត្តិសាស្រ្ត របស់ខ្មែរនិងយួន ។
លោកបានលើកពីប្រវត្តិសាស្រ្តថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វេលាម៉៧គត់ កងទ័ពយៀកកុង (រណសិរ្សជាតិរំដោះវៀតណាម ខាងត្បូង) បានបើកបុកក្លោងទ្វារវិមានប្រធានាធិបតីវៀតណាមខាងត្បូង លោក ង្វៀង យ៉ាំងធីវ (អតីតព្រះរាជតំណាក់ របស់ព្រះបាទ នរោត្តម ) ជាការបង្ហាញថា ចប់ហើយរដ្ឋាភិបាលយួនខាងត្បូង គាំទ្រដោយ សហរដ្ឋអាមេរិក ក៏ដូចជាប្រាប់ថា ផ្លូវលំហូជីមិញ មកដល់ទីបញ្ចប់ហើយ ចំងាយ១៦០០គីឡូម៉ែត្រ ពីព្រំដែនយួន កាត់តាមឡាវ និង ខ្មែរ និង មានន័យថាយួនខាងជើង របស់លោកហូជីមិញឈ្នះហើយ!។
នៅក្នុងសង្រ្គាមឥណ្ឌូចិនលើកទី២ ឬសង្រ្គាមវៀតណាម-អាមេរិក អ្នកឈ្នះពិតប្រាកដ គឺ«យួន»រីឯអ្នករងគ្រោះពិតប្រកដគឺ«ខ្មែរ»។
យោងលើចលនា មិនចូលបក្សសម្ព័ន្ធ ឆ្នាំ១៩៥៥ នៅឥណ្ឌូនេស៊ី ខ្មែរក៏ជាសមាជិកផងនោះ បានគាំទ្រឲ្យរណសិរ្សយៀកកុង ដែលបានបង្កើតនៅឆ្នាំ១៩៦០ នៅហាណូយ ខ្មែរអនុញ្ញាតឲ្យយៀកកុង លាក់ខ្លួននៅស្រុកខ្មែរ និង អនុញ្ញតឲ្យទ័ពយៀកកុង ឆ្លងកាត់ ទៅវាយរំដោះយួនខាងត្បូង ខ្មែរហៅថា «កម្ពុជាក្រោមឬខ្មែរក្រោម» រហូតឈ្នះ ៣០ មេសា ១៩៧៥ ។
យោងលើព្រឹត្តិការណ៍នេះ ប្រវត្តិសាស្ត្របានបង្ហាញ ជាក់ច្បាស់ណាស់ថា «ខ្មែរ និង មេដឹកនាំខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និង អ្នកស្នេហាជាតិខ្មែរ ដែលបានចូលព្រៃម៉ាគី ដង្ហែព្រះអង្គ គឺជា អ្នកមានគុណលើយួន ពិតប្រាកដ ហើយយួនត្រូវតែគោរពដឹងគុណ និងដឹងគុណចំពោះប្រទេសខ្មែរ ប្រជាជនខ្មែរ» ។
បើគ្មានមេដឹកនាំខ្មែរ ប្រជាជនខ្មែរ និង ទឹកដីខ្មែរឲ្យជ្រកឆ្លងកាត់ និងស្នាក់នៅទេ យួនមិនអាចរួបរួម ខាងជើង-ត្បូងបានទេ ។ ដូច្នេះក្នុងកាលៈទេសៈណា ក៏ដោយយួន ត្រូវគោរពដឹងគុណខ្មែរ ឬ យ៉ាងហោចណាស់ មិនត្រូវដល់ត្រើយ (ពាក្យខ្មែរបុរាណ ហៅថាសោយគូទ) ឲ្យគ្រាប់ស្លែងខ្មែរទេ។
លោកបានស្នើថា “សូមថ្នាក់ដឹកនាំជាតិ ជាទីគោរព កុំខឹងចាប់កំហុសខ្ញុំអី បើយល់ថា ខ្ញុំនិយាយនេះ មិនត្រូវកាលៈទេសៈ ប៉ុន្តែតប្រវត្តិសាស្ត្រពិត” ៕